វាគឺជាលើកទីមួយក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសកូរ៉េខាងត្បូង ដែលមហាសេដ្ឋីមានបំផុតប្រចាំប្រទេសមិនមែនមានដើមកំណើតពីត្រកូលគ្រួសារអ្នកជំនួញ ពោលលោក Seo Jung-jin បានវិវត្តខ្លួនជាមហាសេដ្ឋីមានបំផុតប្រចាំប្រទេសកូរ៉េខាងត្បូងដោយលោកគឺជាស្ថាបនិកក្រុមហ៊ុនឱសថ Celltrion។
ខណៈដែលគ្រប់គ្នាកំពុងបារម្ភពីស្ថានការណ៍នៃជម្ងឺ Covid-19 តែវាក៏ជាឱកាសមួយសម្រាប់ក្រុមហ៊ុនរបស់ Seo អាចរកចំណូលពីការស្រាវជ្រាវរកឱសថដើម្បីព្យាបាលជម្ងឺនេះដូចគ្នា ដោយចំណូលក្រុមហ៊ុនបានកើនឡើងរហូតដល់ ៦៤% ដែលជាទឹកប្រាក់គឺប្រមាណ ១,៦ ពាន់លានដុល្លារក្នុងឆ្នាំ ២០២០ និងធ្វើឲ្យទ្រព្យសម្បត្តិសរុបរបស់លោកកើនដល់ ១២,៥ ពាន់លានដុល្លារ ស្របពេលប្រធានក្រុមហ៊ុន Samsung លោក Jay Y. Lee ដែលជាមហាសេដ្ឋីមានបំផុតទី ២ មានត្រឹម ១២,៤ ពាន់លានដុល្លារ។
ក្រឡេកទៅមើលប្រវត្តិនៃការតស៊ូរបស់ មហាសេដ្ឋីខាងលើ គឺមានការតស៊ូខ្លាំងមែនទែន ហើយចំណុចដែលគ្រប់គ្នាមិនសរសើរលោកមិនបាននោះ គឺទម្រាំថ្ងៃនេះ Seo ត្រូវបង្ខំចិត្តខ្ចីលុយពីអ្នកចងការប្រាក់ដែលមានអត្រាការប្រាក់ខ្ពស់ ដោយយល់ព្រមដាក់សរីរាង្គរបស់លោកជាវត្ថុបញ្ចាំ ដើម្បីបានប្រាក់មកដំណើរការក្រុមហ៊ុនមួយនេះ។
ម៉្យាងវិញទៀត ក្រុមគ្រួសាររបស់លោកក៏មិនមែនជាម្ចាស់ជំនួញធំដុំអ្វីឡើយ ពោលគឺគ្រាន់តែជាអ្នកផលិតធ្យូងថ្មលក់ប៉ុណ្ណោះ ហើយដើម្បីបញ្ចប់ថ្នាក់សិក្សាបរិញ្ញាប័ត្រនៅសាកលវិទ្យាល័យ Konkuk University នៅទីក្រុងសេអ៊ូល Seo ត្រូវធ្វើការរត់តាក់ស៊ីបណ្ដើរ និងរៀនបណ្ដើរ។
លុះដល់ឆ្នាំ ២០០០ ដោយសារវិបត្តិហិរញ្ញវត្ថុ ក្រុមហ៊ុនយានយន្ត Daewoo ដែលលោកធ្វើការបានក្ស័យធន និងបណ្ដាលឲ្យបុគ្គលិកទាំងអស់បាត់បង់ការងារ។ ២ឆ្នាំក្រោយ Celltrion ត្រូវបានលេចចេញជារូបរាង ដោយមាន Seo និងមិត្តរួមការងារនៅកន្លែងចាស់ចូលហ៊ុនគ្នាបើកអាជីវកម្ម ហើយក៏ជួបឧបសគ្គជាហូរហែ ទម្រាំមកដល់ថ្ងៃនេះ។
បញ្ជាក់ដែរថា បច្ចុប្បន្ន Seo Jung-jin បានប្រកាសចុះចេញពីតំណែងជា CEO តាំងពីខែមីនាមក ហើយទុកឲ្យកូនប្រុសទាំង ២ របស់លោកបន្តការមើលខុសត្រូវ និងគ្រប់គ្រងក្រុមហ៊ុនជំនួសវិញ៕
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ។
ប្រភព: celebritynetworth