នៅប៉ុន្មានឆ្នាំចុងក្រោយនេះបច្ចេកវិទ្យាព័ត៌មានវិទ្យាបានដើរតួនាទីសំខាន់ក្នុងការជំរុញអភិវឌ្ឍន៍ក្រុមហ៊ុន និយាយជារួម និយាយដោយឡែក កុំព្យុទ័រ ក៏បានចូលរួមចំណែកយ៉ាងធំធេងសម្រាប់ដំណើរអាជីវកម្មឲ្យទទួលជោគជ័យ។
បើនិយាយដល់បច្ចេកវិទ្យាព័ត៌មានវិទ្យា ប្រិយមិត្តដែលធ្វើការងារក្នុងការិយាល័យប្រាដកជាស្គាល់ក្រុមហ៊ុន ភីធីស៉ី កុំព្យូទ័រ ជាក្រុមហ៊ុនធំជាងគេបំផុត ក្នុងការផ្គត់ផ្គង់សម្ភារៈបច្ចេកវិទ្យាព័ត៌មានវិទ្យា និងសេវាកម្ម បច្ចេកវិទ្យាព័ត៌មានវិទ្យាចាប់តាំងពីឆ្នាំ ១៩៩៦ មកម្លេះ គិតមកដល់ឆ្នាំ ២០២១ នេះ។
ឧកញ៉ាញូស៍ សូមនាំប្រិយមិត្តមកស្គាល់ម្ចាស់ក្រុមហ៊ុន ភីធីស៉ី កុំព្យូទ័រ ដែលវិនិយោគលើវិស័យបច្ចេកវិទ្យាព័ត៌មានវិទ្យាជាង ២៥ឆ្នាំនៅប្រទេសកម្ពុជា លោកឧកញ៉ា អ៉ឹង សែ អគ្គនាយកក្រុមហ៊ុន PTC Computer Co., Ltd ជាអ្នកជំនួញជោគជ័យរាប់សិបឆ្នាំមកហើយនៅក្នុងវិស័យមួយនេះ ខណៈពេលបច្ចុប្បន្នលោកក៏កំពុងកាក់កប់ជាមួយក្រុមហ៊ុន Rose Plastics ដែលបានដើរតួជាចំបងក្នុងវិស័យឧស្សាហកម្មនៃការផលិតទុយោទឹកស្អាតនៅកម្ពុជា។
ក្រុមហ៊ុន ភី ធី ស៊ី កុំព្យូទ័រ ខូអិលធីឌី គឺជាក្រុមហ៊ុនដ៏ធំមួយដែលទទួលបានសិទ្ធិចែកចាយផលិតផលម៉ាកល្បីៗជុំវិញពិភពលោក ដូចជា៖ Computer, Motitors+Displays, Computer Components, Computer Accessories, Projectors, Printer& Cartridges, Servers& Storage, Networking, Telephone System, Camera Security, Battery & Power Backup, Software, and Shop By Brands។
ក្នុងរយៈពេល ២៥ ឆ្នាំមកនេះ ភី ធី ស៊ី បានផ្គត់ផ្គង់ដល់អតិថិជននូវផលិតផលដែលមានគុណភាពខ្ពស់ថ្មីសុទ្ធ 100% ព្រមទាំង មានការធានាត្រឹមត្រូវពីរោងចក្រ និងផ្តល់សេវាកម្មយ៉ាងល្អប្រសើរបំផុត ដោយមានការយកចិត្តទុកដាក់ពីក្រុមការងារ ជំនាញយ៉ាងពិតប្រាកដ ដែលស្របទៅតាមបាវចនារបស់ខ្លួនគឺ ” ភី ធី ស៊ី តែងតែឈានមុខគេជានិច្ច ទាំងគុណ ភាព និងសេវាកម្ម។
ក្រុមហ៊ុន PTC បាននាំភាពជោគជ័យ និងកិត្តិនាមល្បាញល្បីរាប់ទស្សវត្ស៍មកហើយឲ្យលោកឧកញ៉ា អ៉ឹង សែ ជាថ្នាក់ដឹកនាំដ៏កំពូលដែលតែងតែមានចក្ខុវិស័យវែងឆ្ងាយក្នុងការគ្រប់គ្រង និងដឹកនាំមុខជំនួញដើម្បីប្រកួតប្រជែងលើទីផ្សារ ក្នុងការចូលរួមអភិវឌ្ឍន៍នៅប្រទេសកម្ពុជា ឲ្យប្រែក្លាយជាប្រទេសជឿនលឿនដូចបណ្តាលប្រទេសមួយចំនួនផងដែរ។ មិនតែប៉ុណ្ណោះ លោកក៏មានជំនួយការផ្ទាល់ដ៏ចំណាន ហើយប៉ិនប្រសព្វក្នុងការជួយជ្រុមជ្រែងនាំភាពជោគជ័ដ៏អស្ចារ្យ គឺលោកជំទាវ តាំង វួចឡាយ អគ្អនាយិការងក្រុមហ៊ុន ភី ធី ស៊ី កុំព្យូទ័រ និងជាឧត្តមភរិយារបស់លោកឧកញ៉ា។
ក្រោយទទួលបានជោគជ័យក្តោបក្តាប់មុខជំនួញប្រាក់លាននៅក្នុងដៃ លោកតែងតែចូលរួមបរិច្ចាគនូវថវិកានិងសម្ភារៈជាច្រើនដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើការអភិវឌ្ឋន៍ហេដ្ឋារចនាសម្ព័ន្ធ សាលារៀន ផ្លូវថ្នល់ជាដើម។ តាមរយៈការចូលរួមឧបត្ថម្ភជាទឹកប្រាក់ និងសម្ភារៈវាល់លាននេះហើយ ជាហេតុបណ្តាលឲ្យលោកទទួលបានគោរមងារឧដ្តុងឧត្តមជា “ឧកញ៉ា” តាមព្រះរាជក្រឹត្យលេខ នស/រកត/០៦០៨/៧៣៣ ចុះថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០៨។
បន្ទាប់ពីឈរជើងរឹងមាំក្នុងពិភពជំនួញនៅប្រទេសកម្ពុជា ហើយដោយមើលឃើញតម្រូវការទីផ្សារមានការកើនឡើងខ្ពស់ក្នុងវិស័យសំណង់ ប្រព័ន្ធធារាសាស្រ្ត វិស័យកសិកម្ម និងការប្រើប្រាស់សម្ភារៈសំណង់នៅទូទាំងប្រទេស លោកឧកញ៉ា អ៊ឹង សែ សម្រេចចិត្តបង្កើតរោងចក្ររោងចក្រ រ៉ូសផ្លាស្ទិក ឡើងក្នុងឆ្នាំ២០១៩ ក្នុងគោលដៅច្បាស់លាស់ ដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុក និងនាំចេញទៅទីផ្សារអន្តរជាតិ ស្របតាមការអភិវឌ្ឍឧស្សាហកម្មក្នុងស្រុក និងក្នុងតំបន់ ក៏ដូចជាលក្ខណៈសាកល។ អ្វីដែលកាន់ងតែពិសេស រោងចក្រនេះ ដាក់ឲ្យប្រើប្រាស់បច្ចេកវិទ្យាថ្មីចុងក្រោយ ដែលហៅថា ឧស្សាហកម្ម ៤.០ ដើម្បីផលិតទុយោស្របតាមស្តង់ដា។
រោងចក្ររ៉ូសផ្លាស្ទីក ខេមបូឌា ជាការវិនិយោគរបស់លោកឧកញ៉ា អ៉ឹង សែ រួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ រោងចក្រផលិតទុយោទឹកសម្រាប់ប្រើប្រាស់ក្នុងការផ្គត់ផ្គង់ទឹកស្អាត និងបំរើឲ្យវិស័យកសិកម្ម និងឧស្សាហកម្មសំណង់នៅកម្ពុជា។ រោងចក្រនេះ បានបើកដំណើរ និងដាក់សម្ពោធជាផ្លូវការ ក្រោមអធិបតីភាពលោកបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ា អ៊ឹង សែ ស្ថាបនិករោងចក្ររ៉ូផ្លាស្ទិក រួមនិងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើនរូប។
ក្រុមហ៊ុន Rose Plastics បាន ក្លាយខ្លួនទៅជាក្រុមហ៊ុនដែលឈានមុខនៅក្នុងទីផ្សារ។ សម្រាប់ទីផ្សារក្នុងសុ្រកយើង នាពេលឥឡូវនេះត្រូវបានគេស្គាល់ថា ជាក្រុមហ៊ុនដែលមានជំនាញច្បាស់លាស់ ក្នុងការផលិត ទុយោទឹកស្អាតនិង ទុយោកសិកម្ម រួមមាន ទុយោទឹកស្អាត HDPE, ទុយោទឹក PVC-U, ទុយោទឹក PVC, ទុយោទឹកត្រជាក់ និង ទឹកក្តៅ PPR, ទុយោខែ្សភ្លើង PVC, ហ្គេនខ្សែភ្លើង PVC, និង ប្រអប់ខ្សែ ភ្លើង PVC។
គួរបញ្ជាក់ដែរថា រោងចក្រ រ៉ូសផ្លាស្ទីក ខេមបូឌា មានអាស័យដ្ឋាន ផ្លូវជាតិលេខ ៣ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ៕