អ្នក​ជំនាញ​ ប្រាប់​ពី​ក្បួន​ចាយ​លុយ​ត្រឹម ១% លើប្រាក់ចំណូល កុំ​ឲ្យ​ខាត​បង់​ឥ​តប្រយោជន៍

អន្តរជាតិ

ការ​សន្សំប្រាក់​គឺ​ជា​បញ្ហា​ដ៏​ធំ​មួយ​នា​ពេល​បច្ចុប្បន្ន​ ដ្បិត​ពេល​នេះ​ការទិញ​ឥវ៉ាន់​អនឡាញ គឺ​មាន​ភាព​ងាយស្រួល​ពេក ហើយ​ពេល​ខ្លះ​យើង​អាច​នឹង​ចាយវាយ​ខ្ជះខ្ជាយ​ដោយ​មិនដឹង​ខ្លួន​ក៏​ថា​បាន ហើយ​បញ្ហា​នេះ​ក៏​ជា​ចំណោទ​ធំ​សម្រាប់​អ្នក​ធ្វើការ​ដែល​មាន​ប្រាក់ខែ​នៅ​កម្រិត​មធ្យម​ផង​ដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

យ៉ាងណាមិញ សម្រាប់​អត្ថបទ​មួយ​នេះ​ អ្នកជំនាញ​​នឹង​ចែក​រំលែក​នូវ​គន្លឹះ​សន្សំប្រាក់​មួយ​ ដែល​​ត្រូវ​បាន​គេ​ហៅ​ថា ច្បាប់​នៃ​ការចាយវាយ​ ១%។ និយាយ​ឲ្យ​ខ្លី ប្រសិនបើ​អ្នក​ចង់​ទិញ​ផលិតផល​មួយ​ដែល​មាន​តម្លៃ​ស្មើ ឬ​លើស ១% នៃ​ចំណូល​ប្រចាំឆ្នាំ​របស់​អ្នក នោះ​គួរ​ពិចារណា​មួយ​ថ្ងៃ​ មុន​នឹង​សម្រេច​ចិត្ត​ទិញ​របស់​នោះ។

ឧបមា​ថា​ ចំណូល​សរុប​ប្រចាំឆ្នាំ​របស់​អ្នក​គឺ ៦០ ០០០​ ដុល្លារ ហើយ​អ្នក​ចង់​ទិញ​ទូ​សម្លៀកបំពាក់​មួយ​មាន​តម្លៃ ៦០០ ដុល្លារ ដែល​ស្មើនឹង​ ១% នៃ​ចំណូល​ប្រចាំឆ្នាំ។ ស្ថិត​ក្នុង​ស្ថានការណ៍​បែបនេះ​ អ្នក​គួរ​ពិចារណា​មួយ​ថ្ងៃ​មុន​ធ្វើការ​សម្រេចចិត្ត ព្រោះ​អ្នក​អាច​យក ៦០០ ដុល្លារ​ទៅ​ជួសជុល​ទូ​ចាស់ ឬ​អាច​ស្វែងរក​ទូ​ផ្សេង​ដែល​មាន​តម្លៃ​ធូរ​ថ្លៃ​ជាង​នេះ​ក៏​ថា​បាន។

គន្លឹះ​ខាងលើ​គឺ​ត្រូវ​បង្ហើប​ប្រាប់​ដោយ Glen James ដែល​ជា​អតីត​ទីប្រឹក្សា​ហិរញ្ញវត្ថុ នៅពេល​លោក​បាន​ទិញ​នាឡិកា​ឆ្លាត​វៃ Apple Watch តម្លៃ ១ ៣០០ ដុល្លារ​ ទាំង​ដែល​លោក​គ្មាន​គម្រោង​ទិញ​វា​ឡើយ ពោល​គឺ​នៅ​ពេល​ដើរ​ផ្សារ​ជាមួយ​មិត្តភក្ដិ​ ស្រាប់តែ​ទិញ​នាឡិកា​ភ្លាមៗ។ ក្រោយ​មក​ទើប​លោក​បង្កើត​វិធី​ ១% នៃ​ការ​ចំណាយ​នេះ ដើម្បី​ជៀស​វាង​ការ​ចាយវាយ​ឥត​ព្រៀង​ទុក​ដូច​កន្លង​មក។

ចុងក្រោយ​ ច្បាប់​នៃ​ការ​ចាយវាយ ១%​ នេះ​មិនមែន​សុទ្ធ​តែ​អាច​ប្រើ​គ្រប់​កាលៈទេសៈ​បានទេ គ្រាន់តែ​ថា​វា​ជា​គន្លឹះ​មួយ​ក្នុង​ចំណោម​វិធី​ច្រើន​ទៀត សម្រាប់​ការ​សន្សំ​ថវិកា ហើយ​វិធីសាស្ត្រ​ល្អ​បំផុត​នោះ គឺ​អ្នក​អាច​សន្សំ​បែប​ណា​ក៏​បាន​ ឲ្យ​តែ​វា​អាច​មាន​ប្រសិទ្ធភាព​យូរអង្វែង និង​ផ្ដល់​ភាព​ងាយស្រួល​ដល់​ខ្លួន​អ្នក​៕

ប្រភព: cnbc