មេរោគខ្ជិលកំពុង​យាយី​ផ្នត់គំនិតយុវវ័យ​មួយចំនួន​មិនហ៊ាន​សម្រេច​ចិត្ត​ចេញ​រកស៊ី

សង្គម​ និង​សេដ្ឋកិច្ច

«ភាព​ខ្ជិល​របស់​យុវវ័យ កំពុងតែ​យាយី​ផ្នត់​គំនិត​របស់​យុវវ័យ​បច្ចុប្បន្ន» នេះជា​ការ​លើក​ឡើង​របស់​ លោក ហ៊ួត ជា ប្រធាន​ក្រុមហ៊ុន​ហ៊ួតជា ផ្គត់ផ្គង់​គ្រឿង​សំណង់​នៅ​កម្ពុជា ដែល​បាន​ចែក​រំលែក​បទ​ពិសោធន៍​នៅកម្មវិធី​ “កៅអីក្ដៅ” របស់​ Sabay កាល​ពី​ព្រឹក​ថ្ងៃ​ទី ១១ ខែកញ្ញា ឆ្នាំ ២០១៩។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
រូបភាពយកពី​ផេករបស់ លោក ហ៊ួត ជា

ភាពខ្ជិលនេះ​ហើយទើប យុវវ័យ​មួយ​ចំនួន​មានហេតុផលផ្សេងៗដូចជា «ការ​រក​លេស​មិន​ចង់​រកស៊ី​ដូចជា​អត់​មាន​ដើម ម្ដាយ​មិន​ឲ្យ​រកស៊ី​ មិនទាន់​មាន​ជំនាញ​ ធ្វើ​ការ​ឲ្យ​ច្រើន​ឆ្នាំ ខ្លាច​ខាត ខ្លាច​ដេក​មិន​លក់» 

លោកបានបន្ថែម​ទៀត​ថា «ភាព​ខ្ជិល​គឺជា​ឧបសគ្គ​មួយ​របស់​យុវវ័យ នៅក្នុង​ការ​សម្រេច​បំណង​ប្រាថ្នា​ធំ»។

លោក​ឲ្យ​ដឹង​ដែរ​ថា កត្តា​ដែល​នាំ​ឲ្យ​យុវវ័យ​ខ្ជិល ឬ​មិន​ហ៊ាន​សម្រេច​ចិត្ត​នៅ​ក្នុង​ការ​រកស៊ី​នេះ អាច​ផ្ដើម​ចេញ​ពី​កត្តា​តាម​គ្នា​ ហើយ​គិត​ថា ខ្លួន​មិន​អាច​ធ្វើ​អ្វី​លើស​ពី​ការងារ​តំណពូជ ដូចជា​បើ​ម្ដាយ​លក់​គុយ​ទាវ យើង​ត្រឹមតែ​ជា​អ្នក​លុយ​គុយទាវ​ជាដើម។

«ខ្ញុំ​អត់​បន្ទោស​១០០% ទេ អាច​ថា​គាត់​គិត​ចឹង​ត្រូវ​ដែរ ប៉ុន្តែ​យើង​ត្រូវ​ចេះ​បង្កើត​គំនិត​ឲ្យ​លើស​ហ្នឹង ដូចជា​ឪពុក​អ្នក​សង់​ផ្ទះ យើង​ក៏​ក្លាយ​ជា​អ្នក​សង់​ផ្ទះ បូក​រួម​មុខរបរ​លក់​គ្រឿង​សំណង់​អីចឹង​ទៅ»។

ជាអនុសាសន៍​របស់​ លោកហ៊ួត ជា បាន​និយាយ​នៅ​ក្នុងកម្មវិធី​ “កៅអីក្ដៅ” បាន​ផ្ដាំ​ផ្ញើ​ដល់ យុវវ័យ​ឲ្យ​ជម្រះ​ការ​ខ្ជិល​មួយ​ចំនួន ហើយ​ហ៊ាន​សម្រេច​ចិត្ត​ និង​ផ្លាស់​ប្ដូរ​ការ​គិត ដើម្បី​សម្រេច​បាន​នូវ​លទ្ធផល​ល្អ។ «ខ្ញុំ​ចង់​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​ការ​គិត​របស់​យុវវ័យ ទាំង​ចិត្ត និង​ឆន្ទៈ។ កំណត់​គោល​ដៅ រត់​ឲ្យ​ចំ​គោល​ដៅ ធ្វើ​ឲ្យ​ចំ​គោល​ដៅ ហើយ​ហ៊ាន​គិត​អ្វី​ដែល​ធំៗ កុំ​គិត​អ្វី​ដែល​តូច​ៗ​ពេក ទើប​សម្រេច​បាន​លទ្ធផល​ធំ»៕