អ្នកឧកញ៉ាបណ្ឌិត យូ សាម៉េត អគ្គនាយកក្រុមហ៊ុន ECON Group នៅថ្ងៃទី១០ ខែមិថុនា ម្សិលមិញ បានអញ្ជើញចុះទៅទស្សនកិច្ចគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី ដែលកំពុងស្ថាបនាយ៉ាងសស្រាក់សស្រាមតាមផែនការកំណត់ ហើយការសាងសង់បាន ៤០% នេះបើតាមការបញ្ជាក់របស់លោកឧកញ៉ា អ៊ុំ ចន្ថា។
បើទោះបីស្ថិតក្នុងស្ថានភាពនៃវិបត្តិជំងឺកូវីដ១៩យ៉ាងណាក្តី ក៏គម្រោងនេះត្រូវបានស្វាគមន៍ដោយភាគីពាក់ព័ន្ធជាច្រើនដែលយល់ឃើញថាវាជាការជំរុញពាណិជ្ជកម្ម និងទេសចរណ៍ មិនត្រឹមតែនៅក្នុងខេត្តសៀមរាប ប៉ុន្តែក៏ដូចជានៅក្នុងប្រទេសកម្ពុជាទាំងមូលផងដែរ។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ
ខេត្តទេសចរណ៍ដ៏សំខាន់នេះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា កំណត់ជាតំបន់ស្នូលនៃប៉ូលអភិវឌ្ឍជាតិ ជាគោលដៅទេសចរណ៍ វប្បធម៌ ប្រវត្តិសាស្រ្ត និងធម្មជាតិ ស្របតាមរូបសាស្ត្រទីក្រុង រួមជាមួយការគិតគូរដល់ការពារ និងកែលម្អបរិស្ថាន ផាសុខភាពរបស់ប្រជាពលរដ្ឋ និងការរៀបចំអភិវឌ្ឍទីក្រុងឆ្លាតវៃ (Smart City) ផងដែរ។
គួររម្លឹកថា គម្រោងអាកាសយានដ្ឋានអន្ដរជាតិសៀមរាប អង្គរ គម្រោងនឹងសាងសង់ឲ្យរួចរាល់នៅក្នុងឆ្នាំ២០២៣ និងដាក់ឲ្យដំណើរការប្រើប្រាស់ជាផ្លូវការនៅក្នុងឆ្នាំ២០២៤។ ទីតាំងនៃគម្រោងព្រលានយន្តហោះនេះស្ថិតនៅទីតាំងនៅជាប់ព្រំប្រទល់ស្រុកចំនួនបី គឺស្រុកសូទ្រនិគម ស្រុកជីក្រែង និង ស្រុកស្វាយលើ ដែលគ្រប់ដណ្តប់លើផ្ទៃដីទំហំ ៧០០ ហិកតា។ គម្រោងនេះនឹងសាងសង់តាម ស្តង់ដារ អាកាសយានដ្ឋានអន្តរជាតិ ដែលអាចប្រតិបត្តិបានជាមួយយន្តហោះខ្នាតធំ។
ក្នុងដំណាក់កាលទី១ នៃគម្រោងនេះ គេគ្រោងនឹងចំណាយទុនវិនិយោគសរុបប្រមាណ ៨៨០ លានដុល្លារ ជាមួយនឹងការសាងសង់ផ្លូវរត់ល្បឿនលឿនទំហំ ៣,៦០០ ម៉ែត្រ គុណនឹង ៤៥ម៉ែត្រមួយផ្លូវ និង ប៉ារ៉ាឡែលសម្រាប់យន្តហោះធ្វើការហោះហើរ និងចុះចត និងចំណតយន្តហោះ ព្រមទាំងមាន ហេដ្ឋារចនាសម្ព័ន្ធ ដែលពាក់ព័ន្ធផ្សេងៗ រួមនឹងបរិក្ខារជំនួយ ស្ថានីយ សម្រាប់អ្នកដំណើរ ដែលមានទំហំ ៥០ ពាន់ម៉ែត្រក្រឡា៕