តៃវ៉ាន់​កោះ​តូច​មែន តែ​បរទេស​ចូលចិត្ត​ទៅ​លេង​​ណាស់ មាន​ហេតុផល ៧ ចំណុច​នេះ

អន្តរជាតិ

តៃវ៉ាន់​ជាទឹកដីដែនកោះ មានផ្ទៃដី​​ប្រមាណ ៣៦ ១៩៧ គីឡូម៉ែត្រ​ការ៉េ ពោល​គឺ​តូច​ជាង​កម្ពុជា​ដល់​ទៅ ៥ ដង​ឯណោះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្វី​បើ​តូច​មែន តែ​តៃវ៉ាន់​គឺ​តូច​ខ្លឹម ពោល​បើនិយាយ​ពី​សេដ្ឋកិច្ច​ជាប់​រហស្សនាម​ជា​ខ្លា​មួយ​ក្នុង​ចំណោម​ខ្លា​សេដ្ឋកិច្ច​ទាំង​ ៤ នៅ​អាស៊ី។ ហេតុផល​ ៧ យ៉ាង​ដែលជនបរទេសប្រាថ្នា​ចង់ទៅ​លេង​ទឹកដីកោះតៃវ៉ាន់។

1/ ប្រជាជន​តៃវ៉ាន់​ជា​មនុស្ស​រួសរាយ​

ចំណុច​មួយ​នេះ គឺ​ស្រដៀង​នឹង​ខ្មែរ​យើង​ដែរ ដោយ​ប្រជាជន​តៃវ៉ាន់​ភាគច្រើន មិន​ថា​ប្រុស​ស្រី ក្មេង​ ឬ​ចាស់​ឡើយ គឺ​ពួកគេ​មាន​ភាព​រួសរាយ​រាក់ទាក់​ មិនថា​អ្នក​ចង់​ទៅ​​ទិញ​ឥវ៉ាន់ ឬ​ទៅ​ដើរ​លេង​កន្លែង​សប្បាយៗ​ជាដើម។

2/ ប្រព័ន្ធ​សុខាភិបាល​នៅ​តៃវ៉ាន់​គឺ​ល្អ​បំផុត​ក្នុង​ពិភពលោក​

កាលពី​ឆ្នាំ ២០១៩ កោះ​តៃវ៉ាន់​ជាប់​លេខ ១ ​មាន​ប្រព័ន្ធ​សុខាភិបាល​ល្អ​បំផុត​ក្នុង​ពិភពលោក ដោយ​ទស្សនាវដ្ដី CEOWorld Magazine។ តាម​រយៈ​ការ​ដាក់​ពិន្ទុ​តាម​រយៈ​អ្នក​ជំនាញ​ផ្នែក​សុខភាព តម្លៃ​សេវាកម្ម ភាព​ងាយស្រួល​នៃ​ការ​ផ្ដល់​ថ្នាំ និង​ការណែនាំ ក៏​ដូចជា​ហេដ្ឋារចនាសម្ព័ន្ធ​ល្អ​ឥតខ្ចោះ​ថែមទៀត​។

ជា​ការពិត​ប្រព័ន្ធ​សុខាភិបាល​នៅ​តៃវ៉ាន់​មាន​គុណភាព​ល្អ​ រហូត​ដល់​ថ្នាក់​ជនបរទេស​ ជាពិសេស​ជនជាតិ​អាមេរិក​លាន់​មាត់​សរសើរ និង​ស្ទើរ​តែ​មិន​ជឿ​ថា​ គុណភាព​សេវាកម្ម​ល្អ​ឥតខ្ចោះ​របៀប​ហ្នឹង ម៉េច​បាន​ជា​អស់​ថ្លៃ​ពិនិត្យ​ទាប​ម៉្លេះ។

3/ កត្តា​ម្ហូបអាហារ​ដែល​ឆ្ងាញ់​ និង​ងាយ​ស្រួល​រក

រឿង​មួយ​ដែល​ឲ្យ​តែ​គ្រប់គ្នា​និយាយ​ដល់​កោះ​តៃវ៉ាន់ ហើយ​ពួកគេ​នឹក​ឃើញ​មុន​គេ​នោះ គឺ​ម្ហូបអាហារ ដ្បិត​ម្ហូប​នៅ​ទីនោះ​គឺ​ងាយស្រួល​រក ហើយ​ថែម​ទាំង​មាន​តម្លៃ​សមរម្យ​ទៀត​ផង។

អ្នក​អាច​រក​មើល​អាហារ​តាម​ចិញ្ចើម​ផ្លូវ Street Food បាន​គ្រប់ពេល​គ្រប់កន្លែង​តែ​ម្ដង ហើយ​វា​មាន​តម្លៃ​ថោក តែ​ឆ្ងាញ់​មិន​ធម្មតា​ឡើយ។

4/ ការ​ចំណាយ​គឺ​អស់​តិច

វា​អាច​ជា​រឿង​ដែល​មិន​គួរ​ឲ្យ​ជឿ​មួយ បើ​ប្រាប់​ថា​ការ​រស់នៅ​លើ​កោះ​តៃវ៉ាន់​មាន​ការ​ចំណាយ​តិចតួច តែ​វា​ជា​រឿង​ពិត លើកលែង​តែ​អ្នក​ចង់​ទៅ​រស់នៅ​ទីក្រុង​តៃប៉ិ ព្រោះ​នៅ​ទីនោះ​តម្លៃ​ជួល​ផ្ទះ​អាច​មាន​តម្លៃ​ថ្លៃ។

មាន​ជនជាតិ​បរទេស​ជាច្រើន​បាន​ទៅ​កោះ​តៃវ៉ាន់​ និង​សម្រេច​រស់នៅ​ទីនោះ ដោយ​ខ្លះ​ធ្វើ​ជា​គ្រូបង្រៀន និង​ខ្លះ​ទៀត​បើក​មុខ​ជំនួញ ឬ​ធ្វើ​ការ​ជាដើម ខណៈ​តម្លៃ​ជួលផ្ទះ​គឺ​អាច​មាន​ទាប​បំផុត​ដល់ ១៥% នៃ​ប្រាក់ខែ​របស់​ពួកគេ បើ​ធៀប​នឹង​ប្រទេស​ដទៃ​អាច​មាន​ដល់ ៣០-៥០% ឯណោះ។

សម្រាប់​ការ​ហូបចុក​វិញ អ្នក​អាច​ចំណាយ​តិច​បំផុត ១ ដុល្លារ​សម្រាប់​អាហារ​មួយ​ពេល និង​ការ​ធ្វើ​ដំណើរ​គឺ ២ ដុល្លារ​សម្រាប់​ការ​ជិះ​តាក់ស៊ី ឬ​ថោក​ជាង​នេះ​បើ​ធ្វើដំណើរ​តាម​ឡានក្រុង។

5/ កត្តា​អាកាសធាតុ

សម្រាប់​ចន្លោះ​ខែមិថុនា ដល់​ខែកញ្ញា​ សីតុណ្ហភាព​នៅ​កោះ​តៃវ៉ាន់​អាច​ក្ដៅ​ខ្លាំង តែ​ ៨ ខែ​ផ្សេងទៀត​អាកាសធាតុ​គឺ​មិន​ក្ដៅ ហើយ​ក៏​មិន​ត្រជាក់​ដែរ ដែល​វា​អំណោយ​ផល​ដល់​ការ​ដើរ​ហាត់ប្រាណ​ ជិះកង់ ឬ​ចំណាយ​ពេល​ជាមួយ​មិត្តភក្ដិ​ក្នុង​ការ​ដើរលេង​ជុំវិញ​កោះ​បាន​យ៉ាង​រីករាយ។

សម្រាប់​រដូវក្ដៅ សីតុណ្ហភាព​អាច​មាន​ចន្លោះ​ពី ២៨-៣៥ អង្សា​​សេ រីឯ​រដូវរងា​វិញ​គឺ​កម្រ​មាន​ក្រោម ១៥ អង្សា​សេ​ណាស់ ពោល​គឺ​ភាគច្រើន​ស្ថិត​នៅ​ខ្ទង់ ២០​ អង្សា​សេ។

6/ តៃវ៉ាន់​គឺ​ជា​ទឹកដី​មាន​សុវត្ថិភាព​បំផុត​មួយ

បើ​អ្នក​គិតថា ជប៉ុន​ជា​ប្រទេស​ដែល​មាន​សុវត្ថិភាព​បំផុត​នោះ អ្នក​គិត​ត្រូវ​ហើយ តែ​សូមកុំ​ភ្លេច​ដាក់​កោះ​តៃវ៉ាន់​បន្ទាប់​ពី​ជប៉ុន​គឺ​ជា​ដែនដី​ដែល​មាន​សុវត្ថិភាព​បំផុត​លើ​ពិភពលោក​។

បើសិន​ជា​អ្នក​រស់នៅ​កោះ​តៃវ៉ាន់ អ្នក​មិន​ចាំ​បាច់​ព្រួយបារម្ភ​ពី​ការ​ប្លន់​តាម​ផ្លូវ ចោរ​លូក​ហោប៉ៅ​ឡើយ ស្របពេល​ករណី​អំពើ​ហិង្សា​វិញ គឺ​កម្រ​កើត​មាន​ខ្លាំង​ណាស់​។

7/ ការ​ទិញ​ឥវ៉ាន់​នៅ​ផ្សារ​រាត្រី

ក្រៅពី​ប៉ុន្មាន​ចំណុច​រៀបរាប់​ខាងលើ​រួចមក​ ចំណុច​សំខាន់​ចុងក្រោយ​គឺ ផ្សារ​រាត្រី​នៅ​តៃវ៉ាន់ ព្រោះ​នៅ​ទីនោះ​មិន​ត្រឹម​តែ​មាន​ម្ហូប​ញាំ​ឆ្ងាញ់ៗ​ទេ សូម្បី​ឥវ៉ាន់​ផ្សេងៗ​ក៏​មាន​តម្លៃ​ធូរ​ថ្លៃ​មិន​គួរ​ឲ្យ​ជឿ​ទៀត​ផង៕

ប្រភព: tastythailand