លោក Roman Abramovich ជាសេដ្ឋីសញ្ជាតិរុស្សី និងជាម្ចាស់ក្លឹបតោខៀវ Chelsea។ ត្រូវបានគេស្គាល់ជាមហាសេដ្ឋីមួយរូប ហើយជានិច្ចកាលក្រោមការកាន់កាប់របស់សេដ្ឋីរុស្សីរូបនេះ មានគ្រូបង្វឹកមិនតិចទេដែលតែងរបូតតំណែងប្រសិនបើមហាសេដ្ឋីរុស្ស៊ីយល់ឃើញថា ពួកគេមិនបានបំពេញតួនាទីបានល្អ។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ
យ៉ាងណាមិញ ការបណ្ដេញគ្រូបង្វឹក គឺជារឿងមួយដែលគ្រប់គ្នាបានដឹងអំពីមហាសេដ្ឋីខាងលើ តែតទៅនេះ គឺជាការពិតទាំង ៥ យ៉ាងដែលប្រហែលមិនមានមនុស្សច្រើននាក់ទេ ដែលបានដឹងអំពីឯកជនភាពរបស់អ្នកជំនួញវ័យ ៥៤ ឆ្នាំរូបនេះ។
1/ ធ្លាប់កំព្រាឳពុកម្ដាយតាំងពីវ័យ ២ ឆ្នាំ
Abramovich កើតក្នុងឆ្នាំ ១៩៦៦ នៃត្រកូលគ្រួសារក្រខ្សត់ជនជាតិជ្វីស តែជាអកុសល លោកបានបាត់បង់ម្ដាយត្រឹមវ័យ ១ ឆ្នាំ អំឡុងពេលសង្គ្រោះនៅមន្ទីរពេទ្យ និងក្រោយមកបាត់បង់ឳពុកនៅវ័យត្រឹម ២ ឆ្នាំ ដោយសារមានគ្រោះថ្នាក់នៅការដ្ឋានសំណង់ដែលជាទីកន្លែងធ្វើការរបស់ឪពុក។
ដោយសារគ្មានបងប្អូនបង្កើត ដូច្នេះលោកបានក្លាយជាក្មេងកំព្រានៅវ័យត្រឹម ២ ឆ្នាំ។ ក្រោយមកលោក Leib ដែលជាពូបង្កើតរបស់ Abramovich បានយកលោកចិញ្ចឹមនៅទីក្រុង Ukhta ដែលសីតុណ្ហភាពនៅទីនោះជាមធ្យមគឺ ក្រោម 0 អង្សារសេ។ រហូតដល់អាយុ ៧ ឆ្នាំលោកបានទៅរស់នៅទីក្រុង Moscow ជាមួយលោកយាយ និងពូម្នាក់ទៀត។
2/ អាជីវកម្មតំបូង គឺលក់ប្រេងដែលត្រូវគេលួច
នៅវ័យ ១៨ ឆ្នាំបន្ទាប់ពីបញ្ចប់ការសិក្សានៅវិទ្យាស្ថាន Gubkin Institute of Oil and Gas និងវិទ្យាស្ថានផ្នែកឧស្សាហកម្មមួយទៀតនៅទីក្រុង Ukhta លោកត្រូវបានគេកោះហៅចូលបម្រើកងទ័ព ដែលគ្រានោះ សូវៀតកំពុងធ្វើសង្គ្រាមជាមួយអាហ្វហ្គានីស្ថាន។
អំឡុងពេលស្ថិតក្នុងជួរកងទ័ព Abramovich មានគំនិតមួយពីការធ្វើជំនួញដែលអាចអោយលោកទទួលបានប្រាក់ជាច្រើន។
លោក Nikolai Panteleimonov ដែលជាមិត្តម្នាក់អំឡុងពេលបម្រើកងទ័ព បានទម្លាយថា Abramovich បានរៀបគម្រោងការមួយ ដោយឃុបឃិតជាមួយអ្នកដឹកប្រេង ដោយសុំបូមប្រេងពីឡានណាដែលមានប្រេងពេញ ហើយគេនឹងយកប្រេងទាំងនោះទៅលក់ឲ្យអ្នកបើកបរដទៃទៀតក្នុងតម្លៃថោកជាងទីផ្សារ។
3/ នាវាផ្ទាល់ខ្លួនរបស់លោកមានប្រព័ន្ធការពារគ្រាប់មីស៊ីល
បើទោះបីជា Abramovich រស់នៅទីក្រុងឡុងដ៍ក្ដី តែជាទូទៅលោកច្រើនចាយពេលវេលាលើយន្តហោះផ្ទាល់ខ្លួនម៉ាក 767 Boeing ដែលរចនាដោយខ្លួនឯង និងនាវាផ្ទាល់ខ្លួនច្រើនជាងការនៅផ្ទះ។
នាវាដែលមានប្រវែងខ្លួន ១៦២.៥ ម៉ែត្រ គឺជានាវាធំបំផុតទី ២ លើលោក ដោយគេសន្មតថាមានតម្លៃប្រមាណ ៤០៣ លានដុល្លារ ដែលមានចំណតឧទ្ធម្ភាគចក្រ ២ អាងហែលទឹក២ កន្លែងរាំកម្សាន្ត១ និងបន្ទប់សរុប ២៤។ នៅមិនទាន់អស់ទេ វាថែមទាំងបំពាក់ជាមួយប្រព័ន្ធការពារគ្រាប់មីស៊ីល និងនាវាមុជទឹកខ្នាតតូចមួយទៀត។
4/គ្រាន់តែអង្គរក្សការពារខ្លួន Abramovich ចាយជិត ២ លានដុល្លារក្នុងមួយឆ្នាំ
ក្នុងនាមជាមហាសេដ្ឋីមួយរូប Roman Abramovich ច្បាស់ជាមានគូប្រជែង ដូច្នេះហើយទើបសុវត្ថិភាពរបស់លោកគឺតែងចាត់ទុកជារឿងសំខាន់បំផុត។
ដោយសារបែបនេះហើយ ទើប Abramovich គឺចាយលុយយ៉ាងទូលាយដៃចំពោះការការពារខ្លួន ពោលគឺ ក្នុងមួយឆ្នាំៗលោកចាយអស់ប្រមាណ ១,៦៦ លានដុល្លារ ទៅលើការជួលអង្គរក្សប្រមាណ ២០ នាក់ ដែលពួកគេសុទ្ធសឹងតែជាអតីតកងកម្លាំងទាហាន។
5/ មុនទិញក្លឹប Chelsea លោកចង់ទិញ Tottenham Hotspur
Tottenham Hotspur គឺជាក្លឹបដែលសេដ្ឋីរុស្ស៊ីចង់ទិញ តែដោយសារការចរចាមិនត្រូវរ៉ូវគ្នា ទើបលោកសម្រេចទិញ Chelsea វិញ ក្នុងតម្លៃជាង ៨០ លានដុល្លារវិញ ដែលវាត្រូវបានដឹងថាមានតម្លៃថ្លៃជាង Spurs តែទោះជាយ៉ាងណា Abramovich នៅតែចំណេញ ដ្បិតពេលនោះកីឡដ្ឋានក៏ធ្វើហើយរួចរាល់ និងថែមទាំងមានសណ្ឋាគារ ២ ស្រាប់ថែមទៀតនៅទីនោះ៕
ប្រភព: Sportskeeda