តើសហគ្រិនស្រ្តីនៅពីក្រោយភាពជោគជ័យរបស់ លី ហួរ គ្រុប ជានរណា?

ជុំវិញ​ឧកញ៉ា

ក្រុមហ៊ុន លី ហួរ គ្រុប ត្រូវបានគេស្គាល់ថាជាក្រុមហ៊ុនធំឈានមុខគេមួយ ដែលកំពុងវិនិយោគច្រើនប្រភេទក្នុងពហុវិស័យជាមួយកេរ្តិ៍ឈ្មោះល្អចំពោះប្រតិបត្តិការដោយសុចរិត និងស្មោះត្រង់ ក្នុងពិភពជំនួញនៅកម្ពុជាអស់រយៈពេលជាង ៣៥ឆ្នាំប្លាយ។

ដោយប្រកាន់ខ្ជាប់ជានិច្ចនូវតម្លៃរួមដែលបាន កំណត់ចាប់តាំងពីការបង្កើតក្រុមហ៊ុនអាជីវកម្មប្តូរប្រាក់តំបូង រហូតទទួលបាននូវការគាំទ្រយ៉ាងច្រើនពី
សាធារណជន។ ដើម្បីចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម លី ហួរ គ្រុប បានបង្កើតក្រុមហ៊ុនផ្សេងៗទៀតជាបន្តបន្ទាប់  ដែលមានប្រភេទអាជីវកម្មខុសគ្នាប៉ុន្តែមានទំនាក់ទំនងគ្នាចំនួន ៨ ក្រុមហ៊ុនកំពុងប្រតិបត្តិការនៅលើទីផ្សារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ



នៅពីក្រោយកិត្តិនាមល្បាញល្បីរន្ទឺនាពេលបច្ចុប្បន្ន ក៏មិនភ្លេចឡើយ សហគ្រិនស្រ្តីដ៏ឆ្នើម និងជាសេនាធិការល្អឯករបស់មហាសេដ្ឋី លី ហួរ ដែលបានរួមសុខរួមទុក្ខជាមួយគ្នាក្នុងការជំនះរាល់ឧបសគ្គរាប់រយជំពូក ដើម្បីនាំនូវភាពជោគជ័យអស្ចារ្យមកឲ្យគ្រួសារ និងក្រុមហ៊ុន។

តើសហគ្រិនស្រ្តីនៅពីក្រោយភាពជោគជ័យរបស់ លី ហួរ គ្រុប ជានរណា?

លោកជំទាវឧកញ៉ា ស៊ាង លីម អនុប្រធាននាយិកាប្រតិបត្តិក្រុមហ៊ុន លី ហួរ គ្រុប និងនាយិកាប្រតិបត្តិ លី ហួរ អិចឆេង ឯ.ក (Ly Hour Exchenge)។ លោកស្រី ស៊ាង លីម កើតនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ១៩៥៧ ក្នុងខេត្តកំពង់ចាម ជាកន្លែងដែលបានចាប់ផ្តើមអាជីវកម្មដំបូង នៅដើមទសវត្សរ៍ឆ្នាំ១៩៨០ រយៈពេលបួនឆ្នាំបន្ទាប់ពីលោកស្រី បានរៀបអាពាហ៍ពិពាហ៍ជាមួយអ្នកឧកញ៉ា លី ហួរ ឆ្នាំ១៩៧៦ ក្នុងរបបប៉ុល ពត។

លោកស្រី ស៊ាង លីម និងលោក លី ហួរ ត្រូវបានប្តូរលំនៅឋានពីខេត្តកំពង់ចាមមករស់នៅរាជធានីភ្នំពេញ ដោយប្រកបមុខរបរលក់សំលៀកបំពាក់ និងក្រណាត់ដែលចូលមកពីប្រទេសវៀតណាម។ ក្រោយមក អ្នកទាំងពីរ បានប្តូរជំនួញពីលក់ក្រណាត់មកចាប់ផ្តើមអាជីវកម្មប្តូរប្រាក់និងលក់មាសក្នុងឆ្នាំ១៩៨៦។

លោកស្រីមានបទពិសោធន៍ទូលំទូលាយ ក្នុងការគ្រប់គ្រងអាជីវកម្មជាង៣៥ឆ្នាំ ដែលមានតួនាទីជានាយិកាប្រតិបត្តិក្រុមហ៊ុន លី ហួរ អ៊ិចឆេង។
លោកស្រីបានដឹកនាំក្រុមការងារឆ្នើមក្នុងការបំពេញបេសកកម្មបម្រើសេវាកម្មប្តូរប្រាក់ជូនអតិថិជនប្រកបដោយវិជ្ជាជីវៈតាមរយៈបណ្តាញ
ការិយាល័យប្រតិបត្តិការចំនួន ១៤ សាខានិងបានកសាងកេរ្តិ៍ឈ្មោះល្អសម្រាប់ក្រុមហ៊ុននៅក្នុងទីផ្សារកម្ពុជា។

ក្រុមហ៊ុន លី ហួរ អ៊ិចឆេង ឯ.ក ជាក្រុមហ៊ុនដំបូងគេដែលជាសមាជិកនៃក្រុមហ៊ុន លី ហួរ គ្រុប ដែលត្រូវបានបង្កើតឡើងដោយអ្នកឧកញ៉ា លី ហួរ និងលោកជំទាវឧកញ៉ា ស៊ាង លីម ជាសហភាគទុនិក ចាប់តាំងពីឆ្នាំ១៩៨៦ មានដើមទុនជាមាសចំនួនពីរជី អាជីវកម្មប្តូរប្រាក់​ ចាប់ផ្តើមធ្វើប្រតិបត្តិការតាមរយៈតូបដ៏តូចមួយស្ថិតនៅចន្លោះផ្សារធំថ្មី ផ្សារអូឫស្សី និង ផ្សារអូឡាំពិក ។

ដំបូងឡើយ អាជីវកម្មប្តូរប្រាក់នេះបានធ្វើប្រតិបត្តិការជាទ្រង់ទ្រាយតូច    និងជាលក្ខណៈគ្រួសារ ដោយសមាជិកគ្រួសារទាំងអស់ជាអ្នកទទួលខុសត្រូវផ្ទាល់ ក្នុងការគ្រប់គ្រងនិងផ្តល់សេវាប្តូរប្រាក់ប្រចាំថ្ងៃជូនអតិថិជន។ បន្ទាប់ពីបានប្រតិបត្តិការអស់រយៈពេលជាង៣៥ឆ្នាំ  ដោយប្រកាន់ខ្ជាប់ជានិច្ចនូវគោលការណ៍ស្នូលរួមមាន ភាពស្មោះត្រង់ សុចរិត តម្លាភាព គណនេយ្យភាព និងការចាត់ទុកអតិថិជនជាដៃគូអាជីវកម្មរយៈពេលវែង   អាជីវកម្មប្តូរប្រាក់បានទទួលនូវការគាំទ្រនិងទំនុកចិត្តខ្ពស់ពីអតិថិជនទូទៅ ទាំងអតិថិជនក្នុងប្រទេស និងក្រៅប្រទេសផងដែរ។

បច្ចុប្បន្ន ក្រុមហ៊ុនបានក្លាយជាអ្នកនាំមុខទីផ្សារប្តូរប្រាក់នៅក្នុងប្រទេសកម្ពុជា ដោយផ្តល់សេវាជូនអតិថិជនជាង ២.៥០០ នាក់ក្នុងមួយថ្ងៃ។ ក្រុមហ៊ុនផ្តល់ជូនអតិថិជននូវសេវាកម្ម និងផលិតផលច្រើនប្រភេទប្រកបដោយទំនុកចិត្តខ្ពស់តាមរយៈបុគ្គលិកមានវិជ្ជាជីវៈ   និងក្រមសីលធម៌ត្រឹមត្រូវ។
– សេវាកម្មប្តូរប្រាក់ (មានរូបិយប័ណ្ណបរទេសជាង២០ប្រភេទ)
– សេវាកម្មបង់ពន្ធ
– សេវាកម្មបង់ទឹក បង់ភ្លើង
– សេវាកម្មផ្ទេរប្រាក់ តាមរយៈការសហការជាមួយក្រុមហ៊ុនលីហួរវេរលុយ
– សេវាកម្មដាក់ប្រាក់ ឬដកប្រាក់ពី Visa Card តាមរយៈការសហការជាមួយធនាគារក្រៅប្រទេស៕