វិបត្តិកូវីដ១៩បាន​ទាញ​ទម្លាក់​ទុនវិនិយោគ​វិស័យ​សំណង់​នៅ​កម្ពុជា​ឱ្យដាំ​ក្បាល​ចុះ​យ៉ាងគំហុក

សង្គម​ និង​សេដ្ឋកិច្ច

វិបត្តិ​​ជំងឺ​កូវីដ​ ១៩ បាន​ទាញ​ទម្លាក់​ទុនវិនិយោគ​វិស័យ​សំណង់​នៅ​កម្ពុជា​ដែល​ធ្លាប់មាន​សញ្ញា​វិជ្ជមាន​នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ជាប់ៗ​គ្នា​ឱ្យដាំ​ក្បាល​ចុះ​យ៉ាងគំហុក​កាលពី​ឆ្នាំ​ ២០២០ ដោយ​តម្លៃ​ទុន​វិនិយោគ​សរុប​មាន​ជាង ៧,៨ ​ពាន់​លាន​ដុល្លារ​ ថយចុះ​ជាង ៣០​ ភាគរយ​ធៀប​នឹង​ឆ្នាំ​ ២០១៩​។ នេះ​បើ​យោងតាមបាយការណ៍ FSR 2020 របស់​ធនាគារជាតិ​នៃ​កម្ពុជា​ចេញផ្សាយ​កាលពី​ថ្ងៃទី​ ៣១ ខែ​ឧសភា​។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បាយការណ៍ FSR 2020 បានឱ្យដឹងថា បន្ទាប់ពី​ទទួលបាន​កំណើន​ខ្ពស់​ជា​បន្តបន្ទាប់​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ វិស័យ​សំណង់ និង​អចលនទ្រព្យ​កម្ពុជា​ក្នុង​ឆ្នាំ​ ២០២០ បាន​ជួប​នូវ​ឱនភាព​យ៉ាងខ្លាំង ដោយ​ទុន​វិនិយោគ​ក្នុង​វិស័យ​សំណង់​ដែល​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ អនុម័ត​មាន​តម្លៃ​សរុប ៧,៨ ​ពាន់​លាន​ដុល្លារ ធ្លាក់ចុះ ៣២,១ ​ភាគរយ​ ធៀប​នឹង​ឆ្នាំ ២០១៩ ដែលមាន​តម្លៃ ១១,៤ ​ពាន់​លាន​ដុល្លារ​។ 

ចំណែក​ក្រឡា​ផ្ទៃ​សំណង់​បាន​ធ្លាក់ចុះ ២៦,៩ ​ភាគរយ​ ស្មើនឹង​ប្រហែល ១៧​ លាន​ម៉ែត្រការ៉េ​។ ក្នុងនោះ​ផ្ទៃក្រឡា​គម្រោង​អភិវឌ្ឍន៍​លំនៅឋាន​មាន ៤៦,១ ​ភាគរយ អគារ​ពាណិជ្ជកម្ម ៣១,៨ ​ភាគរយ និង​ឧស្សាហកម្ម ១៤,៦ ​ភាគរយ​។ ម្យ៉ាងវិញទៀត​លំហូរ FDI ទៅលើ​វិស័យ​សំណង់ និង​អចលនទ្រព្យ​បាន​ធ្លាក់ចុះ ១០,៦ ​ភាគរយ (​ស្មើនឹង ១៧ ​ភាគរយ​នៃ FDI សរុប​)​។

ដោយឡែក​សម្រាប់​នៅឆ្នាំ២០១៩ វិស័យសំណង់នាភ្នំពេញទទួលបានគម្រោងសាងសង់ចំនួន ១០៣០គម្រោង ដែលមានទំហំទុនវិនិយោគសរុបរហូតប្រមាណ ៣,៤ពាន់លានដុល្លារអាមេរិក ខណៈចំនួន​គម្រោង​ដែល​ត្រូវ​ក្រសួង​បានអនុម័ត​ក្នុង​ឆ្នាំ​ ២០២០ មាន​ចំនួន ៤ ៨៤១ ​គម្រោង កើនឡើង ១ ​ភាគរយ​៕

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ