ឆមាសទី១ ឆ្នាំ២០២១នេះ កម្ពុជាបាននាំចេញអង្ករទៅកាន់ទីផ្សារគោលដៅទាំង៤៩ នៅលើពិភពលោក ក្នុងបរិមាណអង្ករសរុបចំនួន ២៨០ ៤៥០តោន ដែលគិតជាទឹកប្រាក់ចំនួន ២០២.៦៧ លានដុល្លារសហរដ្ឋអាមេរិក។ នេះបើតាមសហព័ន្ធស្រូវអង្ករកម្ពុជា Cambodia Rice Federation បានឲ្យដឹងនៅរសៀលថ្ងៃទី៤ ខែកក្កដានេះ។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ
របាយការណ៍ខាងលើឲ្យដឹងថា ការនាំចេញក្នុងឆមាសទី១នេះបានធ្លាក់ចុះប្រមាណជា ២៩.៤៧% បើធៀបទៅរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ តែមានបរិមាណប្រហាក់ប្រហែលគ្នាទៅរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៧ ២០១៨ និង ២០១៩។
ចំពោះទឹកប្រាក់នៃការនាំចេញក៏បានធ្លាក់ចុះចំនួន ២៣.៧១% ផងដែរដែលឆ្នាំ២០២០ ក្នុងឆ្នាំឆមាសទី១ ទទួលបានទឹកប្រាក់ ២៦៥.៦៦លានដុល្លារ មកត្រឹម ២០២.៦៧លានដុល្លារនៅឆមាសទី១ ឆ្នាំ២០២១នេះ។
ការធ្លាក់ចុះបរិមាណ និងតម្លៃនេះ ដោយសារតែបញ្ហាប្រឈមលើការដឹកជញ្ជូន កង្វះសំបកកុងតែន័រ ជាពិសេសទៅកាន់ទីផ្សារសហគមន៍អឺរ៉ុប ធ្វើឲ្យតម្រូវការនឹងតម្លៃនាំចេញ នៅត្រឹមកំពង់ផែរបស់អង្ករក្រអូបកម្ពុជា បានធ្លាក់ចុះយ៉ាងគំហុក ពីតម្លៃមធ្យមប្រមាណ ៩០០ដុល្លារ មកត្រឹមតម្លៃប្រហាក់ប្រហែល ៧៣០ដុល្លារ ក្នុងមួយតោនតែប៉ុណ្ណោះ។
សម្រាប់ទីផ្សារដែលកម្ពុជា បាននាំអង្ករទៅកាន់នៅក្នុង ឆមាសទី១ នៃឆ្នាំ២០២១ គឺមានប្រទេសនាំមុខចំនួន ៥ គឺទី១ ប្រទេសចិន និងតំបន់ស្វយ័តហុងកុង ម៉ាកាវ បាននាំចេញចំនួន ៥១.០៩% ស្មើនឹង ១៤៣ ២៩៣ តោន ទី២ ប្រទេសបារាំង ១០.៥០% ស្មើនឹង ២៩៤៣៤ តោន ទី៣ ប្រទេសហ្កាប៊ុង ៧.៩៣% ស្មើនឹង ២២ ២២៨ តោន ទី៤ ប្រទេសម៉ាឡេស៊ី ៦.៧៩% ស្មើនឹង ១៩០៣០ តោន និងទី៥ ប្រទេសហូឡង់ ៣.៥៤% ស្មើ ៩ ៩២១ តោន៕