កំណាត់ផ្លូវជាតិលេខ ៣ ពីចោមចៅដល់ក្រុងកំពតសម្រេចការសាងសង់បាន ៩៨ ភាគរយ។ នេះបើតាមការបញ្ជាក់របស់ លោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ
លោកបន្ថែមថា កំណាត់ផ្លូវជាតិ ៣ ប្រវែង ១៣៥ គីឡូម៉ែត្រ ត្រូវបានស្ថាបនាឡើងដោយគិតគូរខ្ពស់លើគុណភាព សោភ័ណភាព និងសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់ដងផ្លូវ។ ផ្លូវនេះត្រូវបានសាងសង់ ដោយមានសួនពុះកណ្ដាលទ្រូងផ្លូវពីចោមចៅទៅដល់បែកគូស បែងចែកចរាចរណ៍ទាំងពីរទិស សម្រួលការធ្វើដំណើរ កាត់បន្ថយការគ្រោះថ្នាក់។ នៅលើផ្លូវនេះមានបំពាក់ជញ្ជីងថ្លឹងរថយន្តទាំងក្រោមដី (High Speed) និងតាមស្ថានីយ (Low Speed) ដើម្បីការពារការដឹកលើសទម្ងន់ រួមទាំងកាមេរ៉ាចាប់ល្បឿនសម្រាប់ត្រួតពិនិត្យការបើកបរលើសល្បឿនកំណត់។
លោកហ៊ាង សុទ្ធាយុត្តិ បន្តថា ការស្ថាបនាផ្លូវនេះយកចិត្តទុកដាក់លើបច្ចេកទេសគុណភាព ព្រោះជាផ្លូវដ៏សំខាន់សម្រាប់បម្រើវិស័យទេសចរណ៍ទៅខេត្តកំពត ខណៈលើកំណាត់ផ្លូវនេះក៏មានរោងចក្រសហគ្រាសយ៉ាងច្រើន ត្រូវបានពង្រីកធំទូលាយ ជួយបង្កើនប្រសិទ្ធភាពក្នុងការដឹកជញ្ជូនផលិតផលទៅកាន់ទីផ្សារបានឆាប់រហ័ស ជាពិសេសភ្ជាប់ទៅកាន់កំពង់ផែទឹកជ្រៅខេត្តព្រះសីហនុ។
គួរបញ្ជាក់ថា ផ្លូវជាតិលេខ៣ មានប្រវែងសរុប ១៣៥ គីឡូម៉ែត្រ ចាប់ពីភ្នំពេញ(ចោមចៅ) ដល់ក្រុងកំពត ដោយឆ្លងកាត់រាជធានីភ្នំពេញប្រវែង ១២គីឡូម៉ែត្រ ខេត្តកណ្តាល ប្រវែង ១១គីឡូម៉ែត្រ ខេត្តកំពង់ស្ពឺ ប្រវែង ៣០គីឡូម៉ែត្រ ខេត្តតាកែវ ប្រវែង ៣០គីឡូម៉ែត្រ និងខេត្តកំពត ប្រវែង ៥១គីឡូម៉ែត្រ។ ការស្ថាបនាផ្លូវនេះមានពីរកំណាត់ ដោយក្នុងនោះ ប្រវែង៦៩គីឡូម៉ែត្រ ចាប់ពីចោមចៅ ដល់បែកគុស ត្រូវសាងសង់ជា ៤ គន្លង និងចាប់ពីបែកគូសដល់ទីរួមខេត្តកំពត ប្រវែង ៦៥ គីឡូម៉ែត្រ ត្រូវសាងសង់ជា ២គន្លង ដោយក្រាលបេតុងកៅស៊ូ (AC)។ ការស្ថាបនាផ្លូវនេះប្រើកញ្ចប់ថវិកាប្រមាណជាង ២១៩ លានដុល្លារអាមេរិក ដែលបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី ៧ ខែឧសភា ឆ្នាំ ២០១៨ និងបានបញ្ចប់មុនគម្រោងប្រមាណ ១ ឆ្នាំ អាចរួចរាល់ទាំងស្រុងនាឆ្នាំ២០២១ នេះ៕