ទស្សនាវដ្ដី Forbes ជានិច្ចកាលតែងធ្វើការផ្សាយពីបុគ្គលល្បីៗ និងមានឥទ្ធិពលខ្លាំងលើលោកដូចជា មហាសេដ្ឋីលំដាប់ពិភពលោក Jeff Bezos ស្ថាបនិកក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិច Amazon ជាដើម។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ
កាលពីពេលថ្មីៗនេះ Forbes ក៏បានទម្លាយនូវបញ្ជីឈ្មោះមហាសេដ្ឋីប្រចាំឆ្នាំ ២០២១ ក្នុងនោះក៏មានមហាសេដ្ឋីជនជាតិវៀតណាមដល់ទៅ ៦ រូប សុទ្ធតែអ្នកជំនួញក្តោបក្តាប់ជំនួញធំៗនៅក្នុងប្រទេសវៀតណាម។ ឧកញាញូត៍នឹងធ្វើការរៀបរាប់ត្រួសៗអំពីបុគ្គលទាំង ៦ រូបដូចខាងក្រោម៖
1/ Pham Nhat Vuong គឺជាស្ថាបនិកក្រុមហ៊ុន Vingroup ឈរនៅលេខរៀង ២៧០ ក្នុងចំណោមមហាសេដ្ឋីមានបំផុតសរុប២ ៦៧៤ នាក់ទូទាំងពិភពលោក។ មិនត្រឹមតែប៉ុណ្ណោះ លោករក្សាឈ្មោះក្នុងបញ្ជីមួយនេះបានរហូតដល់ទៅ ៨ ឆ្នាំហើយ ដែលវាជារឿងកម្រសម្រាប់មហាសេដ្ឋីនៅអាស៊ីអាចធ្វើបាន។ បុរសវ័យ ៥២ ឆ្នាំជាបុគ្គលមានទ្រព្យច្រើនបំផុតប្រចាំប្រទេសវៀតណាម ៨,៧ ពាន់លានដុល្លារ ច្រើនជាងឆ្នាំទៅ ២៣៣ លានដុល្លារ។
2/ Nguyen Thi Phuong Thao វ័យ ៥០ ឆ្នាំជាស្រ្តីតែម្នាក់ក្នុងចំណោមមហាសេដ្ឋីទាំង ៦ រូបរបស់វៀតណាម។ លោកស្រីបានឈរឈ្មោះក្នុងបញ្ជីនេះបាន ៥ លើករួចមកហើយ។ លោកស្រីជានាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ VietJet Air និងជាអនុប្រធានធនាគារ HDBank ផងដែរ ខណៈទ្រព្យសម្បត្តិរបស់អ្នកស្រីគឺស្ថិតក្នុងទំហំ ២,៧ ពាន់លានដុល្លារ និងឈរនៅលេខរៀង ១ ១៤៨ ទូទាំងពិភពលោក។
3/Tran Dinh Long នៃក្រុមហ៊ុន Hoa Phat Group បានបង្ហាញមុខក្នុងបញ្ជីមហាសេដ្ឋីជុំវិញពិភពលោកជាលើកទី ២ ខណៈលើកតំបូងគឺ កាលពីឆ្នាំ ២០១៨ រីឯទំហំទ្រព្យសម្បត្តិរបស់លោកវិញគឺ ២,៤ ពាន់លានដុល្លារ។
4/Ho Hung Anh ដែលជាម្ចាស់គ្រប់គ្រងក្រុមហ៊ុន Techcombank បានបង្ហាញខ្លួនជាលើកទី ៣ ខណៈទំហំទ្រព្យសម្បត្តិរបស់អ្នកជំនួញវ័យ ៥០ ឆ្នាំគឺមាន ១,៧ ពាន់លានដុល្លារសម្រាប់ឆ្នាំនេះ។
5/Tran Ba Duong បានរក្សាតំណែងនៅក្នុងបញ្ជីមួយនេះ បានរយៈពេល ៣ ឆ្នាំហើយពោលគឺតាំងពីឆ្នាំ ២០១៨ ខណៈទំហំទ្រព្យសម្បត្តិរបស់ស្ថាបនិកក្រុមហ៊ុនផលិតរថយន្តTruong Hai Auto Corporation ហៅកាត់ THACO មាន ១,៦ ពាន់លានដុល្លារ។
6/Nguyen Dang Quang ដែលជាម្ចាស់ក្រុមហ៊ុន Masan Group បានលេចវត្តមានសារជាថ្មី ក្រោយបបាត់ឈ្មោះកាលពីឆ្នាំមុន ខណៈទំហំទ្រព្យសម្បត្តិរបស់លោកគឺមាន ១,២ ពាន់លានដុល្លារ។
បញ្ជាក់ដែរថា សម្រាប់នាមមហាសេដ្ឋីមានបំផុតលើពិភពលោកគឺនៅបន្តគ្រប់គ្រងដោយលោក Jeff Bezos ស្ថាបនិកក្រុមហ៊ុន Amazon រយៈពេល ៤ ឆ្នាំផ្ទួនៗ ដោយបច្ចុប្បន្នលោកមានទំហំទ្រព្យសម្បត្តិ ១៧៧ ពាន់លានដុល្លារ ខណៈទឹកប្រាក់ប្រមាណ ៦៤ ពាន់លានដុល្លារត្រូវបានកើនឡើងជារៀងរាល់ឆ្នាំ ដោយសារកំណើនភាគហ៊ុនក្រុមហ៊ុន Amazon ៕
ប្រភព: Hanoitimes