ឧកញ៉ា គួច ម៉េងលី៖ សម្ពាធ​ហិរញ្ញវត្ថុ​ដែល​បណ្តាលពី​វិបត្តិសេដ្ឋកិច្ច​បង្ក​ដោយ​ជំងឺ​កូ​វី​ដ​ ​​ជា​កត្តា​យាយី​ដល់​ផ្លូវចិត្ត​របស់​បុគ្គលិក

ជុំវិញ​ឧកញ៉ា

ជំងឺរាតត្បាតសកលកូវីដ-១៩ បានវ៉ៃលុកពាសពេញពិភពលោក ដែលជាហេតុបណ្តាលឲ្យរងនៅផលប៉ះពាល់យ៉ាងខ្លាំងដល់ដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ច មិនតែប៉ុណ្ណោះ ក្រុមហ៊ុន សហគ្រាស ស្ទើរទាំងអស់ជួបវិបត្តិហិរញ្ញវត្ថុ ដូច្នេះចង់ឬមិនចង់ ម្ចាស់ក្រុមហ៊ុនអាចនឹងមានការកាត់បន្ថយបុគ្គលិក ខណៈក្រុមហ៊ុនមួយចំនួនទៀតក៏បានបញ្ឈប់បុគ្គលិកតែម្តង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

លោក​ឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​ប្រធានអគ្គនាយក​នៃ​ក្រុមហ៊ុន​ ​ម៉េង​លី​ ជេ. គួ​ច​ អេឌ្យូខេ​សិន​ ថ្លែង​នៅ​ក្នុង​វេទិកា​ចែករំលែក​ចំណេះ​ដឹង​ដែល​រៀបចំ​ឡើង​ដោយ​ក្រុមហ៊ុន​អន្តរជាតិ​ក្នុងស្រុក​មួយ បានបង្ហាញការយល់ឃើញថា ចំពោះ​អ្នក​ដែល​មាន​ទ្រព្យសម្បត្តិ​ស្តុកស្តម្ភ​រួច​ទៅ​ហើយ​ ​ជំងឺរាតត្បាត​មិនសូវ​ជា​បង្ក​ផល​ប៉ះពាល់​ខ្លាំង​នោះ​ទេ​ ​ក៏ប៉ុន្តែ​សម្រាប់​អ្នកធ្វើការ​ធម្មតា​ ​ដែល​រំពឹង​ប្រាក់ខែ​មួយ​ខែ​ៗ​ ​គឺ​ត្រូវ​ប្រឈម​ជា​ខ្លាំង​ជាមួយនឹង​បញ្ហា​ជំងឺ​ផ្លូវចិត្ត​នេះ​ ​។​​

លោកបន្ត​ថា​​ ​​នៅ​ពេល​មាន​ជំងឺរាតត្បាត​ ​បិទ​ខ្ទប់​ទីក្រុង​ ​ត្រូវ​ឱ្យ​បុគ្គលិក​បង្ខំចិត្ត​ធ្វើការ​នៅផ្ទះ​ ​ហើយ​ការ​ធ្វើការ​នៅផ្ទះ​នេះ​ ​មិនមែន​ជា​រឿង​ងាយស្រួល​។ណាមួយ​រឿង​អ៊ី​ន​ធើ​ណែ​ត​ដើ​រយឺត​ ​ណា​ត្រូវ​មើលកូន​ ​ដោយសារតែ​សាលារៀន​ត្រូវបាន​បិទ ដែលបង្កើត​ឱ្យ​មាន​ជា​ការ​ធុញថប់​​។​ ម្យ៉ាង សម្ពាធ​ហិរញ្ញវត្ថុ​ដែល​បណ្តាលមកពី​វិបត្តិសេដ្ឋកិច្ច​បង្ក​ដោយ​ជំងឺ​កូ​វី​ដ​-​១​៩​ ​ក៏​ជា​កត្តា​យាយី​ដល់​ផ្លូវចិត្ត​របស់​បុគ្គលិក​ផង​ដែរ​ ​។​

បើតាមលោកឧកញ៉ា​ ​ដោយសារ​ជំងឺរាតត្បាត​ ​មនុស្សជា​ច្រើន​មាន​ចំណូល​ធ្លាក់ចុះ​ ​ហើយ​ណាមួយ​ត្រូវ​បង់​ធនាគារ​ ​។​ ​ដូច្នេះ​បញ្ហា​ទាំងអស់​នេះ​ហើយដែល​រួមគ្នា​បង្ក​ឱ្យ​ពួកគាត់​មាន​បញ្ហា​ផ្លូវ​អារម្មណ៍​ ​អាច​ក្លាយ​ជា​ស្ត្រេ​ស​ ​ឬ​បាក់ទឹកចិត្ត​។​

​ជាមួយនឹងបញ្ហាទាំងនេះ សម្រាប់លោកឧកញ៉ា​បានឲ្យយោបល់ថា ​និយោជក​គួរតែ​ខិតខំ​ប្រឹងប្រែង​គាំទ្រ​បុគ្គលិក​ឱ្យ​បាន​យូរ​តាមតែ​អាច​ធ្វើ​ទៅ​បាន​ ​យ៉ាងហោចណាស់​រហូតដល់​ពេល​មួយ​ដែល​ពួកគាត់​ធ្វើ​ទៅ​លែង​រួច​ ​។​

​លោក​បន្ថែម​ថា​​ ​​ក្នុងនាម​ជា​និយោជក​ ​យើង​ត្រូវតែ​មានការ​អត់ធ្មត់​ ​ការយោគយល់​ ​ហើយ​ត្រូវ​ដោះស្រាយបញ្ហា​តាម​ការ​ប្រឹក្សា​ ​និង​ពិភាក្សាគ្នា​ ​ហើយ​ត្រូវតែ​មាន​គណៈកម្មាធិការ​សម្រាប់​ធ្វើការ​សម្រេច​ចិត្ត​ ​។​ ​ព័ត៌មាន​ត្រូវតែ​បាន​ចែកចាយ​ទៅដល់​មនុស្ស​ដែល​ពាក់ព័ន្ធ​ ​ហើយ​យើង​ត្រូវតែ​ចាំ​ជួយ​បុគ្គលិក​របស់យើង​នៅពេលដែល​ពួកគាត់​មាន​បញ្ហា​តាមរយៈ​មូលនិធិ​របស់យើង​៕​