ចង់​ទិញ​ផ្ទះ​ការប្រាក់​ទាប ឯកសារ​មិន​ស្មុគ​ស្មាញ​មិនពិបាក​ទេ រក​បុរី​ទាំង ៥ កន្លែង​នេះ

សង្គម​ និង​សេដ្ឋកិច្ច

សំណង់​បុរី​រីក​ព្រោងព្រាត​តាំង​ពី​កណ្ដាល​ក្រុង​រហូត​ដល់​ជាយក្រុង។ តម្រូវការ​លំនៅឋាន​ចេះ​តែ​កើន​ឡើង គម្រោង​សាងសង់​នៅតែ​បន្ត​ឥត​ដាច់។ បើ​ងាក​មើល​គម្រោង​អភិវឌ្ឍ​បុរី​ធំៗ​ជាច្រើន ក្រៅ​ពី​អភិវឌ្ឍ​បុរី​លក់​ដល់អតិថិជន ​ម្ចាស់​អភិវឌ្ឍ​បុរី​ខ្លះ​មាន​ទាំង​បង្កើត​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​សម្រាប់​សម្រួល​ដល់​ការ​ផ្តល់​កម្ចី និង​ការ​បង់​រំលស់​មិន​ពិបាក​ទៅ​រក​សេវា​ធនាគារ​ពី​ខាងក្រៅ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជីបម៉ុង​លែន

ជីបម៉ុងលែន ជា​គម្រោង​អភិវឌ្ឍ​បុរី​ដ៏​ធំ​របស់​ជីប​ម៉ុង​គ្រុប។ បុរី​ជីប​ម៉ុង​លែន​មាន​ច្រើន​ទីតាំង​ដូចជា លើ​ផ្លូវ ២៧១ លើ​ផ្លូវ ៦០ ម៉ែត្រ នៅ​សែន​សុខ លើ​ផ្លូវ ៥៩៨ ជា​ដើម។ តាម​រយៈ​ធនាគារ​ជីបម៉ុង​អតិថិជន​ដែល​ទិញ​ផ្ទះ​នៅ​ក្នុង​គម្រោង​ជីប ម៉ុង លែន អាច​ទទួល​បាន​កម្ចី​ទិញ​ផ្ទះ​ពី​ធនាគារ ជីប ម៉ុង បាន​រហូត​ដល់ ៩៥% នៃ​តម្លៃ​ផ្ទះ ជាមួយ​ការ​រៀបចំ​បំពេញ​បែបបទ​ឯកសារ​ងាយស្រួល និង​ឆាប់រហ័ស។ ជាមួយ​គ្នា​នេះ ទទួល​បាន​ការប្រាក់​ត្រឹមតែ 0.75% ក្នុង​មួយ​ខែ​រយៈពេល​កម្ចី​វែង​រហូត​ដល់ 20 ឆ្នាំ។

បុរី​វិមាន​ភ្នំពេញ

ម្ចាស់​បុរី​វិមាន​ភ្នំពេញ​គឺ​អ្នក​ឧកញ៉ា លី ហួរ ដែល​ជា​អ្នក​ជំនួញ​ជើង​ចាស់​ល្បីល្បាញ​មួយ​រូប។ អ្នកឧកញ៉ា លី​ ហួរ មាន​អាជីវកម្ម​រាប់​បញ្ចូល​ទាំង​វិស័យ​ហិរញ្ញវត្ថុ វិស័យ​អចលនទ្រព្យ វិស័យ​កសិ-ឧស្សាហកម្ម និង​វិស័យ​ធនារ៉ាប់រង​ជាដើម។

បុរី​វិមាន​ភ្នំពេញ​ជា​គម្រោង​ដ៏​ធំ​របស់​អ្នក​ឧកញ៉ា​លី ហួរ ដែល​មាន​ទីតាំង​ធំ​ៗ​មាន​នៅ​លើ​ផ្លូវ​ជា​ សុផារ៉ា និង​លើ​ផ្លូវ​ជាតិ​លេខ ៦អា។ ដោយ​មាន​បទពិសោធន៍​ជាង ៣០ ឆ្នាំ​លើ​មុខ​ជំនួញ​ហិរញ្ញវត្ថុ អ្នក​ឧកញ៉ា​បាន​បង្កើត​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​តាម​រយៈ​ធនាគារ អេស ប៊ី អាយ លីហួរ។

ទស្សនៈ​វិស័យ​របស់​ធនាគារ​គឺ​ផ្តល់​សេវាកម្ម​ធនាគារ​​ដែល​មាន​តម្លៃ​សមរម្យ ងាយស្រួល​និង​ទាក់ទាញ។

បុរី​ពិភព​ថ្មី

បុរី​ពិភព​ថ្មី​សាង​កេរ្តិ៍ឈ្មោះ​ជាង ១០ ឆ្នាំ​មក​ហើយ​ជា​បុរី​សម្រាប់​អ្នកមាន​ជីវភាព​មធ្យម​នៅ​ទីក្រុង​ភ្នំពេញ។ បុរី​ពិភព​ថ្មី​មាន​ទីតាំង​ធំៗ​ដូចជា​នៅ ចម្ការ​ដូង នៅ​ឈូក​វ៉ា​ដែល​មាន​ច្រើន​ទីតាំង និង​ក៏​កំពុង​អភិវឌ្ឍ​តាម​ផ្លូវ​ជាតិ​លេខ ២ និង​លេខ ៣ រាប់​ពាន់​ល្វែង​ទៀត។

បុរី​ពិភព​ថ្មី​ដែល​មាន​អ្នក​ឧកញ៉ា​ហុង ពីវ ជា​ម្ចាស់​បុរី បាន​បង្កើត​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ពិភព​ថ្មី ដើម្បី​ផ្តល់​សេវា​ដល់​អតិថិជន​ដែល​ត្រូវ​ការ​ទិញ​ផ្ទះ​បង់​រំលស់ មិន​ពិបាក​ស្វែង​រក​ដៃ​គូ​ធនាគារ​ពី​ក្រៅ។

យ៉ាង​ណា​មិញ​តាម​ការ​ឲ្យ​ដឹង​ពី​អតិថិជន ដែល​ទាក់ទង​កម្ចី​ពី​បុរី​ពិភព​ថ្មី​មាន​អត្រា​ការ​ប្រាក់​ខ្ពស់ បើ​ទោះ​បី​ការ​ការ​សិក្សា​កម្ចី​មាន​ភាព​រហ័ស មិន​សូវ​ស្មុគស្មាញ​ច្រើន​ក៏​ដោយ។

បុរី​ឡេង ណាវ៉ាត់ត្រា

បុរី​ឡេង ណាវ៉ាត់ត្រា មាន​កេរ្តិ៍ឈ្មោះ​ដោយសារ​គឺ​ជា​បុរី​ដែល​លក់​ធូរ​ថ្លៃ​ជាង​គេ​ក្នុង​ទីក្រុង​ភ្នំពេញ។ គម្រោង​បុរី​ឡេង ណាវ៉ាត់ត្រា មាន​ទីតាំង​ធំៗ​នៅ​ទូល​ពង្រ និង​ក៏​កំពុង​បន្ត​អភិវឌ្ឍ​នៅ​ផ្លូវ​ជាតិ​លេខ ៦A។ ក្រោយ​ជោគជ័យ​លើ​ជំនួញ​អចលនទ្រព្យ​ផ្នែក​ពុះ​ដី​ឡូត៍​លក់ និង​គម្រោង​ផ្ទះ​ល្វែង ម្ចាស់​បុរី​ឡេង ណាវ៉ាត់ត្រា បាន​បង្កើត​ជំនួញ​ថ្មី​មួយ​ទៀត​លើ​វិស័យ​ហិរញ្ញវត្ថុ។ គ្រឹះ​ស្ថាន​មីក្រូហិរញ្ញវត្ថុ​ឡេង ណាវ៉ាត់ត្រា​ផ្តោត​សំខាន់​លើ​ការ​ផ្ដល់​សេវា​ឥណទាន​សម្រាប់​អតិថិជន ដែល​ទិញ​លំនៅឋាន​របស់ ​បុរី ឡេង ដែល​ត្រូវ​ការ​បង់​រំលស់​រយៈ​ពេល​វែង។

បុរី​សង្ឃឹម​ថ្មី និង​កៀន​ស្វាយ​ផ្លាហ្សា និង​អូឡាំព្យា

បុរី​សង្ឃឹម​ថ្មី គម្រោង​កៀន​ស្វាយ​ផ្លាហ្សា និង​ទីក្រុង​អូឡាំព្យា ជា​គម្រោង​ដែល​អភិវឌ្ឍន៍​ដោយ​សម្ព័ន្ធ សហគ្រាស​កាណា​ឌីយ៉ា និង​ទទួល​បាន​ហិរញ្ញប្បទាន​ពី​ធនាគារ​កាណាឌីយ៉ា។

ជា​គម្រោង​លំនៅឋាន​ដែល​អភិវឌ្ឍ​និង​ចាត់ចែង​ផ្ទាល់​ដោយ​សហគ្រាស​កាណាឌីយ៉ា ការ​ទិញ​គម្រោង​លំនៅឋាន​ខាងលើ​នេះ អតិថិជន​ងាយស្រួល​ក្នុង​ការ​ស្វែង​រក​កម្ចី​រយៈ​ពេល​វែង ជាមួយ​ការប្រាក់​ទាប ក្រោម​កម្ចី​ផ្ទាល់​ពី​ធនាគារ​កាណាឌីយ៉ា៕