អ្នកឧកញ៉ា អ៊ឹង​ ឆៃងួន ព្រមានចាត់វិធានការលើបុគ្គលតាំងខ្លួនជាបុគ្គលិកហង្សមាស ដើរជំរិតទាប្រាក់ពីស្ថាប័នរដ្ឋ និងឯកជន

ជុំវិញ​ឧកញ៉ា

អគ្គនាយកទូរទស្សន៍ ហង្សមាស នឹងចាត់វិធានការចំពោះជនខិលខូចបានក្លែងបន្លំអត្តសញ្ញាណតាំងខ្លួនជាបុគ្គលិករបស់ទូរទស្សន៍ ដើរប្រព្រឹត្តសកម្មភាពជំរិតទាប្រាក់ពីស្ថាប័ន ក្រសួង មន្ទីរ និងអង្គភាពក្រុមហ៊ុនឯកជននានាដើម្បីបំរើផលប្រយោជន៍ផ្ទាល់ខ្លួន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈសេចក្តីជូនដំណឹងរបស់ខ្លួននៅថ្ងៃទី១៣ ខែវិច្ឆិកានេះ អ្នកឧកញ៉ា អ៊ឹង ឆៃងួន បានបញ្ជាក់ថា ប្រសិនបើជនខិលខូចទាំងអស់នោះនៅតែបន្តក្លែងបន្លំជាបុគ្គលិកហង្សមាស ប្រើប្រាស់អត្តសញ្ញាណហួសសុពលភាព គ្មានកាលបរិច្ឆេតច្បាស់លាស់ទៅធ្វើសកម្មភាពផ្ទុយពីវិជ្ជាជីវៈ និងក្រមសីលធម៌អ្នកកាសែត នឹងធ្វើការជាមួយសមត្ថកិច្ចពាក់ព័ន្ធដើម្បីឃាត់ខ្លួនចាត់ការតាមផ្លូវច្បាប់។

សេចក្តីជូនដំណឹងដដែលបានឲ្យដឹងថា កន្លងមកក៏ធ្លាប់មានជនខិលខូចមួយចំនួនបានលួចចម្លងកម្មសិទ្ធិបញ្ញា ដូចជាការលួចចម្លងផលិតមាតិកាព័ត៌មាន និងការកែច្នៃចម្លងស្នាដៃ កាត់តបំភាន់សម្លេង បន្លំយកទៅប្រើប្រាស់ដើម្បីរកផលប្រយោជន៍ផ្ទាល់ខ្លួនពីក្នុងបណ្តាញសង្គមនានា។

អ្នកឧកញ៉ា អ៊ឹង ឆៃងួន បានបញ្ជាក់បន្ថែមនិងព្រមានជាសាធារណៈ សូមឲ្យបញ្ឈប់សកម្មភាពល្មើសច្បាប់នេះជាបន្ទាន់។ បើមិនដូច្នេះទេ ក្រុមហ៊ុននឹងដាក់ពាក្យបណ្តឹងតាមនីតិវិធី ដើម្បីស្វែងរកអ្នកប្រព្រឹត្តបទល្មើសយកមកចាត់ការអនុវត្តតាមផ្លូវច្បាប់៕