ថ្មីៗនេះ អ្នកនិយមលេងបណ្តាញសង្គមហ្វេសប៊ុកមួយចំនួន បានសម្តែងការមិនពេញចិត្តចំពោះការតែងតាំងងារជាទីប្រឹក្សា ដល់សប្បុរសជនពីរនាក់ប្តីប្រពន្ធ គឺលោកជំទាវឧកញ៉ា ស្រី ណារួម ដែលគេស្គាល់ថា ម៉ែរួយ និងលោក រួយ មង្គល ត្រូវបានតែងតាំងជាទីប្រឹក្សាផ្ទាល់ សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី បួរ គ្រី សម្តេចព្រះមហាសង្ឃរាជគណៈធម្មយុត្តិកនិកាយនៃកម្ពុជា។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ
ការមិនពេញចិត្តនេះដោយពួកគាត់លើកហេតុនឹងអះអាងថា មិនសាកសមតែងតាំងអ្នកលក់ឡេ ច្រៀងរាំតាមហ្វេសប៊ុក និងគ្រូមន្តអាគមហៅខ្យល់ ហៅទឹកភ្លៀងមកជាទីប្រឹក្សានោះទេ សមតែងតាំងមនុស្សដែលមានសមត្ថភាពនិងមានចំណេះដឹងផ្នែកព្រះពុទ្ធសាសនាទើបត្រឹមត្រូវ។
បណ្ឌិតនិងបញ្ចវ័នខ្មែរដែលមានចំណេះដឹងជ្រៅជ្រះផ្នែកព្រះពុទ្ធសាសនា បានបង្ហាញការយល់ថា នេះវាមិនមានអីខុសទេ ក្នុងការដែលសម្តេចសង្ឃសម្រេចត្រាស់ជាទីប្រឹក្សាក្នុងសាសនានោះ។
លោកឧកញ៉ា យ៉ន សេងហាន អគ្គនាយកក្រុមហ៊ុន សេងហាន និងអតីតជាឧទ្ទេសាចារ្យបង្រៀនផ្នែកព្រះវិន័យ ព្រមទាំងជាអ្នកយល់ច្បាស់ផ្នែកវិន័យបិដកជ្រៅជ្រះ បានបង្ហាញការយល់ឃើញថា៖ “ការតែងតាំងងារជាពុទ្ធសាសនូបត្ថម្ភន៍ចំពោះពុទ្ធបរិស័ទគឺជារឿងល្អ ខណៈដែលពួកគាត់មានសទ្ធាចូលរួមទំនុកបំរុងជាលុយដើម្បីជួយព្រះពុទ្ធសាសនា ប៉ុន្តែការតែងតាំងជាទីប្រឹក្សាគឺវាឆ្គាំឆ្គងណាស់ហើយ”។
បើតាមលោកឧកញ៉ា យ៉ន សេងហាន ការតែងតាំងជាទីប្រឹក្សា ទាល់តែគាត់មានចំណេះដឹង មានស្នាដៃក្នុងព្រះពុទ្ធសាសនា ម្យ៉ាងការតែងតាំងខ្លះ នាំឲ្យខូចសាសនាទៅវិញទេ។
នាយកវិទ្យាស្ថានតេជោសែនសាធារណាការ និងដឹកជញ្ជូន លោកបណ្ឌិត ហឿន សំនៀង អតីតអ្នកបួសបានច្រើនវស្សានិងសិក្សាខ្ពង់ខ្ពស់ផ្នែកព្រះពុទ្ធសាសនានៅប្រទេសអភិវឌ្ឍន៍ បានលើកឡើងថា៖ “ខ្ញុំមិនមានចម្លើយពិតប្រាកដទេ ព្រោះថា រឿងតែងតាំងទីប្រឹក្សាជាឆន្ទានុសិទ្ធិរបស់សម្តេចៗព្រះសង្ឃតែប៉ុណ្ណោះ ម្យ៉ាងក៏ខ្ញុំមិនដឹងពីអ្វីៗនៅពីក្រោយសាច់រឿងនោះដែរ”។
លោក សំនៀង បានអះអាងថា៖ “សម័យសង្គ្រាម គេយកអ្នកខ្លាំងផ្នែកយុទ្ធសាស្ត្រសង្គ្រាមមកធ្វើជាទីប្រឹក្សា សម័យកាលហឺហារ គេយកអ្នកពូកែរកលុយ មកធ្វើជាទីប្រឹក្សាមានអីខុស រឿងដែលខុស គឺ អត់លុយនោះឯង”។
ជាគំនិតផ្ទាល់ខ្លួន លោក សំនៀង គូសបញ្ជាក់ថា៖ ការតែងតាំងជាទីប្រឹក្សានេះ មិនមានអីខុសទេ (ច្បាប់រដ្ឋមិនបានកំណត់ថា សម្តេចសង្ឃមិនអាចមានទីប្រឹក្សានោះទេ ឯច្បាប់សាសនាក៏មិនហាមឃាត់ដែរ) តែរឿងសំខាន់នោះ គឺថា តើយកទីប្រឹក្សា ដើម្បីប្រឹក្សាយោបល់ដោះស្រាយបញ្ហាអ្វី? បើចង់ដោះស្រាយបញ្ហាលុយកាក់ យកអ្នកមានពូកែរកលុយជាទីប្រឹក្សា បើចង់ដោះស្រាយបញ្ហាគ្មានចំណេះដឹង យកអ្នកប្រាជ្ញបណ្ឌិតជាទីប្រឹក្សា ជាដើម។ ចម្លើយពិតគឺថា តើចង់ដោះស្រាយបញ្ហាអ្វី? រកអ្នកជំនាញផ្នែកនោះៗ មកជាទីប្រឹក្សា និងធ្វើតាមគេទៅជាការស្រេច។
បើតាមអនុប្រធានសមាគមអ្នកអភិវឌ្ឍន៍ដីឡូតិ៍កម្ពុជា និងអតីតព្រះសង្ឃសិក្សានៅប្រទេសឥណ្ឌាផ្នែកព្រះពុទ្ធសាសនា លោកឧកញ៉ា ផន វណ្ណិត បានលើកឡើងថា៖ “កិច្ចការនេះគឺខាងសាសនាជាអ្នករៀបចំចាត់ចែង ចំពោះការតែងតាំងវាចេះតែមានអ្នកទាស់ទាល់ហើយ ប៉ុន្តែព្រះពុទ្ធសាសនារុងរឿងទៅបានក៏ដោយសារបរិស័ទបួនពួកដែរ”។
លោកឧកញ៉ាគូសបញ្ជក់ថា៖ “បច្ចុប្បន្នសម្តេចសង្ឃនៅស្រុកខ្មែរកំពុងមានការគាំទ្រ និងឧបត្ថម្ភពីពុទ្ធបរិស័ទច្រើន ចឹងលោកប្រោសព្រះរាជទានទៅដល់អ្នកដែលជួយឧបត្ថម្ភសាសនា ហើយលោកសព្វព្រះទ័យត្រាស់បញ្ញតិ្តងារជាទីប្រឹក្សាគឺអត់ទាស់ខុសអ្វីនោះទេ ព្រោះគេមានគុណសម្បត្តិ និងអាចប្រឹក្សាជួយលើកតម្លៃព្រះពុទ្ធសាសនាឲ្យមានការរីកចម្រើន”។
លោកបន្តថា សម្រាប់សម្តេចសង្ឃលោកមានសិទ្ធិក្នុងការតែងតាំងអ្នកណាម្នាក់ដើម្បីឡើងងារជាទីប្រឹក្សាដោយស្របច្បាប់។
លោកបន្តថា សម្រាប់ឧកញ៉ា ស្រីណារួម គាត់ក៏មានអ្នកគាំទ្រច្រើន ដូច្នេះគាត់មានងារជាទីប្រឹក្សាច្បាស់ណាស់ថាគាត់នឹងនាំអ្នកគាំទ្រឲ្យមកចូលរួមក្នុងព្រះពុទ្ធសាសនា នឹងស្រឡាញ់សាសនាឲ្យកាន់តែច្រើនឡើង គាត់ក៏ជាមនុស្សម្នាក់ដែលជួយក្នុងកិច្ចការសាសនា។
លោកឧកញ៉ា ផន វណ្ណិត បានលើកឧទាហរណ៍សម័យព្រះមកបញ្ជាក់ថា អង្គុលិមាល កាត់ដៃហើយនិងសម្លាប់មនុស្សចំនួន ៩៩៩នាក់ ចុងក្រោយអង្គុលិមាល ក៏នៅតែជាសាវ័កល្អរបស់ព្រះសម្មាសម្ពទ្ធដោយការសន្តោសនិងប្រស់ប្រណី។ ក្រឡេកមកវិញ ការតែងតាំងនេះ ជាការលើកទឹកចិត្តឱ្យបុគ្គលម្នាក់មានឈ្មោះ តែមិនមានជាការផ្ដល់អំណាចឱ្យអ្វីអោយបុគ្គលនោះទេ អាចអោយបុគ្គលនោះចូលទៅកៀក ជិតនិងសាសនា ហើយថែមទាំងញាំងបុគ្គលនោះជ្រះថ្លាហើយ ឱ្យជ្រះថ្លាថែមទៀតផង។
លោកឧកញ៉បញ្ជាក់បន្ថែមថា ការងារនៅក្នុងសាសនានិងសម្តេចសង្ឃ គឺគ្មានការងារណាដែលមានប្រាក់ចំណូលនោះទេ ចឹងត្រូវការផ្គត់ផ្គង់ឧបត្ថម្ភពីពុទ្ធបរិស័ទទាំងអស់ ព្រោះព្រះពុទ្ធសាសនារីកចំរើនទៅបានដោយសារបរិស័ទ ៤ពួកចូលរួមជ្រុមជ្រែងទល់ទប់ខ្ជែងពីខាងទាំងបួនជ្រុងឲ្យរឹងមាំ និងឲ្យនឹង។
សូមបញ្ជាក់ថា រដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជាបានកំណត់ថា ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ និងមានប្រជាពលរដ្ឋខ្មែរស្ទើរ ៩០% គឺជាអ្នកគោរពប្រតិបត្តិព្រះពុទ្ធសាសនាច្រើនជំនាន់កន្លងទៅនិងនាបច្ចុប្បន្ននេះ។
ជាទូទៅ ប្រជាពលរដ្ឋខ្មែរភាគច្រើន គោរពប្រតិបត្តិព្រះសង្ឃតំណាងឲ្យព្រះពុទ្ធសាសនា តាមជំនឿ និងទំនៀមទម្លាប់តៗគ្នាពីដូនតាមក។ ប្រជាពលរដ្ឋអ្នកមានជំនឿលើព្រះពុទ្ធសាសនាចាត់ទុកព្រះសង្ឃជាទីពឹង នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ដូចជា ត្រូវការព្រះសង្ឃចូលរួមបុណ្យប្រពៃណីមាន បុណ្យភ្ជុំបិណ្ឌ មាឃបូជា ពិសាខបូជា បុណ្យសពក្រុមគ្រួសារសាច់ញាតិ ប្រជាពលរដ្ឋដែលបានស្លាប់ ពេលរៀបអាពាហ៍ពិពាហ៍ បុណ្យជាតិដូចជា បុណ្យចូលឆ្នាំ បុណ្យខួបឯករាជ្យជាតិ និងពិធីបុណ្យច្រើនទៀត ដែលប្រជាពលរដ្ឋ មន្ត្រីរាជការ សង្គមស៊ីវិល អាជីវករ សិប្បករ សុទ្ធសឹងតែត្រូវការព្រះសង្ឃនៃព្រះពុទ្ធសាសនា។
ដោយសារពលរដ្ឋខ្មែរមានតម្រូវការព្រះសង្ឃនៅគ្រប់ការងារសង្គមបែបនេះ មានសាធារណមតិមួយចំនួនធំបានលើកតម្កើងថា ព្រះពុទ្ធសាសនា បានរួមចំណែកធ្វើឲ្យសង្គមមានការអភិវឌ្ឍន៍ តាំងពីអតីតកាល បច្ចុប្បន្នកាល និងតទៅអនាគតកាលថែមទៀត៕