ព្រលានយន្តហោះ​ធំ​បំផុត​ទាំង ១០ ក្នុង​លោក មាន​មួយ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍

សង្គម​ និង​សេដ្ឋកិច្ច

ព្រលានយន្តហោះ​គឺ​ជា​ស្នូល​សំខាន់​មួយ​សម្រាប់​ដំណើរការ​សេដ្ឋកិច្ច​ប្រចាំ​ប្រទេស​នីមួយៗ ហើយ​ក៏​ជា​មធ្យោបាយ​ធ្វើ​ដំណើរ​យ៉ាង​ល្អ​បំផុត​សម្រាប់​ដំណើរ​កម្សាន្ត​ឆ្លង​ប្រទេស។​

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កាលពី​ឆ្នាំ ២០១៩ ប្រទេស​ចិន​បាន​សម្ពោធ​ប្រលានយន្តហោះ​ថ្មី​មួយ ដែល​មាន​សណ្ឋាន​ជា​រាង​ផ្កាយ​សមុទ្រ ហើយ​វា​បាន​ចំណាយ​ពេល​ប្រមាណ ៥ ឆ្នាំ​ដើម្បី​បញ្ចប់​ការសាងសង់​ ដោយ​ចាយ​អស់​ទឹក​ប្រាក់​ប្រមាណ ១១,៤ ពាន់​លាន​ដុល្លារ​ និង​ជា​ព្រលានយន្តហោះ​អន្តរជាតិ​ទី ២ នៅ​ទីក្រុង​ប៉េកាំង បន្ទាប់ពី​ព្រលានយន្តហោះ Beijing Capital International Airport។

ត​ទៅ​នេះ​ គឺជា​បញ្ជី​ព្រលានយន្តហោះ​ធំ​បំផុត​ទាំង ១០ ក្នុង​ពិភពលោក ដោយ​រាប់​គិត​ពី​ទំហំ​សាងសង់​លើ​ផ្ទៃដី​ដូចតទៅ៖

10/ Suvarnabhumi Airport

បើក​ក្បាល​ដំបូង​នៃ​បញ្ជី គឺ​ជា​ព្រលានយន្តហោះ​អន្តរជាតិ​ប្រចាំ​ប្រទេស​ថៃ ដែល​មាន​អត្ថន័យ​ថា ដែនដី​មាស។ វា​ត្រូវ​បាន​សាងសង់​លើ​ផ្ទៃ​ដី​ទំហំ ៣២,៤ km² ហើយ​ក៏​ជា​ព្រលានយន្តហោះ​ធំ​បំផុត​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍​ផង​ដែរ។

9/Cairo International Airport

នេះ​គឺ​ជា​ព្រលានយន្តហោះ​មាន​ការ​ធ្វើ​ចរាចរណ៍​មមាញឹក​បំផុត​ទី ២ ប្រចាំ​ទ្វីប​អាហ្វ្រិក​ ដោយ​វា​ត្រូវ​បាន​សង់​លើ​ផ្ទៃដី​ទំហំ ៣៦.២៥ km² នៅ​តំបន់ Heliopolis និង​ជានិច្ច​កាល​ជើង​ហោះហើរ EgyptAir និង Nile Air តែង​ធ្វើ​ចរាចរណ៍​នៅ​ទីនោះ។ ចំណុច​គួរ​ឲ្យ​ចាប់អារម្មណ៍​មួយទៀត​នោះ​គឺ កាល​ពី​សង្គ្រាម​លោក​លើក​ទី ២ វា​គឺ​ជា​បញ្ជាការដ្ឋាន​កងទ័ពអាកាស​សហរដ្ឋអាមេរិក​ មុន​ប្រែ​ក្លាយ​ជា​ព្រលានយន្តហោះ​អន្តរជាតិ​ដូច​សព្វថ្ងៃ​។

8/ Shanghai Pudong International Airport

សាងសង់​លើ​ផ្ទៃដី​ទំហំ ៣៩.៨៨ km² និង​មាន​រយៈ​ចម្ងាយ​ត្រឹម ៣០ km ពី​កណ្ដាល​ទីក្រុង​សៀងហៃ ព្រលានយន្តហោះ​មួយ​នេះ​ជាប់​ឈ្មោះ​ជា​ព្រលាន​ដែល​មាន​ចរាចរណ៍​មមាញឹក​បំផុត​ទី ៥ ប្រចាំ​ទ្វីបអាស៊ី និង​ថែមទាំង​ជាប់​ចំណាត់​ថ្នាក់​លេខ ៣ ​ទូទាំង​ពិភពលោក​ផ្នែក​ដឹកជញ្ជូន​ ដោយ​កាល​ពី​ឆ្នាំ ២០១៦ មាន​ទំនិញ​ប្រមាណ​ជិត ៣,៥ លាន​តោន​ត្រូវ​បាន​ដឹក​ចេញ​ពី​ព្រលានមួយ​នេះ។

7/ George Bush Intercontinental Airport

ទំហំ​ដី​ដែល​សាងសង់​ព្រលានយន្តហោះ​មួយ​នេះ គឺ​ ៤៤.៥១ km² និង​ជា​ព្រលានយន្តហោះ​ដែល​មាន​អ្នកដំណើរ​ច្រើន​បំផុត​ទី ២បន្ទាប់ពី​ព្រលានយន្តហោះ O’Hare International Airport នៅ​រដ្ឋ Chicago។ វា​មាន​ស្ថានីយ​រង់ចាំ​ការ​ធ្វើដំណើរ​ចំនួន ៥ និង​ច្រក​ធ្វើ​ដំណើរ​ចំនួន ១៣០​ ច្រក។

6/​Beijing Daxing International Airport

ព្រលានយន្តហោះ​មួយ​នេះ​ទើប​បើក​ការ​សម្ពោធ​កាលពី​ឆ្នាំ​២០១៩​ប៉ុណ្ណោះ ជាមួយ​រយៈពេល​សាងសង់​ ៥ ឆ្នាំ​ និង​កញ្ចប់​ថវិកា​ប្រមាណ ១១.៤ ពាន់​លាន​ដុល្លារ នៅ​លើ​ផ្ទៃដី ៤៧km² ។ ព្រលានយន្តហោះ​ដែល​មាន​ទីតាំង​នៅ​ព្រំ​ប្រទល់​ទីក្រុង​ប៉េកាំង ទីក្រុង​ឡាងហ្វាង និង​ទីក្រុង​ហឺប៉ី ត្រូវ​បាន​សាងសង់​ដោយ​វិទ្យាស្ថាន​ Beijing Institute of Architectural Design (BIAD) និង​រចនា​ដោយ​អ្នកគូរប្លង់​ជនជាតិ​អង់គ្លេស​ Zha Hadid Architects និង​រៀប​គម្រោង​ដោយ​ក្រុម​ជំនាញ​បារាំង ADPI។

5/Dulles International Airport

ឈ្មោះ​ពេញ​របស់ព្រលានយន្តហោះ​នេះ​គឺ Washington Dulles International Airport ដែល​ត្រូវ​បាន​ដាក់ឈ្មោះ​តាម​ John Foster Dulles ដែល​ជា​រដ្ឋលេខាធិការ​ទី ៥២ ប្រចាំ​សហរដ្ឋ​អាមេរិក។ វា​​ជា​ព្រលាន​ធំ​បំផុត​ក្នុង​ចំណោម​ព្រលានយន្តហោះ​ធំ​ទាំង ៣ ប្រចាំ​រដ្ឋ​ Baltimore-Washington តែ​បើ​គិត​ពី​ចំនួន​អ្នក​ធ្វើដំណើរ​ វា​ចាញ់​គឺ​នៅ​ចាញ់​ប្រលាន​ ២ ផ្សេងទៀត ដោយ​កាល​ពីឆ្នាំ ២០១៦ Ronald Reagan Washington National Airport មាន​ចំនួន​អ្នក​ធ្វើដំណើរ ២៤.៦ លាន​នាក់ ខណៈ Washington International Thurgood Marshall Airport មាន​ ២៥ លាន ស្របពេល​ Dulles International Airport មាន​ត្រឹម ២២ លាន​នាក់។

បញ្ជាក់​ថា​ ផ្ទៃដី​សរុប​នៃ​ព្រលានយន្តហោះ​នេះ​គឺ​មាន ៥២km²  តែ​ត្រូវ​សាងសង់​លើ​ទំហំ​ផ្ទៃដី ៤៨.៥៦km² ប៉ុណ្ណោះ។

4/ Orlando International Airport

គឺ​ជា​ព្រលាន​ដ៏​មមាញឹក​ និង​ធំ​បំផុត​ប្រចាំ​រដ្ឋ Florida ដែល​ជា​ទូទៅ​មាន​ដំណើរ​ប្រមាណ ៨៥០ អ្នក​ប្រចាំ​សប្ដាហ៍​មក​ពី​ជើងហោះហើរ​ ៤៤ ផ្សេងៗគ្នា​ ហើយ​ព្រលាន​មួយ​នេះ​គឺ ត្រូវ​សាងសង់​លើ​ផ្ទៃដី ៥៣.៨៣km²។

3/Dalla/Fort Worth International Airport

ចូល​មក​ដល់ Top 3 ក្នុង​បញ្ជី ព្រលានយន្តហោះ​មួយ​នេះ​ជា​ប្រលាន​ខ្នាត​សកល​លោក​ទី ២ និង​ខ្នាត​អន្តរជាតិ​ទី ៣ របស់​សហរដ្ឋ​អាមេរិក។ ដោយ​សារ​តែ​ទំហំ​ដី​ដល់ទៅ​ជិត ៧ ពាន់​ហិចតា គឺ​វា​ធំ​ជាង​តំបន់​ម៉ាហាថាន់​ទៅទៀត​ ពោល​គឺ​មាន​លេខ​កូដ​ប្រៃ​ស​ណី​យ​ប្រចាំ​តំបន់ មាន​ប៉ុស្តិ៍ប៉ូលីស​ ស្ថានីយ​ពន្លត់​អគ្គិភ័យ និង​កន្លែង​សង្គ្រោះ​បន្ទាន់​ថែម​ទៀត។

2/ Denver International Airport

ប្រលានយន្តហោះ​មួយ​នេះ​គឺ​ជា​ព្រលាន​ធំ​បំផុត​របស់​សហរដ្ឋ​អាមេរិក​ ដោយ​បាន​សង់​លើ​ផ្ទៃដី​ទំហំ ១៣៥.៧១km² ដែល​សឹង​តែ​ស្មើ ២ ដង​នៃ​ប្រលាន​ Dallas/Fort Worth International Airport ទៅ​ហើយ​។ វា​អាច​រក​ចំណូល​បាន​ច្រើន​សន្ធឹក​ គឺ ២៦.៣ ពាន់​លាន​ដុល្លារ ហើយ​លើស​ពី​នេះ វា​ថែម​ទាំង​ជាប់​ឈ្មោះ​ជា​ព្រលានយន្តហោះ​អន្តរជាតិ​ល្អ​បំផុត​ក្នុង​ពិភពលោក​ថែមទៀត។

1/ King Fahd International Airport


ដោយ​សារ​តែ​ទំហំ​ផ្ទៃដី​សរុប​ដល់​ទៅ ៧៧៦km² គឺ​ធំ​ជាង​ប្រទេស​សិង្ហបុរី​ទៅទៀត ដូច្នេះ​វា​គួរតែ​ហៅ​ថា​ជា​រដ្ឋ​មួយ​ទើបសម​ជាង។ វា​មាន​ទីតាំង​នៅ​តំបន់ Dammam ប្រទេស​អារ៉ាប់ប៊ីសាអូឌីត​។ យ៉ាងណាមិញ​ សម្រាប់​តួ​ព្រលានយន្តហោះ​គឺ​សាងសង់​តែ​លើ​ទំហំ​ដី ៥%​ សរុប​ប៉ុណ្ណោះ ដោយ​គិត​ទៅ​ប្រហែល ៣៦,៧៥ km²​ ហើយ​បើ​រាប់​តែ​ពី​ទំហំ​ព្រលានយន្តហោះ វា​តូច​ជាងគេ​ក្នុង​បញ្ជី​នេះ រីឯ​ចំនួន​អ្នក​ធ្វើដំណើរ​គឺ​កាន់តែ​តិច​ជាង​គេ​ ពោល​ស្ទើរ​តែ​មិន​បាន​ដល់ ១០ លាន​នាក់​ផង​ក្នុង​មួយឆ្នាំៗ៕

ប្រែសម្រួល៖ ប៉ាន់ហ្វួយ
ប្រភព: pickytop