ម្រេចក្រហមកំពតកំពុងឡើងតម្លៃខ្លួនខ្លាំងលើទីផ្សារអន្តរជាតិ

សង្គម​ និង​សេដ្ឋកិច្ច

លោក ងួន ឡាយ ប្រធានសមាគមបានបញ្ជាក់ទៀតថា សមាគមមានម្រេចចំនួនបីប្រភេទសម្រាប់លក់នាំចេញទៅក្រៅប្រទេស ទី១ម្រេចក្រហមមានតម្លៃប្រមាណ ២៥ដុល្លារក្នុងមួយគីឡូក្រាម ទី២ម្រេចស មានតម្លៃ២៨ដុល្លារ និងទី៣ម្រេចខ្មៅមានតម្លៃ១៥ដុល្លារក្នុងមួយគីឡូក្រាម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ងួន ឡាយ ប្រធានសមាគមលើកស្ទួយម្រេចកំពត បានប្រាប់កម្ពុជាថ្មីថា បច្ចុប្បន្ននេះ ក្រុមហ៊ុនភាគច្រើនបាននិងកំពុងបញ្ជាទិញម្រេចក្រហមពីកសិករ ដើម្បីនាំចេញទៅទីផ្សារអឺរ៉ុប និងប្រទេសផ្សេងទៀត ដែលធ្វើឱ្យកសិករនាំគ្នាប្រមូលផលម្រេចក្រហមនេះ។ ឥឡូវនេះកសិករកំពុងប្រមូលផលម្រេចខ្លះបាន១០ភាគរយនិងខ្លះទៀតមាន២០ភាគរយមានការយឺតយ៉ាវជាងរាល់ដងដោយសារបញ្ហាអាកាសធាតុ ខណៈឆ្នាំមុនៗបានប្រមូលផលស្ទើររួចរាល់១០០ភាគរយ។

លោក បានបន្ថែមទៀតថា« ម្យ៉ាងទៀតដោយសារនៅឆ្នាំនេះតម្រូវការទីផ្សារម្រេចក្រហមច្រើនអីចឹងយើងប្រឡេះតែម្រេចក្រហមសិន។ ភាគច្រើនយើងកំពុងធ្វើម្រេចក្រហមវាចាប់ផ្តើមទុំតិចៗបណ្តើរៗយើងអត់ទាន់ប្រញាប់ធ្វើម្រេចខ្មៅទេ។ អីចឹងទើបបានជាយើងប្រមូលផលបានតិច»។

លោកប្រធានសមាគមបានបញ្ជាក់ថា បច្ចុប្បន្ននេះមានក្រុមហ៊ុនមួយចំនួនបាននឹងកំពុងប្រមូលទិញម្រេចពីករិសករខ្នាតតូចនិងមធ្យមរួមមានក្រុមហ៊ុនអ៊ីយូលែន ក្រុមហ៊ុនហ្វាមលីង ក្រុមហ៊ុនផារ៉ាដាយ និងក្រុមហ៊ុនឡាផ្លែន ថេសិន សម្រាប់នាំចេញទៅលក់នៅក្រៅប្រទេស។

លោក ប្រធានសមាគមម្រេចកំពតបានអះអាងថា នៅដើមឆ្នាំ២០២១នេះ ម្រេចកំពត មានទីផ្សារល្អ ខណៈបច្ចុប្បន្នមានក្រុមហ៊ុនធំៗ កំពុងចាប់ដៃគូជាមួយកសិករផ្ទាល់ នៅតាមសមាគមផលិត និងបានចុះកុងត្រាប្រមូលទិញពីកសិករខ្នាតតូច និងខ្នាតមធ្យមប្រមាណ២៨០គ្រួសារ សម្រាប់នាំចេញទៅក្រៅប្រទេស។

បើតាម លោក ងួនឡាយ នៅឆ្នាំនេះ សមាគមរំពឹងថានឹងអាចធ្វើការពង្រីកការនាំចេញម្រេចទាំងបីប្រភេទឱ្យបានលើសពី៧០តោន  ដោយសារមានទីផ្សារទូលាយ  និងមានការបញ្ជាទិញច្រើនជាងមុនខណៈកាលពីឆ្នាំ២០២០នាំចេញបានតែប្រមាណ ៧០តោន ប៉ុណ្ណោះ។

គួរបញ្ជាក់ថា បច្ចុប្បន្ននេះសមាគមមានសមាជិកជាកសិករដាំម្រេចចំនួន៤០៤គ្រួសារទាំងកសិករខ្នាតតូច កសិករខ្នាតមធ្យម និងកសិករខ្នាតធំ៕

ប្រភព៖ កម្ពុជាថ្មី