តារាសម្តែងប្រុសជើងចាស់ដ៏មានប្រជាប្រិយភាព លោក សាវីន ហ្វីលីព ពិតជារំភើបនៅក្នុងចិត្តយ៉ាងខ្លាំង ក្រោយកូនប្រុសច្បងជាទីស្រលាញ់របស់លោក បានសម្រេចចិត្តទៅ សាងផ្នួសរយៈពេលខ្លី ដើម្បីសងគុណឪពុកម្ដាយ។ ការបួសនេះ បន្ទាប់ពី កូនប្រុសម្នាក់នេះ បានសម្រេចលទ្ធផលប្រលងបាក់ឌុបជាប់កាលពីពេលថ្មីៗនេះ។
កូនប្រុសច្បង របស់តារាសម្ដែងជើងចាសរូបនេះមានឈ្មោះ យោធិន វីរ៉ាយុត្ត វ័យ១៧ឆ្នាំ បានសាងផ្នួសនៅ ទីអារាមវត្ត និគ្រោធវ័នគល់ទទឹង ដែលជា ទីអារាម ព្រះតេជគុណ គូ សុភាព គង់នៅ កាលពីថ្ងៃអាទិត្យម្សិលមិញនេះ។ ក្នុងពិធីបំបួសនោះផងដែរ ព្រះតេជគុណ គូ ភាព ក៏បាននិមន្តកោរសក់ផងដែរ។វីយ៉ាយុត្ត សម្រេចចិត្តបួសត្រឹមតែ១សប្ដាហ៍ប៉ុណ្ណោះ និងត្រូវសឹកវិញ ដើម្បីបន្តការសិក្សាថ្នាក់មហាវិទ្យាល័យថែមទៀត លើជំនាញIT ដែលគេស្រលាញ់។
លោក សាវីន ហ្វីលីប បានថ្លែងដឹងថា ក្នុងមានជាអាណាព្យាបាលគឺ ពិតជារំភើបគ្មានអ្វីប្រៀបបានឡើយ នៅពេលដែលកូនបានបំពេញបំណង របស់ខ្លួនបែបនេះ។ លោកថា កូនប្រុសរបស់លោក បានសម្រេចបំណងធំៗរបស់គេបាន២ហើយ នោះគឺ ប្រលងបាក់ឌុប ជាប់និង ការសាងផ្នួស នេះតែម្ដង ដែលបំណងនេះ វីយ៉ាយុត្ត បានប៉ងជាយូរណាស់មកហើយ។
លោកលើកឡើងថា កូនប្រុសច្បងម្នាក់នេះ តាំងពីកើតមករហូតវ័យ១៧ឆ្នាំនេះ មិនដែលធ្វើឲ្យក្រុមគ្រួសារពិបាកចិត្តឡើយ។ ជាមួយក្នុងការសម្រេចចិត្តលើការសាងផ្នួសនេះ លោកសូមជូនពរឲ្យបានសម្រេចនៅអ្វីដែល បានប៉ង ជួបតែសំណាងល្អក្នុងជីវិត។
លោកថា បន្ទាប់ពីកូនប្រុសរបស់លោក សឹកមកចូលរៀនមហាវិទ្យាល័យនៅក្នុងស្រុកចប់ លោកមានបំណងចង់បន្តឲ្យទៅរៀនបន្តនៅអាមេរិក ឬនៅ New Zealand ព្រោះលោកមានបងប្អូននៅទីនោះ ដើម្បីបំពេញបំណងកូនប្រុសម្នាក់នេះ ដែលចង់ក្លាយជាវិស្វករផ្នែក Computer។
ជុំវិញនឹងការសាងផ្នួសនេះ លោក សាវីន ហ្វីលីប ក៏ធ្លាប់បានសាងផ្នួស របស់ពេល១សប្ដាហ៍ដូចគ្នាកាលពីពេលកន្លងទៅ នៅទីអារាមខាងលើនោះផងដែរ៕