ស្ពានឆ្លងកាត់ទន្លេបាសាក់ឋិតក្នុងគម្រោងសាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី៣ សម្រេចបាន៩៧,២៥%ហើយ គិតរហូតមកទល់ពេលនេះ ក្នុងនោះ៖ ស្ពានឆ្លងកាត់ទន្លេបាសាក់ខាងកើតប្រវែង៦៣០ម៉ែត្រ សម្រេចបាន៩៥,១០% គ្រោងនឹងបញ្ចប់ នៅខែតុលា ឆ្នាំ២០២១ និងស្ពានឆ្លងកាត់ទន្លេបាសាក់ខាងលិចប្រវែង៣៦៦ម៉ែត្រ សម្រេចបាន៩៩,៤០% គ្រោងនឹងបញ្ចប់នៅខែកញ្ញា ឆ្នាំ២០២១។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ
គម្រោងផ្លូវក្រវាត់ក្រុងខ្សែទី៣នេះចាប់ផ្តើមពីចំណុចផ្លូវជាតិលេខ៤ (PK:១៤+១០៥) ស្ថិតក្នុងភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងបញ្ចប់នៅចំណុចផ្លូវជាតិលេខ១ (PK២៤+៨៤០) ស្ថិតក្នុងភូមិ ស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល (ផ្លូវមេ) និងផ្លូវជាតិលេខ១ (PK៣០+១៤០) ស្ថិត ក្នុងភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល (ផ្លូវខ្នែង)។
គម្រោងសាងសង់ផ្លូវនេះគ្រោងចំណាយថវិកាសរុបប្រមាណ ២៦៧,៦៧ លានដុល្លារអាមេរិក ចំណាយរយៈ ពេលសាងសង់ចំនួន៤២ខែ ចាប់ពីខែធ្នូ ឆ្នាំ២០១៨ និងបញ្ចប់នៅខែធ្នូ ឆ្នាំ២០២១។
សូមបញ្ជាក់ថា ផ្លូវក្រវាត់ក្រុងខ្សែទី៣នេះមានអត្ថប្រយោជន៍ ជួយដល់ការចូលរួមចំណែកកាត់បន្ថយ ការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ ដែលធ្លាប់មានកន្លងមក និងជួយសម្រួលដល់ការធ្វើដំណើររបស់បង ប្អូនប្រជាពលរដ្ឋក្នុងរាជធានីបន្ថែមទៀត ខណៈពេល ដែលរាជធានីភ្នំពេញ កំពុងត្រូវបានពង្រីកកាន់តែធំទៅៗ ស្របតាមកំណើនប្រជាជន និងការអភិវឌ្ឍ ដែលធ្វើឱ្យចរាចរណ៍យានយន្តគ្រប់ប្រភេទនៅតាមដងផ្លូវជួបប្រទះនូវការកកស្ទះចរាចរណ៍ជាញឹកញាប់៕
ប្រភព៖ មរតកកម្ពុជា