បុរស​រហ័ស​​នាម​រោយអំបិល​លើ​សាច់​គោ ល្បី​តែ​ប៉ុន្មាន​ឆ្នាំ​សោះ សល់​លុយ​ក្លាយ​ជា​សេដ្ឋី

អន្តរជាតិ

ជឿ​ថា​ ភាគ​ច្រើន​អ្នក​ដែល​ប្រើប្រាស់​បណ្ដាញ​សង្គម Facebook ធ្លាប់​អូស​ប៉ះ​វីដេអូ​បុរស​ម្នាក់​ដែល​មាន​សិល្បៈ​នៃ​ការ​ហាន់​សាច់គោ​ខុសពី​ចុងភៅ​ដទៃ​ទៀត ពោល​គឺ​គេ​តែង​រោយ​អំបិល​ដោយ​កាយវិការ​ប្លែកៗ ហើយ​បុរស​ម្នាក់​នោះ​គឺ មាន​រហស្សនាម​ថា Salt Bae។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

តាមពិត​ទៅ Salt Bae គឺ​មាន​ឈ្មោះ​ពិត Nusret Gokce ដែល​លោក​គឺ​ជា​ជនជាតិ​តួកគី ហើយ​បច្ចុប្បន្ន​លោក​មាន​វ័យ ៣៧ ឆ្នាំ។ លោក​មាន​ឈ្មោះ​ល្បីល្បាញ គឺ​ដោយសារ​យុទ្ធសាស្ត្រ​នៃ​ការ​ចម្អិន​អាហារ​ ដែល​មាន​ភាព​ខុសប្លែក​ពី​ចុងភៅ​ដទៃ ហើយ​វា​ក៏​បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​តារា​លំដាប់​កំពូលៗ​ជាច្រើន​រូប​ មក​ពិសារ​ភោជនីយាហារ​នៅ​អាហារដ្ឋាន​របស់​លោក​ជា​ហូរហែ​។

យ៉ាងណាមិញ មុន​នឹង​ឈាន​មក​ដល់​ចំណុច​នេះ Salt Bae មាន​ប្រវត្តិ​តស៊ូ​មិន​ធម្មតា ដោយ​លោក​ធ្លាប់​ចេញ​រក​ប្រាក់​ផ្គត់ផ្គង់​គ្រួសារ​តាំងតែ​ពី​នៅ​វ័យក្មេង ខណៈ​គ្រា​នោះ​លោក​រៀន​មិន​ទាំង​ចប់​ថ្នាក់​ទី ៥ ផង ដោយសារ​គ្រួសារ​ជួប​វិបត្តិ​ហិរញ្ញវត្ថុ។

​ដោយសារ​ការ​ខិតខំ​ប្រឹងប្រែង​ពីក្មេង គួបផ្សំ​ទេពកោសល្យ​នៃ​ការ​ចំអិន​អាហារ​ផង ​បច្ចុប្បន្ន បុរស​វ័យ ៣៧ ឆ្នាំ  គឺ​ជា​ម្ចាស់​ភោជនីយដ្ឋាន Nusr-Et ​ដែល​មាន​សាខា​ដល់​ទៅ ៦ ប្រទេស​ធំៗ ដែល​មាន​នៅ​ទីក្រុង​ធំៗ ដូចជា​នៅ​ទីក្រុង​អាប៊ូដាប៊ី និង​ឌូបៃ​នៃ​សហព័ន្ធ​អារ៉ាប់រួម ទីក្រុង​ដូហា​នៃ​ប្រទេស​កាតារ​ ទីក្រុង​អង់ការ៉ា បូឌុមរ៉ម អ៊ីស្តង់ប៊ុល និង​ម៉ាម៉ារីស​នៃ​ប្រទេស​តួកគី ទីក្រុង​ជេដា​នៃ​ប្រទេស​អារ៉ាប់ប៊ីសាអូឌីត​ ទីក្រុង​ម៉ៃអាមី ញូវយ៉ក​នៃ​សហរដ្ឋ​អាមេរិក និង​ទីក្រុង​ឡុងដ៍​នៃ​ចក្រភព​អង់គ្លេស​ជាដើម។

មិន​ត្រឹម​តែប៉ុណ្ណោះ​ ទ្រព្យសម្បត្តិ​សរុប​របស់ Salt Bae នៅ​ក្នុង​ឆ្នាំ ២០២១​ ត្រូវ​បាន​គេ​ប៉ាន់ប្រមាណ​ថា​ស្ថិត​នៅ​ខ្ទង់ ៧០ លាន​ដុល្លារ ខណៈ​បុរស​កម្ពស់​ ១៦៨ cm ក៏​មាន​នូវ​ឧទ្ធម្ភាគចក្រ​ផ្ទាល់​ខ្លួន​មួយ​គ្រឿង ឡាន​ទំនើប​ជាច្រើន​គ្រឿង ក៏​ដូចជា​កន្លែង​កម្សាន្ត​ជា​ហូរហែ​ផង​ដែរ។

បើ​ទោះ​ជា​កំពុង​រស់​នៅ​ជាមួយ​ជីវិត​ស៊ីវិល័យ​ក្ដី ក៏ Salt Bae បែរ​ជា​ទម្លាយ​ប្រាប់​ថា​មិន​ចង់​ឲ្យ​គ្រប់គ្នា​ដើរ​តាម​គន្លង​លោក​ឡើយ ដ្បិត​ទម្រាំ​មាន​បាន​ដូច​សព្វថ្ងៃ​នេះ លោក​ត្រូវ​ចាកចេញ​ពី​ផ្ទះ​សម្បែង​ និង​ខ្វះ​ភាព​កក់ក្ដៅ​ពី​ក្រុម​គ្រួសារ​តាំង​ពីតូច​ក្រូចឆ្មារ​ម៉្លេះ៕ ប្រភព: mddailyrecord