កម្ពុជា ប្រកាសរកឃើញថា មានផលិតផលអង្ករបរទេស ប្រើឈ្មោះ Angkor Wat Thai Hom Mali Jasmine Rice បានចរាចរលក់តាមប្រព័ន្ធអនឡាញ ដោយប្រើប្រាស់រូបប្រាសាទអង្គរវត្ត ដោយពុំមានការ អនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចកម្ពុជា។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ
សេចក្តីប្រកាសព័ត៌មាន ចុះថ្ងៃទី១២ ខែកក្កដា ម្សិលមិញន ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងក្រសួងពាណិជ្ជកម្មកម្ពុជា បានឲ្យដឹងថា ការខិតខំស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់របស់ក្រសួងទាំងពីរ ក្រោមកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីភាគីថៃ បានរកឃើញថា ម្ចាស់ផលិតអង្ករនេះ ជាក្រុមហ៊ុនឥណ្ឌា ឈ្មោះ Voyage India មានទីតាំងនៅរដ្ឋ Maharashtra នៃប្រទេសឥណ្ឌា។
ផ្អែកលើលទ្ធផលសហការស្រាវជ្រាវនេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បាន សម្រេចអោយស្ថានទូតកម្ពុជាប្រចាំប្រទេសឥណ្ឌា ចាត់វិធានការជាប្រញាប់ តវ៉ាទៅភាគីឥណ្ឌា ឲ្យក្រុមហ៊ុន Voyage India បញ្ឈប់ជាបន្ទាន់ការប្រើប្រាស់ឈ្មោះ និងរូបប្រាសាទអង្គរវត្តលើសំបកវេចខ្ចប់របស់ខ្លួន ព្រោះទង្វើនេះប្រាសចាកនឹងច្បាប់ស្ដីពីម៉ាកពាណិជ្ជនាម និងអំពើ នៃការប្រកួតប្រជែងមិនស្មោះត្រង់ ព្រមទាំងរំលោភលើអនុសញ្ញាទីក្រុងប៉ារីស ស្ដីពីកិច្ចការពារកម្មសិទ្ធិឧស្សាហកម្មថែមទៀតផង។
បន្ទាប់ពីមានសំណើនេះ ក្រុមហ៊ុនឥណ្ឌានេះ បានបញ្ឈប់ការប្រើប្រាស់ឈ្មោះ និងរូបប្រាសាទអង្គរវត្តលើសំបកវេចខ្ចប់របស់ខ្លួន តាមការតវ៉ារបស់ក្រសួងការបរទេស ក៏ដូចជាស្ថានទូតកម្ពុជាប្រចាំប្រទេសឥណ្ឌាហើយ៕