ជាអ្នកជំនួញជោគជ័យមួយរូប នាឡិកាដៃមិនមែនពាក់សម្រាប់ត្រឹមមើលម៉ោងប៉ុណ្ណោះទេ តែវាក៏ជាអត្តសញ្ញាណដែលអាចឆ្លុះបង្ហាញឲ្យឃើញមានភាពថ្លៃថ្នូរផងដែរ។
សេដ្ឋីមានលុយចាយមិនខ្វះ ជះលុយរាប់ម៉ឺន រាប់សែនដុល្លារដើម្បីទិញនាឡិកាមួយគ្រឿង តែជាមួយគ្នានេះក៏មានអ្នកខ្លះទៀតមិនមែនជាមនុស្សសម្ភារៈនិយម ដែលមិនចូលចិត្តចាយវាយច្រើនដើម្បីតែរបស់ប្រើប្រាស់បែបនេះដូចគ្នា។
តួយ៉ាងលោក Bill Gates ស្ថាបនិក Microsoft និងធ្លាប់ជាសេដ្ឋីមានបំផុតលើលោក ប្រើប្រាស់នាឡិកាដៃតម្លៃត្រឹម ៧០ ដុល្លារប៉ុណ្ណោះ។
តទៅនេះ គឺជាបញ្ជីតម្លៃនាឡិកាដែលពាក់ដោយអ្នកជំនួញជោគជ័យ និងនាយកប្រតិបត្តិក្រុមហ៊ុនធំៗបំផុតក្នុងពិភពលោកដូចតទៅ៖
- Bill Gates ស្ថាបនិកក្រុមហ៊ុន Microsoft ពាក់នាឡិកា Casio Duro តម្លៃ ៧០ ដុល្លារ
- Doug McMillon នាយកប្រតិបត្តិក្រុមហ៊ុន Walmart ពាក់នាឡិកា Apple Watch តម្លៃ ៣៩៩ ដុល្លារ
- Tim Cook នាយកប្រតិបត្តិក្រុមហ៊ុន Apple ពាក់នាឡិកា Apple Watch តម្លៃ ៣៩៩ ដុល្លារ
- Satya Nadella នាយកប្រតិបត្តិក្រុមហ៊ុន Microsoftពាក់នាឡិកា Breitling Colt Automatic តម្លៃ ៣ ៦២០ ដុល្លារ
- Jeff Bezos ស្ថាបនិកក្រុមហ៊ុន Amazon ពាក់នាឡិកា Ulysse Nardin Dual Time 233-88-7តម្លៃ ១២ ៩០០ ដុល្លារ
- Akio Toyada នាយកប្រតិបត្តិក្រុមហ៊ុន Toyota ពាក់នាឡិកា Patek Philippe Calatrava 5119G តម្លៃ ២២ ៦៨០ ដុល្លារ
ក្រៅពីអ្នកជំនួញជោគជ័យខាងលើដែលចាយលុយមិនស្ទើរសម្រាប់នាឡិកាមួយគ្រឿង ងាកមកមើលអត្តពលិកមានដាច់គេក្នុងលោក Cristiano Ronaldo វិញក៏ចាយលុយប្រមាណ ២,៥ លានដុល្លារសម្រាប់នាឡិកាម៉ាក Jacob & Co Caviar ដែលដាំពេជ្រប្រមាណ ៤០០ គ្រាប់ឯណោះ ហើយសម្រាប់ស្ដេចប្រដាល់ Floyd Mayweather ដែលត្រូវគេស្គាល់ថាជាអ្នកស្រឡាញ់នាឡិកា ធ្លាប់ទម្លាយលើបណ្ដាញសង្គមផ្ទាល់ខ្លួនថា នាឡិកាថ្លៃបំផុតដែលលោកទិញគឺមានតម្លៃ ១៨ លានដុល្លារ៕
ប្រភព: Businessinsider