ប្រទេសចិនគឺជាចាត់ទុកថាជាប្រទេសដែលមានឥទ្ធិពលសេដ្ឋកិច្ចធំបំផុតមួយក្នុងលោក ហើយបើក្រឡេកមើលឲ្យមែនទែនទៅ ប្រទេសមួយនេះគឺសំបូរទៅដោយមហាសេដ្ឋីជាច្រើនរូប បើធៀបនឹងប្រទេសដទៃទៀត។
យ៉ាងណាមិញ សម្រាប់អត្ថបទមួយនេះ ឧកញ៉ាញូត៍សូមធ្វើការចែករំលែកនូវរឿងសំខាន់ៗ ៧ យ៉ាងជនជាតិចិនតែតែជឿថា ជាដើមចមនៃភាពជោគជ័យនៃការធ្វើអាជីវកម្ម ឬទម្លាប់ការងាររបស់ជនជាតិចិនដូចតទៅ៖
១/ ការគោរពពេលវេលា
ចំណុចមួយនេះគឺពិតជាសំខាន់បំផុតសម្រាប់ជនជាតិចិន ហើយគេថែមទាំងអាចវិនិច្ឆ័យមនុស្សម្នាក់បានដោយផ្អែកលើចំណុចនេះទៀតផង។ នៅពេលមានការណាត់ជួបម្ដងៗ ជនជាតិចិនកម្រមកយឺតណាស់ ពោលបើមិនមកមុនកាលកំណត់ ក៏ពួកគេមកដល់ចំពេលដែរ ហើយជនជាតិជប៉ុនក៏ដូចគ្នា។
២/ ផ្ដោតសំខាន់លើលទ្ធផល
ប្រជាជនចិនមានពាក្យស្លោកច្រើនណាស់ដែលនិយាយអំពីផ្លែផ្កាដែលបានមកពីការខិតខំព្យាយាម ដូចគ្នាទៅនឹងសុភាសិតខ្មែរយើងដែលលើកឡើងថា “ព្យាយាមគង់បានសម្រេច”។ ពួកគេជឿយ៉ាងមុតមាំថា ការតស៊ូព្យាយាម គឺជាការត្រួសត្រាយផ្លូវទៅកាន់ជីវិតរីករាយ ហើយមិនត្រឹមប៉ុណ្ណោះ ប្រសិនបើពួកគេតាំងចិត្ត និងកំណត់គោលដៅច្បាស់លាស់ហើយ នោះពួកគេនឹងព្យាយាមធ្វើវាទាល់តែបានលទ្ធផលជោគជ័យ ដូចសុភាសិតមួយមានអត្ថន័យថា “គ្មានអ្វីដែលមិនអាចទៅរួចឡើយ ប្រសិនបើអ្នកមានការតាំងចិត្តច្បាស់លាស់”។
៣/ទស្សនៈ Chi Ku
Chi Ku គឺជាទស្សនៈមួយដែលអ្នកប្រាជ្ញល្បីខុងជឺធ្លាប់និយាយ ដោយវាមានអត្ថន័យថា ការតស៊ូអត់ធ្មត់ ដោយឆ្លងកាត់សកម្មភាពលំបាក។ ប្រជាជនចិនជាច្រើននាក់តែងយកទស្សនៈមួយនេះមកដាក់ពីមុខ ដោយកាលពីឆ្នាំ ២០១៤ គេហទំព័រ Wall Street Journal បានរាយការណ៍ថា ជាមធ្យមជនជាតិចិនម្នាក់ធ្វើការចន្លោះពី ២ ០០០ ទៅ ២ ២០០ ម៉ោងក្នុងមួយឆ្នាំ។
៤/ភាពជោគជ័យគឺមិនមែនពឹងលើសំណាង
មានសុភាសិតមួយលើកឡើងថា “ការតស៊ូប្រឹងប្រែង គឺអាចយកឈ្នះទេពកោសល្យបាន” ហើយនេះគឺជាអ្វីដែលជនជាតិចិនជឿដោយឥតប្រកែកបាន។ ពួកគេត្រូវបានណែនាំតាំងពីនៅក្មេងៗថា គ្រប់យ៉ាងគឺអាចសម្រេចទៅបាន ដោយការខិតខំប្រឹងប្រែង និងការតាំងចិត្ត មិនមែនពឹងតែលើទេពកោសល្យតែមួយមុខឡើយ។ ជាក់ស្ដែងបច្ចុប្បន្នពិភពលោកកំពុងជួបបញ្ហាសេដ្ឋកិច្ចស្ទើរគ្រប់ប្រទេស តែបើក្រឡេកមើលសេដ្ឋកិច្ចប្រទេសចិនវិញ គឺនៅតែបង្ហាញសក្ដានុពលបានកាន់តែរីកចម្រើន។
៥/អភិវឌ្ឍន៍ទៅកាន់ភាពល្អឥតខ្ចោះ
មិនមែននៅពេលអាជីវកម្មមួយទទួលបានភាពជោគជ័យហើយ ជនជាតិចិនឈប់ខ្វាយខ្វល់នឹងការអភិវឌ្ឍនោះទេ ពោលពួកគេនៅបន្តស្រាវជ្រាវ រកមើលចំណុចខ្សោយ និងគន្លឹះបន្ថែម ដើម្បីកែខៃឲ្យផលិតផលរបស់ពួកគេកាន់តែមានភាពល្អមួយកម្រិតបន្ថែមទៀត។
៦/ភាពខ្ជិលច្រអូសគឺជាទោសឧក្រិដ្ឋ
អ្នកនិពន្ធជនជាតិអាមេរិកកាំង Mark Twain ធ្លាប់បាននិយាយថា “គ្មានជនជាតិចិនណាម្នាក់ដែលខ្ជិលឡើយ គឺពួកគេតែងរកអីធ្វើរហូតមិនដែលទំនេរទេ”។ ច្បាស់ណាស់ គេកម្រឃើញជនជាតិចិនណាម្នាក់ ដែលអង្គុយទំនេរដកដង្ហើមចោលណាស់ ពោលគឺតែងធ្វើនេះធ្វើនោះមិនឲ្យទំនេរឡើយ ហើយបើមើលឲ្យមែនទែនទៅ ក្រុមហ៊ុននៅចិនភាគច្រើនតែងឧស្សាហ៍ផ្ដល់ប្រាក់លើកទឹកចិត្តដល់បុគ្គលិកណាដែលបញ្ចប់ការងារមុនកាលកំណត់ណាស់ ដោយសារពួកគេទម្លាប់ក្នុងការយកពេលទំនេរមកព្យាយាមបញ្ចប់ការងារដែលក្រុមហ៊ុនដាក់ឲ្យ។
៧/កុំប្រើតែកម្លាំងបាយតែមួយមុខ គួរប្រើកម្លាំងប្រាជ្ញាមកធ្វើការផង
ប្រជាជនគ្រប់រូបនៅប្រទេសចិន តែងព្យាយាមធ្វើអ្វីឲ្យបានល្អបំផុត ជាពិសេសគឺកាន់តែពិបាក ពួកគេកាន់តែជំនះធ្វើ។ មិនថាឧបសគ្គ ឬភាពលំបាកខ្លាំងប៉ុណ្ណា ក៏វាមិនមែនជារនាំងដែលធ្វើឲ្យពួកគេភ័យព្រួយឡើយ ព្រោះពួកគេតែងរិះរកដំណោះស្រាយបានដោយងាយៗ។ មានឃ្លាមួយដែលជនជាតិចិនចំណាំនិយាយ “ល្អគួរសមហើយ” ដែលនេះគឺចង់សំដៅលើលទ្ធផលសម្រេចបាន ជាជាងដំណើរការ៕
ប្រភព: aiesec