វិបត្តិកូវីដ-១៩ ប្រជាពលរដ្ឋជាច្រើនបានជួបផលលំបាកទាក់ទងទៅនឹងបញ្ហាសេដ្ឋកិច្ចគ្រួសារ ដោយសារចំណូលត្រូវបានធ្លាក់ចុះយ៉ាងខ្លាំង និងត្រូវរកប្រាក់បង់សងទៅខាងធនាគារវិញ ជាពិសេសពួកគេភ័យខ្លាចក្នុងការបាត់បង់ដីធ្លី ឬផ្ទះសម្បែង ប្រសិនបើពួកគេគ្មានលទ្ធភាពសងប្រាក់ទេនោះ។
ដោយឡែកសម្រាប់វិស័យធនាគារ និងហិរញ្ញវត្ថុ វិញក៏ជួបបញ្ហាប្រឈមនឹងការកាត់បន្ថយបុគ្គលិក ហើយអាចឈានទៅបិទទ្វារតែម្តង ប្រសិនបើស្ថានភាពកូវីដ១៩ អូសបន្លាយពេលយូតទៅទៀត។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ
ទាក់ទងនឹងបញ្ហាប្រឈមផ្នែកឯកជនពាក់ព័ន្ធនឹងវិស័យសេវាធនាគារ និងហិរញ្ញវត្ថុ ដែលមានការប៉ះពាល់ក្នុងបរិបទនៃជំងឺរាតត្បាតសកលកូវីដ-១៩ ត្រូវបានសភាពាណិជ្ជកម្មកម្ពុជា រៀបចំកិច្ចប្រជុំក្រុមការងារក្រុមការងារ “ង” “ផ្នែកសេវាធនាគារ និងហិរញ្ញវត្ថុ” ផ្នែកឯកជន នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដើម្បីប្រមូលយកបញ្ហាប្រឈម កង្វល់ សំណូមពរ របស់ផ្នែកឯកជនទាំងអស់ ដើម្បីស្នើសុំដំណោះស្រាយពីសំណាក់ដៃគូគឺធនាគារជាតិ នៃកម្ពុជា និងស្ថាប័នរដ្ឋពាក់ព័ន្ធមួយចំនួនទៀតនាពេលខាងមុខ។
កិច្ចប្រជុំនេះធ្វើឡើងនៅថ្ងៃទី៩ ខែកក្កដានេះ តាមប្រព័ន្ធវីដេអូអនឡាញហ្សូម ដឹកនាំដោយលោកបណ្ឌិត អ៉ិន ចាន់នី សហប្រធានក្រុមការងារ “ង” “ផ្នែកសេវាធនាគារ និងហិរញ្ញវត្ថុ” ផ្នែកឯកជន ក៏មានការចូលរួមពីសំណាក់ លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងអ្នកសម្របសម្រួលក្រុមការងារទាំង១៣ផ្នែកឯកជន លោកឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា តំណាងសមាគមគ្រឹះស្ថានធនាគារ-មីក្រូហិរញ្ញវត្ថុ នឹង តំណាងក្រុមហ៊ុន សមាគមធានារាប់រង និងសមាជិក សមាជិកាពាក់ព័ន្ធនឹងវិស័យនេះជាច្រើនទៀតផងដែរ។
កិច្ចប្រជុំបានពិគ្រោះពិភាក្សាទៅលើបញ្ហាប្រឈម កង្វល់ សំណើសំណូមពរដែលនៅសេសសល់ពុំទាន់ដោះស្រាយជាច្រើន និងឯកភាពគ្នាក្នុងការដាក់បញ្ចូលថ្មីៗមួយចំនួនទៀតទៅក្នុងការស្នើសុំដំណោះស្រាយ ការបំភ្លឺពីសំណាក់ដៃគូរដ្ឋាភិបាលពាក់ព័ន្ធ។
គួររម្លឹកជូនថា នៅដើមខែមេសា ឆ្នាំ២០២១នេះ សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុនៅកម្ពុជា សម្រេចលើកលែងដល់អតិថិជនមិនឱ្យបង់ការប្រាក់ ពន្យារបង់ប្រាក់ដើម និងរួចពីការផាកពិន័យចាប់ពី១ខែដល់៦ខែ បើអតិថិជនទាំងនោះមានជាប់ពាក់ព័ន្ធនឹងជំងឺកូវីដ-១៩។
ការសម្រេចនេះ ធ្វើឡើងបន្ទាប់ពីក្រុមអង្គការសង្គមស៊ីវិល សហជីព និងសមាគមជាង១០០ បានស្នើសុំទៅរាជរដ្ឋាភិបាល ចេញវិធានការណែនាំដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារ ក្នុងការផ្អាកបង់សងប្រាក់កម្ចី និងការប្រាក់ទាំងអស់សម្រាប់រយៈពេលយ៉ាងតិច ៣ខែ ដើម្បីឲ្យអ្នកខ្ចីប្រាក់មានឱកាសក្នុងការស្នាក់នៅផ្ទះ និងរក្សាសុវត្ថិភាពរបស់ពួកគេក្នុងអំឡុងពេលផ្ទុះឡើងនៃវីរុសកូវីដ១៩នេះ។
ស្របពេលដែលជំងឺកូវីដ-១៩ កំពុងឆ្លងរាលដាលខ្លាំងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ក៏បានសម្រេចរៀបចំឥណទានឡើងវិញ ពន្យារពេលបង់ប្រាក់ដើម លើកលែងបង់ការប្រាក់ និងមិនធ្វើការផាកពិន័យចាប់ពី១ខែដល់៦ខែ បើសិនជាអតិថិជនទាំងនោះជាប់ធ្វើចត្តាឡីស័ក ឬឆ្លងជំងឺកូវីដ-១៩ ឬទទួលមរណភាពដោយជំងឺកូវីដ-១៩ ជាដើម៕