មានលេចលឺដំណឹងមកថា រថយន្តទំនើបម៉ាក Bentley Mulsanne ពណ៌បៃតងក្រមៅដែលជាកម្មសិទ្ធិរបស់ម្ចាស់ក្សត្រី Elizabeth នឹងមានវត្តមានលើទីផ្សារដាក់ដេញថ្លៃ ដែលតម្លៃចាប់ផ្ដើមគឺប្រមាណ ២៥ ម៉ឺនដុល្លារ។
បើតាមរបាយការណ៍ពី The Sun បានឲ្យដឹងថា រថយន្តមួយគ្រឿងនេះ ត្រូវបានប្រើប្រាស់ជាមធ្យោបាយធ្វើដំណើររបស់ម្ចាស់ក្សត្រីចន្លោះពីឆ្នាំ ២០១៣ ដល់ ២០១៥ ហើយចាប់តាំងពីពេលនោះមក រថយន្តមួយនេះក៏ទុកចោលឈប់ប្រើប្រាស់ ខណៈវារត់បានត្រឹមតែ ៣២១៨ គ.មប៉ុណ្ណោះ។
ដោយឡែកបើតាមការប្រកាសរបស់សារព័ត៌មាន The New York Post បានលើកឡើងថា៖ “វាគឺជាកិត្តិយសខ្លាំងណាស់ ដែលពួកយើងអាចមានឱកាសបង្ហាញគ្រប់គ្នាអំពីវត្ថុមានតម្លៃមួយគឺ Bentley Mulsanne ដែលយានយន្តមួយគ្រឿងនេះគឺជាកម្មសិទ្ធិរបស់ម្ចាស់ក្សត្រី Elizabeth II និងត្រូវដាក់ឲ្យប្រើប្រាស់សម្រាប់ខ្សែរាជវង្សចន្លោះពីឆ្នាំ ២០១៣ ដល់ ២០១៥ ហើយមានមុខងារតែមួយគត់គឺ ប្រើសម្រាប់តែជាមធ្យោបាយធ្វើដំណើររបស់ទ្រង់ផ្ដាច់មុខតែម្ដង”។
យ៉ាងណាមិញ គ្រាន់តែដាក់ប្រកាសលក់ភ្លាម មិនទាន់បានប៉ុន្មានថ្ងៃផង រថយន្តផលិតនៅក្នុងឆ្នាំ ២០១៣ មួយនេះ ក៏រកបានម្ចាស់ថ្មីភ្លាម បើទោះជាតម្លៃរបស់វាហាក់រាងថ្លៃជាងបន្តិច បើធៀបនឹងម៉ូដែលដូចគ្នាដែលផលិតក្នុងឆ្នាំតែមួយ៕
ប្រភព: therichest