Jack Ma គឺជាមហាសេដ្ឋីប្រាក់ពាន់លានដុល្លារ និងជាបុគ្គលមានឥទ្ធិពលបំផុតម្នាក់នៅប្រទេសចិន ក្នុងនាមជាស្ថាបនិកក្រុមហ៊ុន Alibaba។
មនុស្សគ្រប់គ្នាច្បាស់ជាស្គាល់បុរសមាឌល្អិតម្នាក់នេះ តែមានរឿងអាថ៌កំបាំងខ្លះសឹងមិនគួរឲ្យជឿ ខ្លះក៏ជារឿងអាម៉ាស់សម្រាប់មហាសេដ្ឋីចិន ដែលបានលាក់ទុកអស់រយៈពេលរាប់ឆ្នាំមកហើយ។
ខាងក្រោមនេះគឺជាអាថ៌កំបាំងទាំង ៩រឿង ដែលមនុស្សមួយចំនួនធំ មិនធ្លាប់បានដឹងពីមហាសេដ្ឋីចិន Jack Ma ផ្អែកតាមរបាយការណ៍ពីសារព័ត៌មាន Techinasia៖
1/ចាយលុយ ១ ម៉ឺនដុល្លារទិញសិទ្ធដាក់ឈ្មោះក្រុមហ៊ុន Alibaba
នៅពេលដែល Alibaba ទើបនឹងបង្កើតថ្មីៗ Jack Ma មានក្ដីស្រមៃរួចទៅហើយថា នឹងធ្វើឲ្យ Alibaba ក្លាយជាក្រុមហ៊ុនលំដាប់សកលលោក ហើយឈ្មោះក្រុមហ៊ុនត្រូវតែល្បីរន្ទឺសុះសាយ។
យ៉ាងណាមិញ ឈ្មោះ Alibaba នេះ ធ្លាប់ត្រូវបានចុះបញ្ជីពាណិជ្ជកម្មដោយក្រុមហ៊ុនដទៃ ហើយ Jack Ma បានចាយលុយ ១ ម៉ឺនដុល្លារដើម្បីទិញឈ្មោះ Alibaba នេះពីម្ចាស់ដើម។
ក្រៅពី Alibaba សេដ្ឋីចិនខាងលើក៏បានចុះបញ្ជីក្រុមហ៊ុនផ្សេងដែលមានឈ្មោះប្លែកៗដូចជា Alimama.com ដែល mama មានន័យថាម្ដាយ ខណៈ baba មានន័យថា ឪពុក សម្រាប់ភាសាចិន និងក្រុមហ៊ុន Alibaby.com ជាដើម ដោយលោកនិយាយថា Alibaba, Alimama និង Alibaby គឺជាគ្រួសារតែមួយ។
2/ លោកជឿថា ភាពជោគជ័យ មិនសំខាន់ដូចភាពបរាជ័យឡើយ
ប្រសិនបើអ្នកទាំងអស់គ្នាធ្លាប់បានស្ដាប់ Jack Ma និយាយភាសាអង់គ្លេសនៅតាមកម្មវិធីផ្សេងៗ នោះអ្នកប្រាកដជាមិនសរសើរលោកមិនបាន ព្រោះកម្រមានជនជាតិចិនណាអាចនិយាយបានល្អដូច Jack Ma ណាស់។
តែអ្នកអាចនឹងហួសចិត្តពេលដឹងថា Jack Ma មិនដែលរៀនអង់គ្លេសតាមសាលាឡើយ ពោលគឺលោកសិក្សាភាសាអង់គ្លេសតាមរយៈការជូនភ្ញៀវទេសចរណ៍ធ្វើដំណើរកម្សាន្តដោយមិនគិតប្រាក់ ហើយអនុវត្តភាសាអង់គ្លេសជាមួយពួកគេ។
Jack Ma មានទំនុកចិត្តខ្លាំងជាមួយការនិយាយភាសាអង់គ្លេសរបស់លោក តែនៅពេលប្រលងក្នុងថ្នាក់ លោកទទួលបានពិន្ទុត្រឹម ៥៩% តែប៉ុណ្ណោះ ដែលធ្វើឲ្យលោកមានអារម្មណ៍ខឹងជាខ្លាំង។
ទោះជាយ៉ាងណា Jack Ma បង្ហើបជារឿយៗថា “ពេលខ្លះ មុខរបួសគឺមានប្រយោជន៍ជាងពានរង្វាន់ទៀត ហើយអ្វីដែលសំខាន់បំផុតនោះគឺ អ្នករៀនសូត្របានប៉ុណ្ណាពីរបួសនោះ”។ និយាយឲ្យស្រួលយល់គឺ មេរៀនដែលទទួលបានពីភាពបរាជ័យ គឺសំខាន់ជាងភាពជោគជ័យ។
3/ Jack Ma ធ្លាប់ត្រូវបានគេបដិសេធការងារដល់ជាង ៣០ ដង
មុនវិវត្តខ្លួនឈានដល់ចំណុចកំពូលនេះ Jack Ma ធ្លាប់ទទួលរងការបដិសេធ មិនតិចដងទេ។ នៅក្នុងកិច្ចសម្ភាសន៍ជាមួយ Charlie Rose សេដ្ឋីជនជាតិចិននិយាយថា លោកធ្លាប់ប្រឡងចូលមហាវិទ្យាល័យនៅប្រទេសចិនបរាជ័យ ៣ លើក ធ្លាប់ត្រូវសាកលវិទ្យាល័យ Havard បដិសេធ ១០ ដង។
រឿងដែលស្មានមិនដល់នោះ គឺគ្រាន់តែដាក់ពាក្យរកការងារនៅប្រទេសចិន Jack Ma បរាជ័យដល់ទៅ ៣០ ដង។ មិនទាន់អស់ទេ នៅពេលមនុស្ស ៥ នាក់ដាក់ពាក្យចូលធ្វើជាប៉ូលិស ៤ នាក់ជាប់ តែលោកម្នាក់បែរជាធ្លាក់ ហើយរឿងដែលគេចាំបំផុតនោះគឺ នៅពេល KFC ប្រកាសរកបុគ្គលិក មនុស្ស ២៧ នាក់បានដាក់ពាក្យ ២៦ នាក់ជាប់ Jack Ma បែរជាមិនជាប់ ដោយសាររូបរាងរបស់គាត់។
4/ Jack Ma មិនដែលខ្លាចនឹងលេងសើចជាមួយរូបរាងរបស់លោកឡើយ
មនុស្សគ្រប់គ្នាតែងនិយាយបង្អាប់ Jack Ma ជាមួយនឹងរូបរាងមិនសូវសង្ហាររបស់លោក ហើយជំនួសឲ្យការអាក់អន់ស្រពន់ចិត្ត Jack Ma ជាញឹកញយក៏បង្ហោះសារលើបណ្ដាញសង្គម Weibo បាញ់ខ្លួនឯងមិនលោះពេលដែរ។
មានម្ដងនោះ នៅក្នុងកម្មវិធីរបស់ក្រុមហ៊ុនមួយ Jack Ma បានតែងខ្លួនជាមួយសំលៀកបំពាក់បែបអាវស្បែក និងពាក់សក់ប្លែកៗ ហើយថែមទាំងច្រៀងចម្រៀង “You Are So Beautiful” ដោយមានការទះដៃពីបុគ្គលិកក្រោមឱវាទជាច្រើនពាន់នាក់ថែមទៀត។
5/ Jack Ma ជាមនុស្សដែលខ្វល់ពីបរិស្ថាន
ជារៀងរាល់ឆ្នាំ Jack Ma តែងបរិច្ចាគប្រាក់ ០,៣% នៃប្រាក់ចំណូលសរុបរបស់ Alibaba សម្រាប់ការជួយដល់បរិស្ថាន។ Jack Ma ធ្លាប់និយាយក្នុងបទសម្ភាសន៍មួយនៅទីក្រុងប៉ារីស “ផ្សែងអ័ព្ទនៅផែនដី គឺពិតជាអាក្រក់ណាស់ ពេលខ្លះខ្ញុំស្រមៃថា ខ្ញុំគឺជាមនុស្សភពក្រៅ ដូច្នេះខ្ញុំអាចត្រឡប់ទៅភពរបស់ខ្ញុំវិញបាន”។
រីឯកាលពីធ្វើសិក្ខាសាលា APEC នៅប្រទេសហ្វីលីពីន អតីតប្រធានាធិបតី Barack Obama ធ្លាប់សួរ Jack Ma ថាហេតុអ្វីបានជាលោកងប់ងុលពីបរិស្ថានម៉្លេះ? Jack Ma ឆ្លើយ៖ “វាមិនទាក់ទងនឹងភាពងប់ងុលទេ តែវាជាអ្វីដែលយើងគួរតែបង្ហាញភាពព្រួយបារម្ភ។ នៅពេលខ្ញុំមានអាយុ ១២ ឆ្នាំ ខ្ញុំបានហែលទឹកលេងក្នុងបឹងមួយ ហើយប៊ិះតែលង់ ព្រោះបឹងនោះជ្រៅខ្លាំងមែនទែន តែ ៥ ឆ្នាំក្រោយពេលខ្ញុំទៅរកបឹងដដែលនោះ គឺឃើញថាវាបានរីងស្ងួតអស់ទៅហើយ។ មានក្មេងៗជាច្រើនបាត់បង់ជី.វិត ដោយសារជម្ងឺមហារីក ខណៈកាលពី ២០ ឆ្នាំមុនគ្រប់គ្នាមិនទាន់ស្គាល់ផងថា ជម្ងឺមហារីកគឺជាអ្វី”។
6/ Jack Ma គ្រោងពង្រីក Alibaba ឲ្យធំជាង Walmart
Jack Ma ធ្លាប់និយាយថា “ក្នុងរយៈពេល ១០ ឆ្នាំ ពួកយើង (Alibaba) នឹងមានវិសាលភាពធំជាង Walmart ទៀត”។ បន្ថែមពីនោះ លោកនិយាយ គម្រោងរបស់លោកគឺអាចបម្រើសេវាកម្មជូនអតិថិជន ២ ពាន់លាននាក់ និងជួយអាជីវកម្មខ្នាតតូចឲ្យបាន ១០ លាននាក់ដែលនៅក្រៅប្រទេសចិន អាចលក់ផលិតផលរបស់ពួកគេបានតាមប្រព័ន្ធអ៊ីនធឺណិត។
7/ ជាអ្នកជំនួញជោគជ័យមួយរូបតែ Jack Ma មិនដែលអានសៀវភៅពាណិជ្ជកម្មឡើយ
បើប្រាប់ថា មុនប្រឡូកក្នុងវិស័យជំនួញ Jack Ma មិនដែលអានសៀវភៅស្ដីពីការធ្វើពាណិជ្ជកម្ម នោះអ្នកអាចនឹងមិនជឿ តែនេះគឺជាការពិត។ ផ្ទុយទៅវិញ លោកបែរជាចូលចិត្តអានប្រលោមលោកគុននិយមទៅវិញ។
មានម្ដងពេលបង្កើត APP Taobao ក្នុងគោលបំណងប្រកួតប្រជែងជាមួយ eBay ក្នុងការទិញទំនិញក្នុងស្រុក មិត្តម្នាក់របស់ Jack Ma ណែនាំឲ្យលោកអានសៀវភៅមួយក្បាលឈ្មោះ “Perfect Marketing” ដែលនិយាយអំពីរបៀបនៃការយកឈ្នះ Yahoo របស់ eBay តែពេលនោះ Jack Ma មិនត្រឹមតែបដិសេធទេ ថែមទាំងនិយាយលេងសើចទៅវិញថា “ថ្ងៃណាមួយ ខ្ញុំចង់ឲ្យគ្រប់គ្នាអានសៀវភៅមួយក្បាលឈ្មោះថា “How Taobao beat Ebay” វិញម្ដង”។
ជារួម Taobao ពិតជាអាចផ្ដួលរលំ eBay ចេញពីទីផ្សារស្រុកចិនប្រាកដមែន ហើយទស្សនៈមួយនេះរបស់ Jack Ma បានបណ្ដុះគំនិតយុវជនជាច្រើនឲ្យអាននូវអ្វីដែលពួកគេចាប់អារម្មណ៍ ជាជាងអានតាមអ្នកដទៃ។
8/ Jack Ma ជាអ្នកស្រលាញ់ងប់ងុលជាមួយក្បាច់គុន Tai Chi និងប្រៀបធៀបវាជាមួយការធ្វើជំនួញ
“ខ្ញុំស្រលាញ់ក្បាច់គុន Tai Chi ព្រោះវាជាទស្សនៈមួយបណ្ដុះគំនិតឲ្យយើងមានតុល្យភាព។ នៅពេលគេសួរខ្ញុំ តើស្អប់ eBay ទេ? ខ្ញុំឆ្លើយថា ទេ។ eBay ជាក្រុមហ៊ុនយក្សមួយ ហើយប្រសិនបើពួកគេវាយខ្ញុំកន្លែងនេះ ខ្ញុំនឹងវាយគេកន្លែងផ្សេង ខ្ញុំមានមាឌតូចជាងគាត់ ដូច្នេះខ្ញុំអាចលោតបានខ្ពស់ ខណៈគាត់មិនអាចទេ”។ នេះបើតាមសម្ដីរបស់ Jack Ma ប្រាប់នៅក្នុងកិច្ចសម្ភាសន៍ជាមួយ Charlie Rose។
“ធ្វើចិត្តឲ្យស្ងប់ នោះអ្នកនឹងរកឃើញដំណោះស្រាយជាមិនខាន។ ការប្រកួតប្រជែងគឺមានលក្ខណៈគួរឲ្យចាប់អារម្មណ៍ ហើយការធ្វើជំនួញក៏មិនមែនជាសមរភូមិដែរ ដូច្នេះវាមិនមានហេតុផលអីដែលខ្ញុំអាចរស់បាន លុះត្រាតែអ្នកស្លាប់ឡើយ”។ នេះគឺទស្សនៈមួយនៃ Tai Chi ដែល Jack Ma យកវាមកប្រើប្រាស់ក្នុងជីវិតសព្វថ្ងៃ និងធ្វើអាជីវកម្ម។
9/បើ Amazon ជាផ្លែប៉ោម នោះ Jack Ma នឹងប្រែ Alibaba ជាដើមប៉ោម
ប្រាប់ទៅកាន់ Bloomberg ក្នុងកិច្ចសម្ភាសន៍មួយ Jack Ma និយាយ៖ “ប្រសិនបើ Amazon ជាផ្លែប៉ោមមួយផ្លែ នោះពួកយើង (Alibaba) ជាដើមប៉ោមមួយដើម។ ពួកយើងជឿថា ក្រុមហ៊ុនណាក៏ដោយក៏អាចក្លាយជាក្រុមហ៊ុនដូច Amazon ដែរ។ ពួកយើងចង់ឲ្យក្រុមហ៊ុនទាំងអស់ អាចវិវត្តទៅជាអាជីវកម្មអេឡិចត្រូនិក ដូច្នេះខ្ញុំគិតថា Amazon នឹងមិនមានការប្រកួតប្រជែងជាមួយពួកយើងឡើយ”។
បញ្ជាក់ដែរថា Amazon ភាគច្រើនគឺលក់ផលិតផលចេញពីរោងចក្ររបស់ពួកគេ បន្ទាប់ពីទិញពីអាជីវករផ្សេងៗ ស្របពេលដែល Alibaba គឺដើរតួជាឈ្មួញកណ្ដាលដែលផ្សារភ្ជាប់រវាងអ្នកលក់ និងអ្នកទិញ។
ចំណុចខុសគ្នាមួយទៀតរវាងក្រុមហ៊ុនទាំង ២ នេះគឺ Amazon គិតកម្រៃជើងសារពីគ្រប់ផលិតផលដែលលក់ចេញ ខណៈ Taobao របស់ Alibaba គឺមិនគិតកម្រៃជើងសារពីអ្នកលក់ឡើយ ដោយជំនួសមកវិញ គឺរកចំណូលពីការផ្សាយពាណិជ្ជកម្ម៕
ប្រភព: techinasia