អតីតបេសកជនអ្នកនាំសារមេបញ្ជាការអង្គភាព៥៧៨ ដែលស្មោះត្រង់បំពេញភារកិច្ច មានការទទួលខុសត្រូវរហូតទទួលបានតំណែងជាមន្ត្រីជាន់ខ្ពស់ក្នុងជួរកងរាជអាវុធហត្ថ ហើយចុងក្រោយបានក្លាយទៅជាមេដឹកនាំកំពូលនៃកងយោធពលខេមរភូមិន្ទដែលជាឥស្សរជនដ៏ឆ្នើមជាមួយនឹងស្នាដៃកិត្តិនាមល្បាញល្បីនៅពេលបច្ចុប្បន្ន។
ក្រៅពីជាឥស្សរជនដ៏ឆ្នើមក្នុងជួរកងកម្លាំង នាយឧត្តមសេនីយ៍ សៅ សុខា គឺជាបុគ្គលម្នាក់ដែលបានចូលរួមយ៉ាងសកម្មក្នុងការកែទម្រង់វិស័យកីឡាបាល់ទាត់នៅប្រទេសកម្ពុជា ក្នុងតួនាទីជាប្រធានសហព័ន្ធកីឡាបាល់ទាត់ រយៈពេលជាង១០ឆ្នាំកន្លងមក បានធ្វើឱ្យកីឡាបាល់ទាត់កម្ពុជា មានការរីកចម្រើនទាំងបរិមាណ និងគុណភាព ជាអាទិ៍សមត្ថភាពកីឡាករ គ្រូបង្វឹក មន្ត្រី អាជ្ញាកណ្តាល និងក្លិបបាល់ទាត់អាជីពនានា មានសមត្ថភាព និងមានលទ្ធភាពចូលរួមការប្រកួតប្រជែងជាលក្ខណៈតំបន់ និងអន្តរជាតិ ជាពិសេសនៅក្នុងការប្រកួតនាពេលកន្លងមក ការខិតខំប្រកួត និងបច្ចេកទេសលេងបាល់ របស់កីឡាករបាល់ទាត់កម្ពុជា បានទាក់ទាញទស្សនិកជន ឱ្យចូលរួមទស្សនាផ្ទាល់ និងទស្សនាតាមអនឡាញ ភ្លូកទឹកភ្លូកដី។
ក្រោមការដឹកនាំ របស់ឯកឧត្តមនាយឧត្តមសេនីយ៍ប្រធានសហព័ន្ធ ការលេងកីឡាបាល់ទាត់ មានសកម្មភាព យ៉ាងផុលផុសក្នុងស្រទាប់យុវវ័យ នៅគ្រប់ទីកន្លែងនៅកម្ពុជា។
តើនាយឧត្តមសេនីយ៍ សៅ សុខា មានប្រវត្តិបែបណា? សូមតាមដានជាមួយឧកញ៉ាញូស៍ដូចតទៅ៖
អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក សៅ សុខា កើតនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ ១៩៦១ នៅខេត្តស្វាយរៀង។ លោកមានបងប្អូនបង្កើតចំនួន ៥នាក់ ប៉ុន្តែត្រូវទាហានខ្មែរក្រហមសម្លាប់ទាំងអស់។
ថ្ងៃទី២១ ខែកក្កដា កាលពីឆ្នាំ ១៩៧៨ ពោលគឺកាលពី ៤៣ឆ្នាំមុន ជាថ្ងៃដែលយុទ្ធជន សៅ សុខា ចូលបម្រើក្នុងជួរកងទ័ព។ មុនបានដំណែងកំពូលក្នុងជួរកងកម្លាំងនៃក្រសួងការពារជាតិ លោកធ្លាប់មានប្រវត្តិធ្វើជំនួយការសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក្នុងអំឡុងទសវត្សរ៍ឆ្នាំ ៧០។
លោកត្រូវបានគេចាត់ថាជា អ្នកនារសារមេបញ្ជាការអង្គភាព៥៧៨ ក្រោយមកដោយសារការប្រតិបត្តិតួនាទី ភារកិច្ច មានការទទួលខុសត្រូវ ស្មោះត្រង់ សម្រេចកិច្ចការងារធំៗ ត្រូវបានតែងតាំងមុខដំណែងជាបន្តបន្ទាប់ ហើយក៏ត្រូវបានចាត់តាំងឱ្យទៅបណ្តុះបណ្តាលសិក្សានៅប្រទេសវៀតណាម ទៅសហភាពសូវៀត ផ្នែកវិទ្យាសាស្ត្រនយោបាយនិងរដ្ឋបាលសាធារណៈផងដែរ។ នេះបើតាមការអះអាងពីឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាពេលកន្លងទៅ។
លោក អេង ហុី ថា៖ «គាត់ជាប្រធានមន្ទីរយុវជនក្នុងកងទ័ព ស្នងការចាត់តាំង អគ្គស្នងការនយោបាយ នៃកងទ័ពប្រជាជនបដិវត្តន៍កម្ពុជា ពីឆ្នាំ១៩៨៣ ដល់ឆ្នាំ១៩៨៩។ ហើយពីឆ្នាំ១៩៩១ ដល់ឆ្នាំ១៩៩៣ គាត់ត្រូវបានប្រគល់មុខដំណែងដ៏សំខាន់មួយ ធ្វើកិច្ចការងារជាមួយបរទេស ចូលរួមអនុវត្តកិច្ចព្រមព្រៀងប៉ារីសស្តីពីកម្ពុជា គឺមានមុខតំណែងជាប្រធានក្រុមយោធាចម្រុះ ភាគីរដ្ឋកម្ពុជា ប្រចាំទិសខេត្តកំពង់ធំ»។
លោក សៅ សុខា ត្រូវបានផ្ដល់តំណែងឲ្យគ្រប់គ្រង កងរាជអាវុធហត្ថដែលទើបបានបង្កើតឡើង កាលខែវិច្ឆិកា ឆ្នាំ១៩៩៣ ដល់ឆ្នាំ១៩៩៩ ជាមេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងត្រូវបានតែងតាំងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសមកដល់បច្ចុប្បន្ន និងជាសមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជា។
នាយឧត្តមសេនីយ៍ សៅ សុខា បានផ្តល់អនុសាសន៍ថា៖ តាមទស្សនៈរបស់ខ្ញុំផ្ទាល់ ចាត់ទុកឧបសគ្គគឺជាសាលារៀន ចាត់ទុកការលំបាកគឺជាឪកាស។ ខ្ញុំខ្លាចតែ ៣ចំណុចគឺ ១ ខ្លាចគ្មានឆន្ទៈ ២ ខ្លាចភាពខ្ជិលច្រអូស មិនតស៊ូ ខ្វះភាពព្យាយាម និងអំណត់អត់ធ្មត់ និង៣ ខ្លាចគ្មានសេចក្តីក្លាហាន៕