ពន្លឺថ្មីបន្ថែម! វិទ្យាស្ថានបច្ចេកទេស និងសាកលវិទ្យាល័យមួយចំនួននៅប្រទេសចិន គ្រោងសហការជាមួយវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន

សង្គម​ និង​សេដ្ឋកិច្ច

លោក Li Xiaopeng រដ្ឋមន្ត្រីដឹកជញ្ជូន នៃសាធារណរដ្ឋប្រជាមានិតចិន និយាយថា វិទ្យាស្ថានបច្ចេកទេស និងសាកលវិទ្យាល័យមួយចំនួននៅប្រទេសចិន មានបំណងចង់សហការជាមួយវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ដើម្បីធ្វើឱ្យប្រសើរឡើងដល់ការកសាងសមត្ថភាពវិស្វករបច្ចេកទេសកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

លោកលើកឡើងដូច្នេះ ក្នុងជួបពិភាក្សាការងារជាមួយលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ នៅស្នាក់ការកំពង់ផែស្វយ័តក្រុងព្រះសីហនុ។

លោកទេសរដ្ឋមន្ត្រី បានស្នើសុំការគាំទ្រ និងជំនួយលើវិស័យក៏ដូចជាមុខជំនាញជាច្រើនពីខាងភាគីចិន ជាពិសេសផ្តល់សាស្ត្រាចារ្យ និងអ្នកបច្ចេកទេសតាមរយៈអនុស្សារណៈកិច្ចសហប្រតិបត្តិការចិនកម្ពុជា ដើម្បីជួយបង្ហាត់បង្រៀនវិស្វករកម្ពុជាឱ្យចេះកសាងផ្លូវ ស្ពាន និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀតដូចជា កំពង់ផែ ផ្លូវរថភ្លើង និងផ្លូវក្រោមដីជាដើម។

គួររម្លឹកជូនថា កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១នេះ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យតែងតាំង និងសម្រួលភារកិច្ចមន្រ្តីរាជការចំនួន ៤រូបរបស់វិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូន នៃក្រសួងសាធារណៈការ និងដឹកជញ្ជូន គឺ លោក ប្រាងហង្ស សេរីរិទ្ធ លោក យិន សេរីវុធ លោកស្រី ប្រសើរ ម៉ូលីកា លោកស្រី ញឹក ច័ន្ទវណ្ណារ៉ា។

ជាមួយគ្នានោះ លោក ហឿន សំនៀង ក៏ត្រូវបានតែងតាំងជានាយកវិទ្យាស្ថាន តេជោសែនសាធារណការ និងដឹកជញ្ជូន តាមព្រះរាជក្រឹត្យ នស/រកត/០៦៤១/៤៦៩ ចុះថ្ងៃទី១២ ខែមិថុនានេះផងដែរ។ 

សូមបញ្ជាក់ជូនថា វិទ្យាស្ថានតេជោសែនសាធារណាការ និងដឹកជញ្ជូន ជាវិទ្យាស្ថានបណ្តុះបណ្តាលជំនាញសាងសង់ផ្លូវ និងស្ពាន ក៏ដូចហេដ្ឋារចនាសម្ព័ន្ធនានាលើកដំបូងនៅកម្ពុជា។ ក្រសួងសាធារណការ និងដឹកជញ្ជូន បានសាងសង់ និងសម្ពោធជាផ្លូវការនូវវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូនកាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់បំផុតរបស់សម្តេចតេជោ ហ៊ុន សែន៕