អ្នកជំនាញវិភាគថា ក្រោយចប់កូវីដ-19 វិស័យអចលនទ្រព្យនៅប្រទេសកម្ពុជានឹងមានការឡើងថ្លៃ ខណៈដែលកម្ពុជា បាននឹងកំពុងញាប់ដៃញាប់ជើងឈ្មួសឈ្មុលរកវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ មកចាក់ជូនប្រជាពលរដ្ឋ ដើម្បីជាខែលការពារមេរោគកូវីដ-១៩ ដែលរាតត្បាតក្នុងសហគមន៍។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ
លោកឧកញ៉ា ឃាង ពុទ្ធី ប្រធានក្រុមប្រឹក្សាភិបាល សមាគមអ្នកជំនាញអចលនទ្រព្យ បានអះអាងថា វិស័យអចលនទ្រព្យនៅប្រទេសកម្ពុជាក្រោយចប់កូវីដ-19 ជាពិសេសអចលនទ្រព្យដែលល្អៗនៅជុំវិញរាជធានីភ្នំពេញនៅទាំង ៨ទិសនឹងឡើងថ្លៃ គ្រាន់តែឡើងតិចឡើងច្រើនអាស្រ័យទៅលើទីតាំង ដង់ស៊ីតេប្រជាជនចំនួនប្រជាជនរស់នៅ និងសង្វាក់ផលិតកម្ម ពាណិជ្ជកម្មនៅតំបន់នោះ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធ។
ជាមួយនឹងកំណើនសេដ្ឋកិច្ច និងសន្ទុះនៃការអភិវឌ្ឍន៍យ៉ាងខ្លាំងខ្លា រាជធានីភ្នំពេញបាននឹងកំពុងធ្វើការអភិវឌ្ឍន៍ពង្រីកផ្ទៃក្រឡាខ្លួនរហូតដល់ទៅទ្វេដង។ នេះបើយោងតាមការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នាពេលកន្លងទៅ។
យោងតាមអនុក្រឹត្យស្ដីពី ការដាក់ឱ្យអនុវត្តប្លង់គោលប្រើប្រាស់ដីរាជធានីភ្នំពេញឆ្នាំ២០៣៥ របស់ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា រាជធានីភ្នំពេញនឹងបន្តពង្រីកវិសាលភាពរបស់ខ្លួនបន្ត ក្លាយជាទីក្រុងនៃប៉ូលសេវាកម្មកណ្ដាលសម្រាប់ប្រជាជនចំនួន ៦លាននាក់ ក្នុងកាំរង្វង់ចម្ងាយ ១០០គីឡូម៉ែត្រជុំវិញ ក្នុងរយៈពេលត្រឹម ១៤ឆ្នាំទៀត។
ជាមួយគ្នានេះ លោកឧកញ៉ាបានគូសបញ្ជាក់ថា យើងមិនត្រូវប្រើយុទ្ធសាស្រ្តរង់ចាំទឹកភ្លៀងនៅក្នុងការវិនិយោគលើវិស័យអចលនទ្រព្យនោះទេ គឺយើងត្រូវមើលទីតាំងណាដែលអភិវឌ្ឍន៍ពិតប្រាកដ ព្រោះប្រសិនបើយើងចូលចិត្តបង្កើតព័ត៌មានហើយឲ្យប្រជាជនផ្អើលទៅទិញដោយមិនមានការអភិវឌ្ឍន៍ពិតប្រាកដនិងច្បាស់លាស់ ចុងក្រោយប្រជាជនគឺកប់ទុនវិនិយោគ មិនតែប៉ុណ្ណោះវាក៏អាចប៉ះពាល់ដល់វិស័យអចលនទ្រព្យទាំងមូលផងដែរ។
លោកឧកញ៉ាបន្ថែមថា ខ្ញុំចង់ឲ្យប្រជាជនមានចំណេះដឹងមូលដ្ឋានក្នុងការវិនិយោគអចលនទ្រព្យ វិភាគគិត ពិចារណាដោយខ្លួនឯង ជៀសជាងប្រាប់តគ្នាតំបន់នេះទំបន់នោះឲ្យគាត់ធ្វើការវិនិយោគ។
សូមបញ្ជាក់ថា ភ្នំពេញរាជធានីភ្នំពេញ និងជាទីក្រុងធំជាងគេបំផុតនៃប្រទេសកម្ពុជា ជាមជ្ឈមណ្ឌលសន្តិសុខ នយោបាយ សេដ្ឋកិច្ច សម្បត្តិវប្បធម៌ និងការទូត ។ បច្ចុប្បន្ន គម្រោងពង្រីកទីក្រុង និងកសាងហេដ្ឋារចនាសម្ព័ន្ធគ្រប់ប្រភេទរបស់រដ្ឋបាលសាលារាជធានីភ្នំពេញ ក៏កំពុងតែដំណើរការយ៉ាងមមាញឹក ដើម្បីឆ្លើយតបនឹងចំនួនប្រជាជនក្នុងក្រុង កាន់តែកើនឡើងរៀងរាល់ឆ្នាំ។ រាជធានីភ្នំពេញ ត្រូវបានគេព្យាករណ៍ថា អាចនឹងកើនចំនួនប្រជាពលរដ្ឋដល់ ២,៥០ លាននាក់ គិតត្រឹមឆ្នាំ ២០៣៥៕