រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល និយាយថា ក្រសួងបានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនYCH របស់ប្រទេសសឹង្ហបុរី ដើម្បីបង្កើតមជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ (PPLC) និងបានបង្កើតផែនការមេសម្រាប់គ្រប់គ្រងទឹកកខ្វក់ ដើម្បីធ្វើឱ្យប្រសើរឡើងនូវសុខមាលភាពសាធារណៈ ដែលជាការរួមចំណែកមួយក្នុងការជំរុញការធ្វើសមាហរណកម្មភ័ស្តុភាររបស់កម្ពុជាទៅក្នុងខ្សែចង្វាក់ផ្គត់ផ្គង់តំបន់ និងពិភពលោក។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ
លោកថ្លែងដូច្នេះក្នុងពេលជំនួបជាមួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១នេះ ដើម្បីរាយការណ៍ជូនអំពីសមិទ្ធផលការងារសម្រេចបាន ក្នុងវិស័យសាធារណការ និងដឹកជញ្ជូន។
លោករដ្ឋមន្រ្តីនិយាយថា ក្រសួងក៏បានបញ្ចប់ផែនការមេភស្តុភារកម្មដើម្បីទាក់ទាញវិនិយោគិន និងដើម្បីប្រែក្លាយកម្ពុជាជាកន្លែងស្តុក ទំនិញឆ្លងកាត់ និងជាតំបន់ចែកចាយទំនិញនៅក្នុងតំបន់ទៀតផង។
ការសម្រេចបានកិច្ចព្រមព្រៀងក្របខ័ណ្ឌនេះកើតមានបន្ទាប់ពីដើមខែមករាឆ្នាំ ២០២០ រដ្ឋាភិបាលបានសម្រេចអនុម័តលើសេចក្តីព្រាងផែនការមេអន្តរកាលស្តីពីការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ និងភ័ស្តុភារកម្មដែលជាផែនទីបង្ហាញផ្លូវសម្រាប់ការអភិវឌ្ឍវិស័យនេះ និងជួយកាត់បន្ថយតម្លៃសេវាក្នុងវិស័យដឹកជញ្ជូន និងឡូជីស្ទិក។ សេចក្តីព្រាងផែនការមេអន្តរកាលស្តីពីការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ និងភ័ស្តុភារកម្មត្រូវបានរៀបចំដោយក្រសួងសាធារណការ និងដឹកជញ្ជូនសហការជាមួយអង្គការ JICA ចាប់តាំងពីខែកញ្ញា ឆ្នាំ ២០១៨។
គួររម្លឹកជូនថា នៅថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ ២០២០ ទាំង ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុន YCH បានចាប់ផ្តើមការពិភាក្សាលើគម្រោង PPLC នេះដែលមានទីតាំងនៅលើដី ៩៨ ហិកតា ក្នុងឃុំសំរោងក្រោម ខណ្ឌដង្កោ នៅប៉ែកខាងលិចព្រលានយន្តហោះអន្តរជាតិភ្នំពេញ៕