គម្រោងផ្លូវល្បឿនលឿន-ភ្នំពេញព្រះសីហនុ មានប្រវែង ១៩០គីឡូម៉ែត្រ ដែលបានបើកការដ្ឋានសាងសង់ កាលពីខែកក្កដា ឆ្នាំ២០១៩ គិតត្រឹមថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ ដំណើរការសាងសង់សម្រេចបាន ៥៥,០៥% ហើយ គ្រោងបញ្ចប់នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣។
ផ្លូវនេះអនុវត្តការសាងសង់ដោយក្រុមហ៊ុន PPSHV Expressway Co., Ltd និងក្រុមហ៊ុនបុត្រសម្ព័ន្ធនៃ ក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន(CRBC) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុន MINCONSULT SDN. BHD. ប្រើរយៈពេលសាងសង់៤៨ខែ គ្រោងចំណាយថវិកាប្រមាណ ២ ០១៩លានដុល្លារ សហរដ្ឋអាមេរិក
រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល បានថ្លែងបញ្ជាក់ក្នុងពេលចុះត្រួតពិនិត្យការដ្ឋានសាងសង់នៅព្រឹកនេះថា គម្រោងសាងសង់ផ្លូវល្បឿនលឿន-ភ្នំពេញព្រះសីហនុគឺជាគម្រោងផ្លូវល្បឿនលឿនទី១ និងជាគម្រោងផ្លូវ របៀងយុទ្ធសាស្ត្រសំខាន់បំផុតនៅកម្ពុជា ជួយកាត់បន្ថយពេលវេលាធ្វើដំណើរពីរាជធានីភ្នំពេញទៅ ផែសមុទ្រក្រុងព្រះសីហនុ ពីចំនួនប្រាំម៉ោងមកត្រឹមតែពីរម៉ោងប៉ុណ្ណោះ និងជួយកាត់បន្ថយតម្លៃភស្តុភារ កម្មផងដែរ។
ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ សាងសង់មានគន្លងផ្លូវចំនួន៤គន្លង ទទឹងផ្លូវសរុប ២៤,៥ ម៉ែត្រ មានផ្លូវបំបែកទិស៧កន្លែង កន្លែងឈប់សម្រាកចំនួន៣កន្លែង ចំណតរថយន្ត១កន្លែង មណ្ឌលប្រតិបត្តិការនិងថែទាំចំនួន៤កន្លែង ស្ពានធំ និងស្ពានមធ្យមចំនួន៤០កន្លែង ស្ពានតូចចំនួន៥ កន្លែង ឆ្លងកាត់រាជធានីភ្នំពេញប្រមាណ ៨គីឡូម៉ែត្រ និងខេត្តចំនួន០៤បួន ក្នុងនោះ៖ ខេត្តកណ្តាលប្រវែង ៩,១ គីឡូម៉ែត្រ ខេត្តកំពង់ស្ពឺប្រវែង ៨០,៨ គីឡូម៉ែត្រ ខេត្តកោះកុងប្រវែង១,៩២ គីឡូម៉ែត្រ និងខេត្តព្រះសីហនុប្រវែង ៨៩,៨៩គីឡូម៉ែត្រ៕