ក្រសួងពាណិជ្ជកម្ម បានដាក់ឲ្យដំណើរការ ផ្សារពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក CambodiaTrade ក្នុងគោលបំណង ដើម្បីជួយដល់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងពាណិជ្ជកម្ម។
CambodiaTrade គឺជាផ្សារពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក (e-commerce marketplace) ដែលប្រតិបត្តិការ តាមរយៈគេហទំព័រ CambodiaTrade.com ក្រោមការគ្រប់គ្រង របស់ក្រសួងពាណិជ្ជកម្ម។
បើយោងតាមសេចក្តីប្រកាសព័ត៌មាន ការដាក់ឲ្យដំណើរការ ផ្សារពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនេះឡើង ក្នុងគោលបំណង ជួយដល់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ក្នុងការលក់ផលិតផលតាមប្រព័ន្ធអនឡាញ ដល់អតិថិជនសក្តានុពល ទំាងក្នុងស្រុក និងទីផ្សារក្រៅស្រុក។
ផ្សារនេះត្រូវបានបង្កើតឡើង ដោយមានការគាំទ្រផ្នែកហិរញ្ញវត្ថុ ពីកម្មវិធីពង្រឹងក្របខណ្ឌសមាហរណកម្ម (Enhanced Integrated Framework) ក្រោមគម្រោង អភិវឌ្ឍពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិកកម្ពុជា (Go4eCAM)។
គូសបញ្ជាក់ថា បច្ចុប្បន្ននេះ ផ្សារត្រូវបានបើកសម្រាប់ ការចុះឈ្មោះជាមុន ទៅដល់សហគ្រាសធុនតូច និងមធ្យម ដែលមានបំណងចង់លក់ផលិតផលនៅលើទីផ្សារ។ ដើម្បីមានសិទ្ធិប្រើប្រាស់ផ្សារនេះបាន សហគ្រាសធុនតូច និងមធ្យម ត្រូវតែបំពេញតាមលក្ខន្តិកៈដូចខាងក្រោម៖
១៖ ជាក្រុមហ៊ុន ឬសហគ្រាស ដែលបានចុះឈ្មោះជាផ្លូវការ ជាមួយក្រសួងពាណិជ្ជកម្ម ឬមានលិខិតអនុញ្ញាតប្រកបអាជីវកម្ម
២៖ មានវិញ្ញាបនបត្រពន្ធប៉ាតង់ (Patent Certificate) និងលេខអត្តសញ្ញាណសារពើពន្ធ (VAT Certificate) ដែលមានសុពលភាព
៣៖ លក់ផលិតផលដែលផលិត នៅក្នុងប្រទេសកម្ពុជា៕