សិង្ហបុរីគឺជាប្រទេសស្ថិតលើដីកោះដ៏តូចមួយ តែបើនិយាយពីសេដ្ឋកិច្ចវិញ ត្រូវបានគេហៅថាជាប្រទេសកូននាគអាស៊ី ដ្បិតប្រទេសតូចតែសេដ្ឋកិច្ចខ្លាំងជាងបណ្ដាប្រទេសមួយចំនួននៅអាស៊ី។
ដោយសារកំណើនសេដ្ឋកិច្ច ប្រជាជនជនចូលចិត្តធ្វើជំនួញ ទើបរដ្ឋបុរីនេះជាប្រទេសមួយដែលសំបូរទៅដោយអភិជន។ សិង្ហបុរីមានមហាសេដ្ឋីដល់ទៅ ៣២ រូបលេចវត្តមានលើទស្សនាវដ្ដី Forbes។ តែឧកញ៉ាញូត៍លើកយកតែបុគ្គល ៥ រូបមានទ្រព្យសម្បត្តិច្រើនបំផុតប្រចាំប្រទេសសិង្ហបុរីមកនិយាយប៉ុណ្ណោះ៖
1/ Zhang Yong មានទ្រព្យសម្បត្តិប្រមាណ ២៣ ពាន់លានដុល្លារ
មហាសេដ្ឋីមានបំផុតប្រចាំសិង្ហបុរីនេះ មានប្រវត្តិតស៊ូមិនធម្មតាឡើយ ពោលគឺជាមហាសេដ្ឋីរកស៊ីពីបាតដៃទទេ និងមានការតាំងចិត្តខ្លាំងមែនទែន។ ផ្ដើមចេញពីការមិនចេះចម្អិនអាហារ Yong បានវិវត្តខ្លួនបង្កើតហាងស៊ុប Hot Pot មានឈ្មោះ Haidilao ដែលមានសាខាទូទាំងពិភពលោក។
2/ Goh Cheng Liang មានទ្រព្យសម្បត្តិប្រមាណ ២១,៧ ពាន់លានដុល្លារ
ប្រជាជនអាស៊ីរូបណាដែលថាមិនស្គាល់ថ្នាំលាបជញ្ជាំង Nippon Paint នោះ តែបើមកស្គាល់ម្ចាស់ក្រុមហ៊ុនថ្នាំលាបមួយនេះ អ្នកនឹងភ្ញាក់ផ្អើលព្រោះ Goh Cheng Liang គឺជាបុគ្គលមានបំផុតទី ២ នៅសិង្ហបុរី។ ក្រុមហ៊ុន Nippon កាន់កំណត់ត្រាជារោងចក្រផលិតថ្នាំលាបដំបូងបង្អស់នៅសិង្ហបុរី និងបានវិវត្តខ្លួនទៅជារោងចក្រផលិតថ្នាំលាបធំបំផុតទី ៤ លើពិភពលោក។
3/ Li Xiting មានទ្រព្យសម្បត្តិប្រមាណ ២៥,១ ពាន់លានដុល្លារ
បុរសមានវ័យ ៧០ ឆ្នាំរូបនេះ ជាស្ថាបនិកក្រុមហ៊ុន Shenzhen Mindray Bio-Medical Electronics ដែលនិយាយឲ្យខ្លី ក្រុមហ៊ុនរបស់លោកគឺជាអ្នកផលិត និងចែកចាយឧបករណ៍វេជ្ជសាស្ត្រ។
រឿងដែលគួរឲ្យចាប់អារម្មណ៍ពីលោក គឺលោកជាមហាសេដ្ឋីវិវត្តខ្លួនពីចំណុចសូន្យ ហើយអំឡុងពេលការរីករាតត្បាតខ្លាំងនៃជំងឺកូវីដ ១៩ ក្រុមហ៊ុន Mindray បានបរិច្ចាគឧបករណ៍វេជ្ជសាស្ត្រទៅកាន់មន្ទីរពេទ្យជាច្រើនជាពិសេសគឺនៅតំបន់ផ្ទុះខ្លាំងដូចជា ទីក្រុង Wuhan និងភាគខាងជើងប្រទេសអ៊ីតាលី ដែលគិតជាទំហំទឹកប្រាក់ប្រមាណជិត ៥ លានដុល្លារ។
4/ Robert & Phillip Ng មានទ្រព្យសម្បត្តិប្រមាណ ១៣,៣ ពាន់លានដុល្លារ
សម្រាប់នៅចំណាត់ថ្នាក់ទី ៤ នេះអាចនិយាយបានថា ជាការស្នងមរតកបន្តពីឪពុក ដ្បិតក្រុមហ៊ុន Far East Organization គឺរកឃើញដោយលោក Ng Teng Fong ដែលបច្ចុប្បន្នកំពុងគ្រប់គ្រងដោយកូនប្រុសទាំង ២ របស់លោក។ អ្នកទាំង ២ កំពុងកាន់កាប់ក្រុមហ៊ុនអចលនទ្រព្យធំបំផុតប្រចាំសិង្ហបុរី និងជានិច្ចកាលតែងឆ្លាស់វេនគ្នាទៅមើលការខុសត្រូវនៅសាខាផ្សេងៗនៅទីក្រុងហុងកុង។
5/ Forrest Li មានទ្រព្យសម្បត្តិប្រមាណ ១២,៤ ពាន់លានដុល្លារ
បុគ្គលដែលជាប់ឈ្មោះចុងក្រោយក្នុងបញ្ជី គឺជាមហាសេដ្ឋីចំណូលថ្មី ពោលគឺមិនត្រឹមតែជាស្ថាបនិកក្រុមហ៊ុន Online Game ដែលមានឈ្មោះថា Sea ទេ គេថែមទាំងជាស្ថាបនិក APP Shoppe ដែលជាកម្មវិធីទិញទំនិញតាមប្រព័ន្ធអ៊ីនធឺណិត ដែលវាមានលក្ខណៈស្រដៀងទៅនឹង Taobao របស់ Alibaba ដែរ។
លើសពីនេះទៅទៀត Li ថែមទាំងបានឈ្នះពានរង្វាន់ ជាអ្នកជំនួញឆ្នើមបំផុតប្រចាំឆ្នាំនេះ Businessman of the Year នៅកម្មវិធី Singpapore Business Awards លើកទី ៣៥ ផងដែរ៕