រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសទុកពេលមួយសប្តាហ៍ឲ្យម្ចាស់បែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ផ្ទះតូចៗ និងសំណង់មិនរៀបរយនៅលើផ្ទៃទន្លេទាំងអស់ ត្រូវរុះរើឬចល័តចេញជាបន្ទាន់ពីទន្លេក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ
តាមសេចក្តីជូនដំណឹងរបស់សាលាក្រុងភ្នំពេញបានលើកឡើងនៅក្តីកង្វល់ថា កន្លងមកមានជនឱកាសនិយមមួយចំនួនបានលបលួចធ្វើបែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ផ្ទះតូចៗ និងសំណង់មិនរៀបរយនៅលើផ្ទៃទន្លេ ហើយកន្លែងខ្លះបានប្រែក្លាយជាកន្លែងស្នាក់នៅដោយខុសច្បាប់យ៉ាងអាណាធិបតេយ្យដែលបង្កឱ្យបាត់បង់សណ្តាប់ធ្នាប់ ប៉ះពាល់ដល់ផ្លូវនាវាចរ ប៉ះពាល់ដល់ប្រព័ន្ធអេកូឡូហ្ស៊ីមានចរន្តទឹកហូរ គោករាក់។
ពិសេសការប្រើប្រាស់ចំណីសម្រាប់ចិញ្ចឹមត្រី និងការបញ្ចេញកាកសំណល់ ការបន្ទោបង់ពាសវាលពាសកាលក្នុងទន្លេ ធ្វើឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់ជីវៈចម្រុះក្នុងទឹក ខូចគុណភាពទឹកបំពុលបរិស្ថាន និងប៉ះពាល់ដល់សោភ័ណភាពរាជធានីភ្នំពេញ ព្រមទាំងប៉ះពាល់ដល់សុខភាពនៃប្រជាពលរដ្ឋដែលបានប្រើប្រាស់ទឹកមិនស្អាតផងដែរ ។
ដំណឹងនេះត្រូវបានមហាជនជាច្រើនគាំទ្រចំពោះចំណាត់ការរបស់អាជ្ញាធរទៅលើម្ចាស់បែចិញ្ចឹមត្រី ផ្ទះបណ្តែត និងសំណង់មិនរៀបរយនៅលើផ្ទៃទន្ទេទាំងអស់ ខណៈដែលម្ចាស់បែចិញ្ចឹមត្រី និងផ្ទះបណ្តែតភាគច្រើនគឺជាជនជាតិវៀតណាម។ ទន្ទឹមនោះក៏មានអ្នកវិភាគ សាធារណៈជនមួយចំនួនបានបង្ហាញទស្សនៈយល់ឃើញផ្សេងៗគ្នាថា ពលរដ្ឋខ្មែរមិនចេះចិញ្ចឹមត្រី គ្មានទីផ្សារ និងបទល្មើសជលផលនៅមានកម្រិតដែលធ្វើឱ្យមានការថមថយផលត្រីពីធម្មជាតិ។
តាមរយៈទំព័រហ្វេសប៊ុកលោកបណ្ឌិត សុខ ទូច បានលើកឡើងថា៖ ហេតុអ្វីគ្រាន់តែឱ្យវៀតណាមឡើងគោក លែងចិញ្ចឹមត្រី បែរជាស្ថាប័នពាក់ព័ន្ធថាកម្ពុជាខ្វះត្រីហូប? ខណៈដែលអ្នកជិតខាងយើងមានប្រជាជនច្រើនជាងយើង ពូជត្រីក៏ក្រជាងយើង តែបែរជាដឹកត្រីចូលមកយើង។
ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបន្ថែមថា បើឡាវខ្វះត្រីហូប ទើបមិនចម្លែក តែបើខ្មែរថាខ្វះត្រីទទួលទាន វាដូចជាចម្លែកអស្ចារ្យណាស់ ព្រោះខ្មែរមានទន្លេមេគង្គ បឹងទន្លេសាប និងស្ទឹង ព្រែក បឹង អូរជាច្រើនប្រៀបដូចសសៃឈាម ហើយថែមទាំងមានសមុទ្រជាប្រភពត្រីទឹកប្រៃទៀត តែអស់ត្រីហូប ប្រហែលមកពីមូលហេតុដូចខាងក្រោម៖
១-មិនបានគណនាពីតម្រូវការទីផ្សារនៅក្នុងស្រុក ដែលប្រហែលមកពីខ្វះអ្នកគិតចំណោទហើយ
២-ប្រហែលជាមកពីព្រៃលិចទឹកត្រូវបានបំផ្លាញអស់
៣-ប្រហែលមកពីបឹងត្រូវបានលុប
៤-ប្រហែលមកពីតំបន់នេសាទ និងតំបន់ចិញ្ចឹមត្រី មិនត្រូវបានរៀបចំទៅតាមសក្ដានុពល តែបែរជាត្រូវបានលុបដោយសារតម្លៃទីផ្សារដីឡើងខ្ពស់ នាំគ្នាលុបបឹង ស្ទឹង អូរ យកទៅលក់
៥-មិនបានចងជាសហគមន៍ ដើម្បីឱ្យការផលិត ឆ្លើយតបទៅនឹងតម្រូវការទីផ្សារ
៦-យើងមិនបានកែច្នៃវត្ថុធាតុដើមក្នុងស្រុកដែលមាន ឱ្យទៅជាចំណីរបស់សត្វឬមនុស្ស តែយើងទិញចំណីស្រាប់ពីគេមកឱ្យសត្វ ដែលធ្វើឱ្យថ្លៃដើមផលិតខ្ពស់មិនអាចប្រកួតប្រជែងបាន
៧-បើត្រីដែលចិញ្ចឹមបានមានអតិផរណា យើងអាចកែច្នៃត្រីទៅជាផលិតផលជាច្រើនតាមលក្ខណៈប្រពៃណី មិនបាច់ប្រើវិទ្យាសាស្ត្រទេ ដូចជា ផ្អក ប្រហុក ត្រីងៀត ត្រីឆ្អើរ ទោះជាមិនបាច់ធ្វើត្រីខកំប៉ុង ក៏ត្រីគ្មានអតិផរណាដែរ។
ដោយឡែកសម្រាប់លោកបណ្ឌិត យ៉ង សាំងកុមារ អ្នកជំនាញកសិកម្មបានបង្ហាញទស្សនៈថា៖ ស្រុកខ្មែរមិនមែនខ្វះត្រីធម្មជាតិទេតែខ្វះការដឹកនាំមួយដែលធ្វេីឲ្យសម្បូរត្រីធម្មជាតិឡេីងវិញដូចជាគ្រាន់តែបឹងពារាំងមួយនៅសៀមរាបជួយការពារនិងសង្រ្គោះមិនបានផង។
បើតាមបណ្ឌិតកសិកម្ម យើងមានស្ថាប័នពាក់ព័ន្ធច្រេីនដូចជាកសិកម្ម ធនធានទឹក បរិស្ថាន រដ្ឋបាលមូលដ្ឋាន និងសហគមន៍ដែលត្រូវការភាពដឹករួមមួយដោះស្រាយបញ្ហារួមដេីម្បីផលប្រយោជន៍រួមរបស់ជាតិ។
ជាមួយគ្នានោះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានបង្ហាញអំពី មូលហេតុចម្បងៗចំនួន៥ដែលនាំឱ្យការផ្គត់ផ្គង់ត្រីនៅកម្ពុជាជួបប្រទះការខ្វះខាតនិងនៅមិនទាន់អាចដោះស្រាយបាននៅឡើយ។
ក្រសួងកសិកម្មបានអះអាងថាក្នុងបរិការណ៍នេះ ក្រសួងបាននឹងកំពុងខិតខំប្រឹងប្រែងយ៉ាងសកម្ម តាមអភិក្រម រដ្ឋ ឯកជន ដៃគូអភិវឌ្ឍន៍ និងសហគមន៍ ដើម្បីរួមចំណែកដោះស្រាយនូវបញ្ហាប្រឈមទាំងឡាយ។ ក្រៅពីកត្តាទាំងនេះការកើនឡើងចំនួនប្រជាជនក៏ជាកក្តាមួយដែរដែលធ្វើឱ្យការផ្គត់ផ្គង់ត្រីមានការខ្វះខាត។
ផ្អែកតាមតួលេខបណ្ដោះអាសន្ននៃជំរឿនទូទៅប្រជាជនសរុបតាមវិធីសាស្ត្រនៅថ្ងៃទី៣ខែមីនាឆ្នាំ២០១៩កម្ពុជាមានប្រជាពលរដ្ឋចំនួន ១៥២៨៨៤៨៩ នាក់កើនឡើងជាងចំនួន១៤.១ភាគរយរយៈពេល១១ ឆ្នាំរវាងឆ្នាំ២០០៨និង២០២១៩ធ្វើឲ្យតម្រូវការត្រីសាច់សម្រាប់បរិភោគមានការកើនឡើងផងដែរ។
តាមការស្រាវជ្រាវប្រជាជនម្នាក់បរិភោគត្រីប្រមាណ៥២.២៤ គីឡូក្រាមក្នុងមួយឆ្នាំ។ប៉ុន្តែប្រជាជនដែលរស់នៅតំបន់ទំនាបលិចទឹកបរិមាណនៃការបរិភោគត្រីបានកើនឡើងដល់ទៅ៧៥.៦ គីឡូក្រាមក្នុងមួយឆ្នាំ។
ដោយផ្អែកលើតម្រូវការ និងទីផ្សារត្រីក្នុងពេលបច្ចុប្បន្ន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទលើកទឹកចិត្តប្រជាពលរដ្ឋអនុវត្តគម្រោងវារីវប្បកម្ម ពិសេសការចិញ្ចឹមត្រីអណ្ដែង និងកង្កែបក្នុងថង់ប្លាស្ទិកដោយប្រើរយៈពេលខ្លី ចំណាយដើមទុនតិច និងទទួលបានប្រាក់ចំណូលខ្ពស់នៅតាមខេត្តគោលដៅចំនួន១១ និងខេត្តទទួលរងគ្រោះជំនន់ទឹកភ្លៀងចំនួន៤នាពេលកន្លងមក៕