ខេត្តព្រះសីហនុ គឺជាខេត្តតំបន់ឆ្នេរមួយមានការអភិវឌ្ឍលើគ្រប់វិស័យ ខណៈនៅប៉ុន្មានឆ្នាំចុងក្រោយនេះ បានកែប្រែមុខមាត់ថ្មីក្នុងរយៈពេលដ៏ខ្លី ក្លាយជាទីក្រុងដែលមានការចំរើនខ្លាំង ទាំងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ភ្លើងបំភ្លឺផ្លូវ និងសំណង់អគារពាណិជ្ជកម្មតូច ធំ ក៏ដូចជាតាមតំបន់ទេសចរណ៍នានាបង្ហាញពីសម្រស់ និងសក្តានុពលសេដ្ឋកិច្ច។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ
អ្នកជំនួញអចលនទ្រព្យ និងជាអគ្គនាយកបុរី ឡេង និមល លោកឧកញ៉ា ឡេង និមល បានបង្ហាញការចាប់អារម្មណ៍ក្រោយឃើញការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ជាមួយនឹងទេសភាពស្អាតអស្ចារ្យក្នុង “ខេត្តព្រះសីហនុ”។
លោកឧកញ៉ាមានប្រសាសន៍ថា៖ «ខេត្តព្រះសីហនុ ជាខេត្តមួយដែលមានសក្តានុពលទេសចរណ៍ដ៏វិសេសវិសាល នឹងធនធានសេដ្ឋកិច្ចខៀវ ប្រកបដោយចីរភាព សមភាព ភាពធន់ និងធម្មជាតិពិតៗ ជាពិសេស កោះ ឆ្នេរ សមុទ្រ ធនធានបាតសមុទ្រ ព្រមទាំងកំពង់ផែទេសចរណ៍ដែលជាគោលដៅសេដ្ឋកិច្ច ធុរៈកិច្ច និងលំហែកាយវិស្សមកាល រួមទាំងជាគោលដៅទីក្រុងទេសចរណ៍ទំនើបនៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន និងទៅអនាគត»។
ជាមួយគ្នានេះខេត្តព្រះសីហនុក៏ទទួលបានគម្រោងវិនិយោគលើវិស័យសេវាកម្មទេសចរណ៍ និងសណ្ឋាគារចំនួន ៦០ ដោយមានទុនវិនិយោគសរុបជាង ១០,៧៤ ពាន់លានដុល្លារ គិតមកដល់ពេលនេះ។ បើតាមការបញ្ជាក់របស់អភិវបាលខេត្តព្រះសីហុន លោក គួច ចំរើន នាពេលកន្លងទៅ។
នាយករដ្ឋមន្ដ្រី សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយមន្ដ្រីរាជការ និងក្រុមការងារបច្ចេកទេសស្ថាបនាហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្ដ-ក្រុងព្រះសីហនុកាលពីដើមខែមិថុនាឆ្នាំមុនថា «តាមរយៈការអភិវឌ្ឍ ខេត្ដនេះជាទីក្រុងទំនើបជាមួយរមណីយដ្ឋានឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក និងជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងដែលនឹងទាក់ទាញទេសចរ និងការវិនិយោគថ្មីៗបន្ថែមទៀតពីបរទេស ខេត្ដនេះក៏នឹងបម្រើដល់ការរស់នៅដ៏ល្អប្រសើរសម្រាប់ប្រជាពលរដ្ឋខ្មែរផងដែរ»។
គួររម្លឹកថា ខេត្តព្រះសីហនុ ជាប៉ូលសេដ្ឋកិច្ចមួយ ក្នុងចំណោមប៉ូលសេដ្ឋកិច្ទទាំងបី ក្នុងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទីបី របស់រាជរដ្ឋាភិបាលកម្ពុជា និងត្រូវបានកំណត់គោលដៅ ជាតំបន់សេដ្ឋកិច្ចពិេសស ពហុបំណង នៅក្នុងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម ឆ្នាំ២០១៥-២០២៥ ដោយសារខេត្តមានសក្តានុពលលើវិស័យទេសចរណ៍ ឧស្សាហកម្ម និងពាណិជ្ជកម្ម៕