សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា នរោត្តម មុនិនាថ សីហនុ ស្តេចសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជទ្រព្យផ្ទាល់ដ៏ឧត្តុង្គឧត្តម ចំនួន ៣ម៉ឺនដុល្លារសហរដ្ឋអាមេរិក ជូនដល់មន្ទីរពេទ្យហ្លួងម៉ែ ដែលបច្ចុប្បន្នជាកន្លែងសម្រាប់ពិនិត្យព្យាបាលអ្នកជំងឺកូវីត១៩ ដើម្បីជាការចូលរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺកូវីត១៩។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ
ការព្រះរាជទានព្រះរាជទ្រព្យផ្ទាល់ដ៏ឧត្តុង្គឧត្តមនេះ មិនមែនជាលើកទីមួយនោះទេ ខណៈកាលអំឡុងខែមីនាឆ្នាំនេះ សម្តេចម៉ែ សព្វព្រះរាជហឫទ័យប្រោសប្រទានព្រះរាជទ្រព្យ ២០ម៉ឺនដុល្លារ ចូលរួមជួយវិភាគទានសម្រាប់រៀបចំមន្ទីរពេទ្យ ហ្លួងម៉ែ ជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា ដើម្បីទ្រង់ដល់ដំណើរការទិញយកមន្ទីរពេទ្យ នគរទេព ហើយប្តូរឈ្មោះថាជាមន្ទីរពេទ្យ ហ្លួងម៉ែ វិញ។
គួររម្លឹកថា ប្រមុខរដ្ឋាភិបាលកម្ពុជា បានសម្រេចទិញយកមន្ទីរពេទ្យ «នគរទេព» មកធ្វើជាសម្បត្តិរដ្ឋ និងបម្រើការព្យាបាលអ្នកជំងឺកូវីដ១៩ នឹងប្តូរឈ្មោះជាមន្ទីរពេទ្យ «ហ្លួងម៉ែ»។ មន្ទីរពេទ្យ «នគរទេព» មានផ្ទៃដីទំហំ១ហិកតា ៥០អា ដែលមានអគារទំហំ ២៥,០០០ម៉ែត្រការេ កំពស់៥ជាន់ មានប្រព័ន្ធ ទឹក ភ្លើងល្អដែលបំពាក់ដោយប្រព័ន្ធសទ្បា (solar) និងមានម៉ាស៊ីនភ្លើងបំរុងកម្លាំង ៣៥០ KWA បំពាក់ដោយម៉ាស៊ីនផ្លាស់ប្ដូរភ្លើងដោយស្វ័យប្រវត្តិទៀតផង៕