លោក ហឿន សំនៀង មានជំនឿយ៉ាងមុតមាំលើកម្មវិធី “ការអភិវឌ្ឍភាពជាអ្នកដឹកនាំក្នុងវិស័យអប់រំ”

សង្គម​ និង​សេដ្ឋកិច្ច

លោក ហឿន សំនៀង នាយកវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន បានលើកឡើងក្នុងកម្មវិធីបើកវគ្គបណ្តុះបណ្តាលបំប៉នសមត្ថភាពមន្ត្រីផ្ទៃក្នុង ថា “នេះគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់បំផុត ក្នុងការបំពេញបន្ថែម បំពាក់បំប៉នថ្នាក់ដឹកនាំ និងមន្ត្រីរបស់វិទ្យាស្ថាន ឱ្យមានចំណេះដឹង និងសមត្ថភាពមួយកម្រិតទៀត ក្នុងការបំពេញបេសកកម្ម និងភារកិច្ច ផ្តល់ការអប់រំបណ្តុះបណ្តាលប្រកបដោយ គុណភាព ព្រមទាំងធានាដល់កិច្ចដំណើរការវិទ្យាស្ថានប្រព្រឹត្តទៅបានដោយរលូន និងជោគជ័យ”។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធីនេះមានការអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបំប៉នសមត្ថភាពផ្ទៃក្នុង ស្តីពី “ការអភិវឌ្ឍភាពជាអ្នកដឹកនាំក្នុងវិស័យអប់រំ” ជូនដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ពីសំណាក់លោកជំទាវ ឥម នីថារ៉ា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូ​ន នៅថ្ងៃទី១៩ ខែកក្កដានេះ។

បើតាមលោក ហឿន សំនៀង កម្មវិធីបណ្តុះបណ្តាលនាថ្ងៃនេះ គឺជាការចាប់ផ្តើមតែប៉ុណ្ណោះ ដោយវគ្គបណ្តុះបណ្តាល ត្រូវបានបែងចែកជា៨វគ្គ មានសរុបចំនួន ១៨ មេរៀន ដែលបង្ហាត់បង្ហាញដោយវាគ្មិនកិត្តិយស និងអ្នកជំនាញដែល មានបទពិសោធន៍ ជាច្រើនឆ្នាំលើមេរៀននីមួយៗ រួមមាន៖

  • គោលការណ៍នៃការងាររដ្ឋបាលក្នុងវិស័យអប់រំ និងប្រភេទនៃគោលការណ៍រដ្ឋបាលអប់រំ
  • ទំនាក់ទំនងនៅក្នុងសាលារៀន និងរចនាសម្ព័ន្ធសាលារៀន
  • ការគ្រប់គ្រងធនធានមនុស្ស និងការកសាងធនធានមនុស្សក្នុងវិស័យអប់រំ
  • ការគ្រប់គ្រងខ្លួនឯង​ (Emotional Intelligence, IQ vs EQ)
  • ការកសាងក្រុម និងការបង្កើតបរិស្ថានជម្រុញ (Team Building and Creating Enabling Environment for team members)
  • ការអភិវឌ្ឍខ្លួនឯង (Self Development and Growth)
  • ការគ្រប់គ្រង និងភាពជាអ្នកដឹកនាំក្នុងវិស័យអប់រំ (Educational Management and Leadership)
  • ការរៀបចំឱ្យផ្នត់គំនិតវិជ្ជមាន Fixed Mindset and Growth Mindset
  • ការរៀបចំ និងអភិវឌ្ឍកម្មវិធីសិក្សា
  • ការវាយតម្លៃ និងធានាគុណភាពផ្ទៃក្នុង (IQA)
  • ការវាយតម្លៃ និងធានាគុណភាពខាងក្រៅ (EQA)
  • វិធីសាស្ត្រដោះស្រាយទំនាស់ (Conflict Resultion)
  • ការឆ្លុះបញ្ចាំងពីខ្លួនឯង និងភាពជាអ្នកដឹកនាំ (Anatomy – Self Reflection and Leadership)

លោកថា ក្នុងបរិបទនៃជំងឺកូវីដ-១៩ និងដើម្បីចូលរួមបង្ការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ វគ្គបណ្តុះ បណ្តាល នឹងត្រូវធ្វើឡើងផ្ទាល់សម្រាប់ថ្នាក់ដឹកនាំក្រោម១៥រូប និងមន្រ្តីរាជការដទៃទៀត ត្រូវបានចូលរួមតាមរយៈ ប្រព័ន្ធអនឡាញ។

ជាមួយគ្នានេះដែលលោកជំទាវរដ្ឋលេខាធិការ ក៏បានជម្រុញ និងលើកទឹកចិត្តដល់មន្រ្តីទាំងអស់ ចូលរួមក្រេបយកចំណេះដឹង ឱ្យបានច្រើនបំផុត និងចូលរួមយ៉ាងសកម្មជាមួយនឹងគ្រូឧទ្ទេស ក្នុងវគ្គបណ្តុះបណ្តាល នីមួយៗ ដែលនឹងប្រព្រឹត្តទៅរយៈពេលសរុប ៦៤ម៉ោង ដ៏មានអត្ថន័យនេះ ដើម្បីរួមគ្នាកសាងមូលដ្ឋានគ្រឹះ ឱ្យកាន់តែរឹងមាំ និងអាចបំពេញការងារ របស់ខ្លួនកាន់តែមាន ប្រសិទ្ធភាពខ្ពស់ ក៏ដូចជាទុនបន្ថែមទៀត សម្រាប់ជួយជម្រុញគុណភាពអប់រំរបស់វិទ្យាស្ថាន ឱ្យមានការទទួលស្គាល់ និងល្បីល្បាញ ទាំងនៅថ្នាក់ជាតិ ថ្នាក់តំបន់ និងអន្តរជាតិ នាពេលខាងមុខ។

គួររម្លឹកជូនថា ដើម្បីផ្ដល់ចំណេះដឹង​ ទាំងផ្នែកបច្ចេកទេស និងទ្រឹស្តីដល់និស្សិតឲ្យក្លាយខ្លួនជាអ្នកមានជំនាញច្បាស់លាស់ បទពិសោធន៍ និងមានគុណធម៌ សីលធម៌ ដែលអាចដឹកនាំ និងអភិវឌ្ឍនៅក្នុងសង្គមបាននាពេលអនាគត វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន (TSIPWT) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាមួយវិទ្យាស្ថាន Zejiang Institute of Communication(ZJIC) នៃប្រទេសចិន តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ (Video Conference) នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១នេះ។

ជាមួយនឹងទំនាក់ទំនង និងភាពជាដៃគូនេះ វិទ្យាស្ថានទាំងពីរបានឯកភាពគ្នាលើគោលការណ៍ជាច្រើននៃកិច្ចសហប្រតិបត្តិការ ក្នុងការផ្លាស់ប្តូរបទពិសោធន៍លើការអប់រំ ការបណ្តុះបណ្តាល ការផ្លាស់ប្តូរវប្បធម៌ ការអភិវឌ្ឍកម្មវិធីសិក្សា ការផ្លាស់ប្តូរCreditsទៅវិញទៅមក​ បង្កើតDual Degree Program, Internship Program ការផ្លាស់ប្តូរនិស្សិត សាស្ត្រាចារ្យ និងអ្នកស្រាវជ្រាវ ការផ្លាស់ប្តូរព័ត៌មាន ទិន្នន័យ បណ្ណាល័យ ការបោះពុម្ព ការបង្កើតសន្និសីទសារព័ត៌មាន និងសិក្ខាសាលា និងការផ្លាស់ប្តូរធនធានផ្សេងៗទៀតជាដើម៕