កសិដ្ឋានចិញ្ចឹមត្រីរបស់លោក សុខ ហៃ រំពឹងថានឹងប្រមូលបានទិន្នផលខ្ពស់ បន្ទាប់ពីមានការណែនាំផ្នែកបច្ចេកទេសពីមន្ត្រីជំនាញ

សង្គម​ និង​សេដ្ឋកិច្ច

កសិករនៅភូមិត្រពាំងអញ្ចាញ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង លោក សុខ ហៃ និយាយថា លោកបានប្រកាន់យករបរចិញ្ចឹត្រីនេះបានជាង ៣ឆ្នាំ មកហើយដោយមានស្រះធំៗ ចំនួន ២ស្រះ។ ក្នុងស្រះនិមួយៗ បានដាក់ចិញ្ចឹមកូនត្រីប្រាចំនួនប្រមាណជា ១០០ពាន់ ទៅ ១៣០ពាន់ក្បាល ដែលពេលវេលានៃការដាក់កូនត្រីពូជចិញ្ចឹមមានគម្លាតពេលខុសៗគ្នាពីស្រះមួយទៅស្រះមួយទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

លោកបន្តថា ក្នុងមួយរដូវកាលនៃការដាក់កូនត្រីចិញ្ចឹមលោកអាចប្រមូលផលត្រីក្នុងបរិមាណសរុបប្រមាណពី ៥០ទៅ ៨០តោនក្នុង ១ស្រះ។

ទាក់ទងទៅនឹងកសិដ្ឋានរបស់លោក សុខ ហៃ មិនមានបញ្ហាទីផ្សារនោះទេ គឺទទួលបានការបញ្ជាទិញជាប្រចាំជាង ១-២តោនជារៀងរាល់ថ្ងៃ ហើយតម្លៃដែលទទួលបានគឺ ៥ ០០០រៀល/គីឡូក្រាមលក់ក្នុងខេត្ត និងចន្លោះពី ៤ ៥០០-៥ ០០០រៀល/គីឡូក្រាមលក់ក្រៅខេត្ត។

លោកមានជំនឿក្នុងចិត្តហើយរំពឹងថានឹងប្រមូលបានទិន្នផលខ្ពស់បន្ទាប់ពីមានការថែទាំផ្តល់ចំណី និងការណែនាំផ្នែកបច្ចេកទេសពីមន្ត្រីជំនាញ។

បន្ថែមពីនេះ រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសា លោក វេង សាខុន ក៏បានណែនាំដល់លោក ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល មន្ត្រីជំនាញនៃរដ្ឋបាលជលផល និងមន្ទីររាជធានី-ខេត្តទាំងអស់ត្រូវខិតខំសិក្សា ស្រាវជ្រាវ ពិសោធ និងផលិតពូជត្រីដែលមានគុណភាព លើកកម្ពស់ការងារបណ្តុះបណ្តាលបច្ចេកទេសថ្មីៗដើម្បីបង្កើនគុណភាពផលត្រី និងភាពប្រកួតប្រជែង ផ្តល់ការលើកទឹកចិត្ត និងជួយផ្សាភ្ជាប់រវាងវារីវប្បករដែលជាអ្នកផលិតនិងអ្នកប្រមូលទិញ ជាពិសេសពង្រឹងការអនុវត្តច្បាប់ពាក់ព័ន្ធនឹងការលួចនាំចូលខុសច្បាប់។

តាមរបាយការណ៍របស់លោក ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលជលផលបានឲ្យដឹងថា សម្រាប់៦ខែ ដើមឆ្នាំ២០២១ ទិន្នផលវារីវប្បកម្មសរុបរួមរបស់ខេត្តកំពង់ឆ្នាំងបានប្រមាណជា ១០ ៥០០តោន ក្នុងនោះស្រះដំណើរការមានចំនួន ៦៣១ ស្រះ ទទួលបានផលត្រីស្មើនឹង ៣ ២០០ តោន និងមានបែសរុបរួមមាន ៧៤០បែ ស្មើ ៧ ៣០០តោន។

ទន្ទឹមនឹងនេះ ក្នុងឆ្នាំ២០២០កន្លងទៅមានការចិញ្ចឹម និងនាំចេញត្រីខ្យាទៅប្រទេសឡាវ បានជាង ២៥០តោន និងក្នុងឆ្នាំ២០២១ នេះបានប្រមាណជា ១៨០ តោនផងដែរ៕