អភិបាលក្រុងប៉ោយប៉ែត ថ្លែងអំណរគុណលោកស្រី ទ្រី ដាណា នាំស្បៀងអាហារជួយប្រជាជនបិទខ្ទប់ដោយកូវីដ១៩

ជុំវិញ​ឧកញ៉ា

លោក គាត ហ៊ុល អភិបាល​នៃ​គណៈ​អភិបាល​ក្រុង​ប៉ោយ​ប៉ែត បាន​សម្ដែង​នូវ​ការ​ត្រេកអរ និង​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ ចំពោះ​ឧកញ៉ា ហ៊ីង បញ្ញារិទ្ធ និង​លោក​ស្រី ទ្រី ដាណា អគ្គនាយិកាក្រុមហ៊ុន ដាណា ទ្រី ខេមបូឌា ត្រេនឌីង ខូអិលធីឌី ដែល​បាន​នាំ​យក​អំណោយ​ជា​ស្បៀង​អាហារ​មួយ​ចំនួន​ធំ ប្រគល់​ជូន​រដ្ឋបាល​ក្រុង​នៅ​ថ្ងៃ​ទី១៣ ខែ​កក្កដា ឆ្នាំ​២០២១នេះ ដើម្បី​ចាត់​ចែង​ជួយ​ប្រជាពលរដ្ឋ​កំពុង​ជាប់​ក្នុង​តំបន់​បិទ​ខ្ទប់​ដោយ​ការ​រីក​រាល​ដាល​នៃ​ជំងឺ​កូវីដ១៩។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក គាត ហ៊ុល បាន​មាន​ប្រសាសន៍​ថា ក្នុង​នាម​រដ្ឋបាល​ក្រុង​ប៉ោយ​ប៉ែត លោក​ពិត​ជា​មាន​ក្ដី​ត្រេក​អរ ព្រោះ​អំណោយ​ដែល​ផ្ដល់​ជូន​ទាំង​អស់​នេះ​គឺ​ប្រជាពលរដ្ឋ​កំពុង​ត្រូវ​ការ​ជា​ចាំ​បាច់ ដោយ​សារ​ពួក​គាត់​ជាប់​នៅ​តំបន់​បិទ​ខ្ទប់ បន្ទាប់​ពី​មាន​ការ​រីក​រាល​ដាល​នៃ​ជំងឺ​កូវីដ១៩ នៅ​ក្នុង​ក្រុង​ប៉ោយ​ប៉ែត។

លោក​អភិបាល​ក្រុង​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា អំណោយ​ទាំង​អស់​នេះ នឹង​ត្រូវ​ចាត់​ចែង​បែង​ចែក​ទៅ​ដល់​ប្រជាពលរដ្ឋ​ដែល​ជួប​ការ​លំបាក​គ្រប់​ៗ​គ្នា។

ចំណែក​ឧកញ៉ា ហ៊ីង បញ្ញារិទ្ធ បាន​បញ្ជាក់​ប្រាប់​លោក​អភិបាល​ក្រុង​ប៉ោយប៉ែត​ថា បន្ទាប់​ពី​ឃើញ​ព័ត៌មាន​អំពី​ការ​បិទ​ខ្ទប់​នៅ​តំបន់​ក្រុង​បោយ​ប៉ែត លោក​និង​ភរិយា ក៏​បាន​សម្រេច​ចិត្ត​ថា​ផ្ដល់​ជំនួយ ដើម្បី​ជួយ​ដល់​ប្រជាជន។ ដើម្បី​អនុវត្ត​វិធានការ​ការពារ​ជំងឺ​​កូវីដ១៩ មិន​អាច​មាន​ការ​ជួប​ជុំ​ច្រើន ទើប​ឧកញ៉ា និង​លោក​ស្រី ទ្រី ដាណា មិន​អាច​ផ្ដល់​ជូន​ដោយ​ផ្ទាល់ ដោយ​រៀប​ចំ​ចែក​ជូន​តាម​មេ​ភូមិ​នីមួយៗ ដែល​មាន​ការ​បិទ​ខ្ទប់។

គួរ​បញ្ជាក់​ដែរ​ថា អំណោយ​ដែល​ឧកញ៉ា ហ៊ីង បញ្ញារិទ្ធ និង​លោក​ស្រី ទ្រី ដាណា ផ្ដល់​ជូន​រដ្ឋបាល​ក្រុង​ប៉ោយ​ប៉ែត​រួម​មាន អង្ករ ៥​តោន មី ២០​កេស​ធំ (ស្មើ​នឹង ១២០​កេស​តូច) ត្រីខ ២០​កេស (ស្មើ​នឹង ២០០​យួរ) និង​ទឹក​ពិសារ​ដប​ចំនួន ១០០កេសស។

លើស​ពី​នេះ លោក​ឧកញ៉ា និង​លោក​ស្រី ក៏​បាន​រៀប​ចំ​ស្បៀង​បន្ទាន់ ១០៥​គ្រួសារ​ទៀត ចែក​ជូន​តាម​មេ​ភូមិ​ដែល​មាន​ការ​បិទ​ខ្ទប់ ដើម្បី​ចែក​បន្ត​ដល់​ប្រជាពលរដ្ឋ។ ​អំណោយ​ទាំង​នោះ​មាន អង្ករ មី ត្រីខ ពងទា បន្លែ ទឹកបរិសុទ្ធ និង​ថវិកា​មួយ​គ្រួសារ​ចំនួន៥ម៉ឺន​រៀល៕