​រថយន្ត ៦ ម៉ាកនេះ ត្រូវ​ចិត្ត​សេដ្ឋី​ក្រណាត់​ឥណ្ឌា​ណាស់​ យក​មក​ដាក់តាំង​​បង្អួត​ជាប់​រហូត

សង្គម​ និង​សេដ្ឋកិច្ច

មហាសេដ្ឋី​ទូទៅ​រមែង​តែង​មាន​ទម្លាប់​មួយ​ដូចៗ​គ្នា នោះ​គឺ​​ការ​ទិញ​រថយន្ត​កំពូលៗ​មក​ដាក់​តាំង​ ឬ​យើង​និយម​ហៅ​ថា​មាន​ចំណូលចិត្ត​សន្សំ​រថយន្ត​ទុក។ ដោយឡែក​ លោក​ Gautam Singhania ដែល​ជា​សេដ្ឋី​ឥណ្ឌា​ និង​សព្វថ្ងៃ​ជា​ប្រធាន និង​ជា​នាយក​គ្រប់គ្រង​ក្រុមហ៊ុន​ផលិត​ក្រណាត់​ធំ​បំផុត​ក្នុង​លោក India’s Raymond Group ក៏​មាន​ចំណូល​ចិត្ត​ដូច​នឹង​មហាសេដ្ឋី​ផ្សេងៗ​ដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាមួយ​នឹង​ទំហំ​ទ្រព្យសម្បតិ្ត​ដ៏​សម្បើម​ ១,៤ ពាន់​លាន​ដុល្លារ​អាមេរិក លោក​អាច​ជះ​លុយ​ទិញ​ឡាន​ទំនើបៗ​បាន​ច្រើន​រាប់​មិន​អស់ ហើយ​ដោយសារ​ស្រឡាញ់​យានជំនិះ​ខ្លាំងពេក​ លោក​បាន​បង្កើត​ក្រុម​ឡាន​ទំនើប​ដំបូង​នៅ​ឥណ្ឌា​ទៀត​ផង។

បើ​តាម​ការ​ចុះផ្សាយ​ពី​ The Economic Times បាន​ឲ្យ​ដឹង​ថា​ ចំនួន​ឡាន​ដែល Singhania កាន់កាប់​គឺ​មិន​ត្រូវ​បាន​ស្គាល់​ពី​ចំនួន​ជាក់លាក់​ឡើយ ដោយ​គេ​គ្រាន់តែ​ដឹង​ថា មាន​ឡាន​ទំនើប ៦ ប្រភេទ​ដែល​មហាសេដ្ឋី​វ័យ ៥៥ ឆ្នាំ​រូប​នេះ​តែង​បង្ហោះ​រូបភាព​នៅ​លើ​បណ្ដាញ​សង្គម​ Instagram​ផ្ទាល់ខ្លួន​ជា​ញឹកញយ​។

ខាងក្រោម​នេះ គឺ​ជា​ឈ្មោះ​របស់​រថយន្ត​ទាំង​ ៦ ប្រភេទ​ដែល​គ្រប់គ្រង​ដោយ​មហាសេដ្ឋី​ខាង​លើ៖

Hot Rod

ជា​ប្រភេទ​រថយន្ត​ស៊េរី​បុរាណ​ដែល​ត្រូវ​បាន​យក​មក​កែច្នៃ​ឡើងវិញ​ ហើយ​គេ​មិន​ស្គាល់​ច្បាស់​អំពី​ឆ្នាំ​ផលិត​នៃ​រថយន្ត​មួយ​នេះ​ឡើយ​។

Ferrari 348 GTB

ច្បាស់​ណាស់​ តើ​មហាសេដ្ឋី​រូប​ណា​ដែល​ថា​មិន​មាន​ឡាន​ម៉ាក​ Ferrari នោះ? គេ​ដឹង​ថា Singhania មាន​រថយន្ត​ ប្រភេទ​ Ferrari ច្រើនជាង​ ១០ គ្រឿង​ តែ​លោក​រមែង​បង្ហោះ​រូបភាព​ Ferrari 348 GTB ញឹកញាប់​ជាងគេ​។

Lamborghini Gallardo

​ចំណែក​មួយ​ប្រភេទ​នេះ​វិញ​ វា​ត្រូវ​បាន​គេ​ដឹង​ថា​ កុម្ម៉ង់​ជា​ពិសេស​ដោយ​មហាសេដ្ឋី​ខាងលើ​ ដោយ​កម្លាំង​ម៉ាស៊ីន​របស់​វា​គឺ មាន​កម្លាំង​ខ្លាំង​ជាង 550 bhp ។

Vintage Mustang

យោង​តាម​ការ​ចុះផ្សាយ​របស់ CarToq បាន​ឲ្យ​ដឹង​ថា រថយន្ត​មួយ​នេះ​ត្រូវ​បាន​កែច្នៃ​ជា​ពិសេស​ សម្រាប់​ការ​ប្រណាំង​បែប Drag Racing (ការ​ប្រណាំង​តែ ២ ឡាន​) ដោយ​បំពាក់​នូវ​ឧបករណ៍​គាំទ្រ​កង់​ខាងក្រោយ​ជា​ពិសេស។

Nissan Skyline GT-R

ចូល​មក​ដល់​ប្រភេទ​នេះ​វិញ អាច​ចាត់​ទុក​ថា​ជា​កំពូល​រថយន្ត​មួយ​លើ​លោក ដ្បិត​វា​មាន​កម្លាំង​ម៉ាស៊ីន​ដល់​ទៅ ១០០០ កម្លាំង​សេះ និង​អាច​រត់​ពី​កុងទ័រ ០ ដល់ ១០០ គម/ម៉ោង ដោយ​ប្រើ​រយៈពេល​ត្រឹម ២.៥ វិនាទី​ប៉ុណ្ណោះ។

Ariel Atom

សម្រាប់​ម៉ូដែល​ចុងក្រោយ​នេះ​វិញ វា​ត្រូវ​បាន​គេ​សន្និដ្ឋាន​ថា មាន​តម្លៃ​ប្រមាណ ១៤៨ ០០០ ដុល្លារ​ ដោយ​ភ្ជាប់​មក​ជាមួយ​ប្រភេទ​ម៉ាស៊ីន V8 និង​អាច​រត់​ពី​កុងទ័រ​ ០ ដល់ ១០០ គម/ម៉ោង​ ដោយ​ចាយ​ពេល​ត្រឹម​ ២,៣ វិនាទី​ប៉ុណ្ណោះ៕

ប្រភព: SCMP