កាលពីប៉ុន្មានខែមុន មហាសេដ្ឋី Elon Musk បានបង្កព្យុះភ្លៀងលើវិស័យរូបិយប័ណ្ណឌីជីថល ឬហៅថា Cryptocurrency ជាពិសេសគឺទៅលើកាក់មួយឈ្មោះថា Dogecoin ដោយតម្លៃរបស់វាមានសន្ទុះកើនឡើងខ្លាំងបន្ទាប់ពីនាយកគ្រប់គ្រងក្រុមហ៊ុន Tesla បង្ហោះសារអំពីកាក់មួយនេះ លើបណ្ដាញសង្គម Twitter ផ្ទាល់ខ្លួន។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ
បុរសដែលមានឈ្មោះ Glauber Contessoto បានវិនិយោគដោយហានិភ័យទៅលើ Dogecoin ដែលវាបង្កើតឡើងក្នុងលក្ខណៈលេងសើច Meme តែប៉ុណ្ណោះ។ យ៉ាងណាមិញ វាអាចចាត់ទុកថាជាសំណាងធំបំផុតមួយ ដោយ Contessoto បានអះអាងថា គេគឺជាសេដ្ឋី dogecoin កាលពីថ្ងៃទី ១៥ មេសា ដែលគ្រានោះ កាក់ដែលមាននិមិត្តសញ្ញារូបឆ្កែ Shiba Inu មានតម្លៃ ០,៣៦៥ ដុល្លារ ខណៈកាលពីខែកុម្ភៈបុរសខាងលើវិនិយោគ ២៥០ ០០០ ដុល្លារ នៅពេលកាក់នេះមានតម្លៃត្រឹម ០,០៤៥ ដុល្លារ ដែលមានន័យថាត្រឹម ២ ខែលុយរបស់គេ កើនជាង ៨០០%ឯណោះ។
យ៉ាងណា Contessoto ចចេសមិនព្រមលក់កាក់ចេញឡើយ បើទោះជាហាងឆេងតម្លៃនៃកាក់មានការប្រែប្រួលខ្លាំងមួយរយៈកាលចុងក្រោយ និងថែមទាំងមានគម្រោងទិញកាក់ផ្សេងៗថែមទៀត និងគ្រោងធ្វើការ HODL ដែលយើងនិយមហៅថា ទិញទុករយៈពេលយូរ។
ដោយសារមានជំនឿចិត្តជាមួយ Dogecoin ខ្លាំងពេក Contessoto ថែមទាំងស្នើដល់ក្រុមហ៊ុនដែលជួលគេមកផ្សាយផលិតផល ឬផ្សាយកាក់ថ្មីៗលើបណ្ដាញសង្គម ឲ្យគិតប្រាក់សម្រាប់ថ្លៃឈ្នួលជាចំនួន Dogecoin វិញ ពោលគឺមិនចង់បានជាសាច់ប្រាក់ឡើយ។
សម្រាប់កុងត្រាបន្ទាប់រវាងក្រុមហ៊ុន Acria Network និងឆាណែល YouTube ផ្លូវការរបស់គេ បុរសវ័យ ៣៣ ឆ្នាំ នឹងទទួលបាន ២៥ ០០០ ដុល្លារ ហើយពេលសួរថា តើគេចង់ឲ្យក្រុមហ៊ុនផ្ដល់ជាសាច់ប្រាក់សុទ្ធ ឬក៏ផ្ដល់ជាកាក់ឌីជីថល? គេនិយាយមិនស្ទាក់ស្ទើរថា “ប្រាកដណាស់ ខ្ញុំឆ្លើយថា Dogecoin។ ពួកគេពិតជាផ្ដល់ឲ្យខ្ញុំមុនពាក់កណ្ដាលមែន ហើយពាក់កណ្ដាលទៀត គឺនឹងត្រូវប្រគល់ឲ្យ ពេលខ្ញុំផ្ញើរវីដេអូទៅពួកគេ”។
បញ្ជាក់ដែរថា ដើម្បីសម្រេចក្ដីស្រមៃក្នុងការក្លាយជាសេដ្ឋីកាក់ឌីជីថល Dogecoin បុរស Contessoto បានសម្រេចបោះបង់ការងារនៅក្រុមហ៊ុនតន្ត្រីមួយនៅទីក្រុង Los Angeles និងងាកមកធ្វើខាងបណ្ដាញសង្គមវិញ ដោយក្នុងមួយខែគេអាចរកបានដល់ ២៨ ០០០ ដុល្លារ ដែលស្មើនឹងប្រាក់ខែនៃកន្លែងធ្វើការចាស់ ៦ ខែ។ ប្រាក់ទាំងនោះភាគច្រើនគឺគិតជា Dogecoin ហើយក្រៅពីបង់ថ្លៃផ្ទះ ថ្លៃភ្លើង និងការចាយវាយប្រចាំថ្ងៃ Contessoto យកថវិកាដែលសល់ទាំងប៉ុន្មានវិនិយោគលើ Dogecoin ទាំងអស់។ បើគិតត្រឹមម៉ោង ១២:០០ PM(ម៉ោងនៅតំបន់អឺរ៉ុប) ថ្ងៃអង្គារ តម្លៃកាក់ Dogecoin ដែលគេមានសរុបគឺប្រមាណ ៩៣១ ៦៨៩,០៨ ដុល្លារ៕
ប្រភព: cnbc