ក្រុមប្រឹក្សានាយកប្រតិបត្តិនៃធនាគារពិភពលោក ធនាគារពិភពលោក World Bank បានអនុម័តកញ្ចប់ឥណទានដែលមានតម្លៃ ២០០លានដុល្លារអាមេរិក របស់សមាគមន៍អភិវឌ្ឍន៍អន្តរជាតិ (IDA) ដើម្បីជួយសង្គ្រោះការរើបឡើងវិញ និងការកសាងភាពធន់របស់កម្ពុជា ខណៈប្រទេសកម្ពុជាកំពុងប្រយុទ្ធទប់ទល់ជាមួយកូវីដ-១៩ នឹងចាប់ផ្តើមស្តារសេដ្ឋកិច្ចឡើងវិញ។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ
សេចក្តីប្រកាសព័ត៌មានរបស់ធនាគារពិភពលោក កាលពីថ្ងៃទី២៤ ខែមិថុនានេះបានឲ្យដឹងថា៖ គម្រោងទឹកប្រាក់ ២០០លានដុល្លារនេះនឹងជួយកម្ពុជាក្នុងការដោះស្រាយវិបត្តិកូវីដ១៩ តាមរយៈកិច្ចអន្តរាគមន៍សង្គ្រោះទាន់ពេលវេលា និងចំគោលដៅសម្រាប់ពលរដ្ឋងាយរងគ្រោះ, ការសម្រួលឲ្យសេដ្ឋកិច្ចរើបឡើងវិញដោយស្វាហាប់តាមរយៈការកែទម្រង់ជារចនាសម្ព័ន្ធ និងការកសាងភាពធន់សម្រាប់ទប់ទល់ទៅនឹងស្ថានភាពអង្រួនផ្នែកសេដ្ឋកិច្ចនាពេលអនាគត។
ប្រទេសកម្ពុជាកំពុងតែប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ច និងសង្គម ដែលមិនធ្លាប់មានចាប់តាំងពី៣០ឆ្នាំ ខណៈកំណើនសេដ្ឋកិច្ចប្រទេសនេះ កាលពីឆ្នាំ២០២០ បានរួញទំហំអស់ ៣,១% ហើយពេលនេះ កម្ពុជាកំពុងស្ថិតនៅកណ្តាលស្ថានភាពដ៏អាក្រក់នៃការឆ្លងវីរុសកូវីដ-១៩។
World Bank បញ្ជាក់ថា វិស័យដែលរងផលប៉ះពាល់ខ្លាំងបំផុតរួមមាន ផ្នែកកាត់ដេរ ទេសចរណ៍ និងសំណង់ ហើយវិស័យទាំងនេះសុទ្ធតែបានផ្តល់ការងារច្រើនជាងគេនៅកម្ពុជា ដែលវាបានបង្កើតបន្ថែមនូវបញ្ហាប្រឈមសម្រាប់ការស្តារសេដ្ឋកិច្ចឲ្យមាននិរន្តភាពឡើងវិញ។
ប្រធានគ្រប់គ្រងរបស់ធនាគារពិភពលោកប្រចាំកម្ពុជា លោកស្រី អ៊ីនហ្គូណា ដូប្រាចា និយាយថា៖ ច្បាស់ណាស់ ប្រទេសកម្ពុជាពិតជាត្រូវការធនធានដែលអាចយកទៅបញ្ចេញឱ្យបានរហ័សសម្រាប់ទ្រទ្រង់ដល់កម្មវិធីគ្រប់ជ្រុងជ្រោយមួយរបស់រដ្ឋាភិបាល ដើម្បីការពារជនក្រីក្របំផុតពីផលប៉ះទង្គិចរបស់វិបត្តិនេះ និងដើម្បីជួយដល់កិច្ចប្រឹងប្រែងស្តារសេដ្ឋកិច្ចនិងសង្គមរបស់ប្រទេសឱ្យងើបឡើងវិញ។
គួររម្លឹកថា កាលពីថ្ងៃទី១៧ ខែមិថុនាកន្លងទៅ ធនាគារពិភពលោក បានឲ្យដឹងថាសេដ្ឋកិច្ចកម្ពុជាកំពុងរើបឡើងវិញបន្តិចម្តងៗ ដោយមានការព្យាករណ៍ទុកថា នឹងទទួលបានកំណើនជិត ៤% ក្នុងឆ្នាំ២០២១ ក៏ប៉ុន្តែកំណើននេះស្ថិតនៅក្នុងសភាពផុយស្រួយនៅឡើយដែរ មួយផ្នែកដោយសារតែវិធានការបិទខ្ទប់ត្រូវបានដាក់អនុវត្តម្តងទៀត ដើម្បីទប់ស្កាត់ការរាលដាលនៃការឆ្លងវីរុសកូវីដ១៩៕