លើពិភពលោកមានអ្នកជំនួញជាង ៥៨២ លាននាក់ឯណោះកំពុងប្រកបអាជីវកម្មផ្សេងៗ។ រាល់ថ្ងៃ អ្នកចង់ចាប់ជំនួយមានមិនខ្វះទេ តែអ្នកខ្លះក៏ទៅមុខ ហើយអ្នកឡុងចុងក៏មានដែរ។
អ្នកមានបទពិសោធ៍លើកឡើងគោលគំនិត ៥ ចំណុច សម្រាប់អ្នកចង់សាកល្បងចេញរកស៊ី។ ឧកញ៉ាញូស៍សូមលើកយកនូវគន្លឹះ ៥ ដែលចម្រាញ់ឡើងដោយលោក Baruch Silvermann ស្ថាបនិក The Smart Investor សម្រាប់អ្នកចង់ចេញរកស៊ីថ្មីថ្មោង៖
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ
1/ ត្រូវមានភាពជឿជាក់លើខ្លួនឯង
ចំណុចនេះគឺជាចំណុចសំខាន់បំផុតមួយ ប្រសិនបើអ្នកពិតជាចង់ក្លាយជាអ្នកជំនួញជោគជ័យមួយរូប ដ្បិតរាល់បុគ្គលជោគជ័យផ្នែកជំនួញតែងមានគោលគំនិតថា អ្នកត្រូវតែមានជំនឿចិត្តលើខ្លួនឯង។
ត្រូវព្យាយាមសិក្សាឲ្យច្បាស់ពីអាជីវកម្មដែលអ្នកចង់រកស៊ី និងសួរខ្លួនឯងថា ហេតុអ្វីបានជាអ្នកស្រឡាញ់គំនិតអាជីវកម្មមួយនោះ។ ដើម្បីអាចសម្រេចគោលដៅ និងចាប់ផ្ដើមអាជីវកម្មបាន អ្នកគួរគប្បីមានទំនុកចិត្តលើខ្លួនឯងជាមុនសិន។
2/ កំណត់គោលដៅដែលអាចសម្រេចទៅរួច
ការដែលមានគោលដៅជាក់លាក់ វារឹតតែធ្វើឲ្យអាជីវកម្មរបស់អ្នកកាន់តែឆាប់ឃើញផ្លែផ្កា។ ការកំណត់គោលដៅអាចមានដូចជា កំណត់ចំនួនលក់ប្រចាំសប្ដាហ៍ ឬអាចជាផែនការអាជីវកម្មជាដើម។ ជាឧទាហរណ៍ អ្នកអាចធ្វើការកំណត់ចំនួនទឹកប្រាក់ពីវិនិយោគិន ស្វែងរកទីតាំងអាជីវកម្ម កំណត់ចំនួនប្រាក់ចំណេញនៅ ៣ ខែដំបូង និងចំនួនលក់ប្រចាំខែជាដើម។
ចំណុចសំខាន់មួយទៀតនោះ គឺនៅពេលអ្នករៀបចំគម្រោង អ្នកគួរតែមានពេលវេលាកំណត់ច្បាស់លាស់ (Deadline) មួយ ព្រោះការធ្វើបែបនេះអាចឲ្យអ្នកដឹងថា អ្នកអាចកំណត់គោលដៅបានទាន់ពេលវេលា ឬទេ ហើយប្រសិនបើមិនទាន់ អ្នកអាចរកដំណោះស្រាយផ្សេងៗបានបន្ថែម។
3/ កត្តាមនុស្សជុំវិញខ្លួន
ការដែលមានទំនុកចិត្តលើខ្លួនឯង គឺជារឿងសំខាន់បំផុតមួយ តែកត្តាមនុស្សជុំវិញខ្លួនក៏ជារឿងដែលមិនអាចមើលរំលងបានដែរ។ ប្រសិនបើ មនុស្សជុំវិញខ្លួនអ្នក គឺជាមនុស្សដែលមានសុទិដ្ឋិនិយមល្អៗ ចេះផ្ដល់យោបល់ប្រសើរៗ នោះវាកាន់តែផ្ដល់ផលល្អដល់អាជីវកម្មអ្នកកាន់តែខ្លាំង។
សាកស្រមៃមើល គ្រាន់តែគិតដល់គំនិតអាជីវកម្មមួយៗ គឺធ្វើឲ្យយើងហត់នឿយម្ដងៗទៅហើយ ចុះទម្រាំតែចាប់ផ្ដើមមែនទែន ហើយគ្មានអ្នកគាំទ្រទៀត អាជីវកម្មមិនទាន់ទៅមុខផង អាជីវករដួលមុនបាត់ទៅហើយ។
ដូច្នេះហើយកត្តាមនុស្សជុំវិញខ្លួនក៏ជាចំណែកសំខាន់មិនអាចខ្វះបានដូចគ្នា ហើយពួកគេគឺអាចជា ឪពុកម្ដាយ ប្ដី/ប្រពន្ធ មិត្តភក្ដិ ដៃគូអាជីវកម្ម ឬក៏សមាជិកគ្រួសារដទៃដូចជា ពូ មីងជាដើម។
4/ ត្រូវចេះត្រៀមខ្លួនទទួលយកបញ្ហា
មុនចាប់ផ្ដើមអាជីវកម្ម អ្នកគួរគប្បីត្រៀមកម្លាំងកាយ កម្លាំងចិត្តទប់ទល់បញ្ហាដែលនឹងកើតមានឡើង នាពេលអនាគត ដ្បិតការរកស៊ីគឺមិនមែនចេះតែចំណេញឡើយ។
អ្នកគួរណាស់ត្រៀមរៀបចំទុកមុន នូវគម្រោងផ្សេងៗសម្រាប់អាជីវកម្មរបស់អ្នក ដូចជា យុទ្ធសាស្ត្រតម្លៃទីផ្សារ ការធ្វើពាណិជ្ជកម្ម និងជាពិសេសគឺការធ្វើវិភាគទីផ្សារ។
5/ ចាប់ផ្ដើមពេលត្រៀមខ្លួនរួចរាល់
ជាចុងក្រោយ គឺធ្វើតាមផែនការដែលបានគ្រោងទុក នៅពេលដែលអ្នកគិតថាវាគួរដល់ពេលសមល្មមសម្រាប់ដំណើរអាជីវកម្មរបស់អ្នកអាចលេចចេញជារូបរាង។
ពេលខ្លះអ្នកក៏គួរតែប្រថុយ និងដើរតាមបេះដូងរបស់អ្នកដែរ តែក៏មិនគួរប្រថុយទាំងស្រុងពេក គឺសាកល្បងបន្តិចម្ដងៗ ហើយត្រូវចាំថា ត្រូវចេះបន់បែនតាមកាលៈទេសៈ ព្រោះថាគម្រោងការគឺអាចផ្លាស់ប្ដូរបានតាមក្រោយ។
កុំទន្ទឹងរង់ចាំយូរពេកក្នុងការធ្វើអាជីវកម្ម គួរប្រមូលកម្លាំងចិត្ត ចាប់ផ្ដើមអាជីវកម្មពីចំណុចតូច ហើយព្យាយាមឈានទៅដល់គោលដៅដែលអ្នកបានដាក់តាំងពីរៀបផែនការពីដំបូងដោយ សន្សឹមៗ៕
ប្រភព: Smallbusiness