មន្រ្តីក្រសួងកសិកម្ម៖ វិស័យវារីវប្បកម្មនៅកម្ពុជាក្នុងអំឡុងពេល៥ឆ្នាំចុងក្រោយនេះ មានសន្ទុះគួរឱ្យកត់សំគាល់

សង្គម​ និង​សេដ្ឋកិច្ច

មន្រ្តីក្រសួងកសិកម្ម បានបង្ហាញពីវឌ្ឍនភាពនៃការអភិវឌ្ឍវារីវប្បកម្មនៅកម្ពុជាក្នុងអំឡុងពេល៥ឆ្នាំចុងក្រោយនេះ (២០១៥-២០២០) មានសន្ទុះគួរឱ្យកត់សំគាល់ ដែលទិន្នផលវារីវប្បកម្មប្រមូលប្រចាំឆ្នាំ២០១៥ បាន១៤៣ ១៤១តោន កើនឡើង ១៧២ ៥០០តោន នៅឆ្នាំ ២០១៦, បរិមាណ ២០៧ ៤៤៣តោន នៅឆ្នាំ២០១៧, ២៥៤ ០៤៨តោន ឆ្នាំ២០១៨, បរិមាណ ៣០៧ ៤០៨តោន នៅឆ្នាំ២០១៩ និងកើនឡើងដល់ ៤០០ ៤០០តោនសម្រាប់ឆ្នាំ២០២០។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ហាវ វិសិដ្ឋ អនុប្រធានរដ្ឋបាលជលផលនៃក្រសួងសិកម្មរុក្ខាប្រមាញ់ និងនេសាទ និយាយថា កំណើនទិន្នផលវារីវប្បកម្មប្រចាំឆ្នាំជាមធ្យម ២០,៦% ចាប់ ពីឆ្នាំ២០១៥-២០១៩ រីឯពីឆ្នាំ២០១៩ មកឆ្នាំ២០២០កន្លងមកនេះ កំណើនទិន្នផល វារីវប្បកម្មបានមានសន្ទុះយ៉ាងខ្លាំងរហូតដល់៣០%។ កំណើនឡើងជាលំដាប់នៃទិន្នផលវារីវប្បកម្មនេះ ដោយសារតែមានការចាប់អារម្មណ៍និងចូលរួមយ៉ាងសកម្មពីសំណាក់បង ប្អូនវារីវប្បករកម្ពុជាយើង គួបផ្សំនឹងមានការលើកទឹកចិត្តនិងគាំទ្រយ៉ាងពេញទំហឹងពីសំណាក់រាជរដ្ឋាភិបាល ដោយមានក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ជាសេនាធិការ។

លោកបន្តថា ក្រៅតែពីការជួយគាំទ្រពីសំណាក់រាជរដ្ឋាភិបាល គ៏មានការជួយឧបត្ថម្ភគាំទ្រយ៉ាងខ្លាំងទាំងបច្ចេកទេសនិងថវិកាពីដៃគូរអភិវឌ្ឍន៍អន្តរជាតិនានាផងដែរចំពោះសកម្មភាពអភិវឌ្ឍន៍វារីវប្បកម្មនៅកម្ពុជា។

ជាមួយនឹងសមិទ្ធផលគួរជាទីមោទនៈនៃវារីវប្បកម្មកម្ពុជាដែលកំពុងមានការរីកចម្រើននៅពេលនេះ អនុប្រធានរដ្ឋបាលជលផល ហាវ វិសិដ្ឋ បានសម្តែងនូវការអបអរសាទរនិងវាយតម្លៃខ្ពស់នូវការខិតខំចូលរួមផលិតត្រីសាច់យ៉ាងសកម្មរបស់បង ប្អូនវារីវប្បករកម្ពុជា ដែលសម្រេចបាននូវការផលិតត្រីសាច់ច្រើនប្រភេទ និងកង្កែបបានបរិមាណយ៉ាងច្រើនប្រកបដោយគុណភាព និងសុវត្ថិភាពសម្រាប់ផ្គត់ផ្គត់ក្នុងស្រុកផងដែរ៕

រូបភាពហ្វេសបុក៖ លោក ហាវ វិសិដ្ឋ