Forbes ទើបតែបង្ហាញឈ្មោះមហាសេដ្ឋីលំដាប់កំពូលលើពិភពលោក ហើយក្នុងប្រទេសអាស៊ានក៏មានមហាសេដ្ឋីមានទ្រព្យសម្បត្តិពាន់លានក្នុងបញ្ជីកំពូលសេដ្ឋីមានបំផុតលើលោករបស់ទស្សនាវដ្តី Forbes។
តទៅនេះ ឧកញ៉ាញូស៍សូមណែនាំពីប្រវត្តិត្រួសៗរបស់មហាសេដ្ឋីមានបំផុត ៥ រូបប្រចាំម៉ាឡេស៊ីដូចតទៅ៖
1/ Tan Sri Robert Kuok មានទ្រព្យសម្បត្តិសរុបប្រមាណ ១២,២ ពាន់លានដុល្លារ
ឈរនៅកំពូលតារាងគឺជាមហាសេដ្ឋីវ័យចំណាស់ជាងគេ ពោលគឺលោកមានអាយុ ៩៧ ឆ្នាំហើយ។ អ្នកជំនួញជាប់សែស្រឡាយចិនរូបនេះ ក៏ជាស្ថាបនិកក្រុមហ៊ុនជាច្រើននៅម៉ាឡេស៊ីផងដែរ ដូចជាក្រុមហ៊ុនដឹកទំនិញផ្លូវអាកាស Raya Airways, ក្រុមហ៊ុន Kerry Properties និងសណ្ឋាគារផ្កាយ ៥ Shangri-La Hotesl and Resorts ជាដើម។ ក្រៅពីនេះ លោកក៏ត្រូវបានគេស្គាល់ថាជា ម្ចាស់នាវាថ្លៃបំផុតលើលោកតម្លៃ ៤,៥ ពាន់លានដុល្លារ History Supreme ផងដែរ។
2/ Tan Sri Quek Leng Chan មានទ្រព្យសម្បត្តិសរុបប្រមាណ ៩,៦ ពាន់លានដុល្លារ
មហាសេដ្ឋីវ័យ ៧៩ ឆ្នាំរូបនេះ ជានាយកប្រតិបត្តិក្រុមហ៊ុន Hong Leong Co. ដែលមានជំនួញស្ទើរតែគ្រប់វិស័យ ដូចជា វិស័យហិរញ្ញវត្ថុ ចំណីអាហារ និងអចលនទ្រព្យជាដើម។
3/ Tan Sri Paul Koon Poh Keong & Siblings មានទ្រព្យសម្បត្តិសរុបប្រមាណ ៦.៤ ពាន់លានដុល្លារ
ក្នុងឆ្នាំ ១៩៨៦ Koon និងបងប្អូនប្រុស ៤ នាក់ផ្សេងទៀតបានបង្កើតក្រុមហ៊ុនផលិត និងចែកចាយអាលុយមីញ៉ូម ដែលមានឈ្មោះថា Press Metal Aluminium Holdings Bhd ហើយ៣៥ ឆ្នាំបន្ទាប់ ក្រុមហ៊ុនមួយនេះក្លាយជាក្រុមហ៊ុនផលិតអាលុយមីញ៉ូមធំបំផុតនៅអាស៊ីអាគ្នេយ៍។
4/ Tan Sri Ananda Krishnan មានទ្រព្យសម្បត្តិសរុបប្រមាណ ៥,៨ ពាន់លានដុល្លារ
លោកគឺជាមហាសេដ្ឋីដែលរកស៊ីចេញពីចំណុចសូន្យ ហើយបច្ចុប្បន្នគឺជា នាយកប្រតិបត្តិក្រុមហ៊ុន Usaha Tegas Group Holdings។ ប្រភពចំណូលរបស់លោកគឺ បានមកពីក្រុមហ៊ុនទូរគមនាគមន៍ Maxis ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ Astro Malaysia Holdings និងក្រុមហ៊ុនផ្ដល់សេវាកម្មផ្នែកអណ្ដូងប្រេង Bumi Armada។
5/ Tan Sri Dato’ Sri Dr Teh Hong Piow មានទ្រព្យសម្បត្តិសរុបប្រមាណ ៥,៥ ពាន់លានដុល្លារ
បុគ្គលមានបំផុតចុងក្រោយនៅបញ្ជីនេះ គឺ Tan Sri Dato’ Sri Dr Teh Hong Piow ដែលជាស្ថាបនិកធនាគារ Public Bank Bhd កាលពីឆ្នាំ ១៩៦៦ និងបានកាន់តំណែងជានាយកប្រតិបត្តិ រហូតដល់ឆ្នាំ ២០១៩ ទើបប្រកាសចុះចេញពីតំណែង។
លោកក៏ជាបុគ្គលមួយរូបក្នុងចំណោមបុគ្គល ៣ រូបដែលអនុញ្ញាតឲ្យមានសិទ្ធកាន់កាប់ភាគហ៊ុនលើសពី ១០% សម្រាប់ស្ថាប័នហិរញ្ញវត្ថុក្នុងស្រុកទៀតផង៕
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ
ប្រភព: Asiatatler