រដ្ឋត្រៀមផ្ទៃដីជិត ៣ម៉ឺនហិកតា នៅក្រុងបូកគោដើម្បីរៀបចំអភិវឌ្ឍន៍ជាទីក្រុងឆ្លាតវៃ នេះបើតាមក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី១៧ ខែមិថុនា នេះ បានចេញអនុក្រឹត្យស្ដីពីការដាក់ឱ្យប្រើប្រាស់ប្លង់គោលប្រើប្រាស់ដីគម្រោងអភិវឌ្ឍក្រុងបូកគោ។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ
យោងតាមប្លង់គោលប្រើប្រាស់ដីគម្រោងអភិវឌ្ឍក្រុងបូកគោចក្ខុវិស័យឆ្នាំ២០៣៥ ផ្ទៃដីជិត៣ម៉ឺនហិកតា ដែលមានទីតាំងស្ថិតក្នុងឧទ្យានជាតិព្រះមុនីវង្សបូកគោ នៃភូមិសាស្រ្តខេត្តកំពត ខេត្តព្រះសីហនុ និងខេត្តកំពង់ស្ពឺ នឹងត្រូវយកមកអភិវឌ្ឍន៍ ក្នុងគោលដៅធានាការគ្រប់គ្រង និងអភិវឌ្ឍន៍ក្រុងបូកគោប្រកបដោយចីរភាព។ ផ្ទៃដីនេះស្មើនឹង១៨%នៃផ្ទៃឧទ្យានជាតិព្រះមុនីវង្សបូកគោទំហំជាង១៥ម៉ឺនហិកតា។
គម្រោងអភិវឌ្ឍក្រុងបូកត្រូវបានបែងចែកជា៨ទីតាំងធំៗ ដែលនឹងត្រូវរៀបចំអភិវឌ្ឍន៍ជាទីក្រុងឆ្លាតវៃ និងទេសចរណ៍ប្រវត្តសាស្រ្ត និងធម្មជាតិ។
គួររម្លឹកថា កាលពីខែមីនា ឆ្នាំ២០២១ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតតំបន់បូកគោនៃខេត្តកំពតជាក្រុងបូកគោថ្មីដោយត្រូវកាត់យកឃុំចំនួន ៣ ចេញពីស្រុកទឹកឈូ ខេត្តកំពត គឺឃុំបឹងទូក ឃុំកោះតូច និងឃុំព្រែកត្នោត ដើម្បីឱ្យមានភាពងាយស្រួលក្នុងការគ្រប់គ្រង និងការអភិវឌ្ឍឱ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត។
ក្រុងថ្មីនេះនឹងកាន់កាប់ដីប្រហែល៥ភាគរយនៅក្នុងឧទ្យានជាតិបូកគោ ឬប្រហែល ៩.០០០ ហិកតា៕