ខេត្តកែបកំពុងសិក្សាគម្រោងអភិវឌ្ឍរមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់

សង្គម​ និង​សេដ្ឋកិច្ច

គណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា បានគាំទ្រចំពោះគម្រោងអភិវឌ្ឍរមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ខេត្តកែប ដែលមានប្រវែង២៧០០ម៉ែត្រ ក្រោមទម្រង់នៃកិច្ចសន្យាអភិវឌ្ឍន៍ រវាងរដ្ឋនិងឯកជនក្នុងគោលដៅកែលម្អនិងបង្កើតឆ្នេរខ្សាច់កម្សាន្តសាធារណៈ លម្ហសាធារណៈនិងផ្ទៃបៃតង សម្រាប់សាធារណជន​និងទេសចរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើតាមកិច្ចប្រជុំគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា នៅថ្ងៃទី២២ ខែកក្កដាម្សិលមិញ ដែលដឹកនាំដោយលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង រៀបចំដែនដី នគរូបនីយកម្ម និង សំណង់ និងជាប្រធាន គ.អ.ឆ.ក. លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍និងជាអនុប្រធានអចិន្ត្រៃយ៍ គ.អ.ឆ.ក. លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាននិងជាអនុប្រធាន គ.អ.ឆ.ក. លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុជាសមាជិក លោក សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែបជាសមាជិក តំណាងក្រសួងស្ថាប័នពាក់ព័ន្ធដែលជាសមាជិក សរុបប្រមាណ ៦៣ រូប។

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព!

គម្រោងអភិវឌ្ឍរមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ ស្ថិតនៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែបដែលមានប្រវែង ២,៧០០ ម៉ែត្រក្នុងនោះមានឆ្នេរខ្សាច់កម្សាន្តសាធារណៈ​តាមបណ្តោយឆ្នេរសមុទ្រ មានទទឹងយ៉ាងតិចប្រវែង៣០ (សាមសិបម៉ែត្រ) និង សួនច្បារសាធារណៈ​និងដាំដើមឈើនៅលើដីចំណីឆ្នេរសមុទ្រ មានទទឹងប្រវែង៥០(ហាសិប) ម៉ែត្រក្រោមទម្រង់នៃកិច្ចសន្យាអភិវឌ្ឍន៍រវាងរដ្ឋនិងឯកជន ក្នុងគោលដៅកែលម្អនិងបង្កើតឆ្នេរខ្សាច់កម្សាន្តសាធារណៈ លម្ហសាធារណៈ និងផ្ទៃបៃតងសម្រាប់សាធារណជននិងទេសចរ។

សូមបញ្ជាក់ថា ខេត្តកែបមានគម្រោងអភិវឌ្ឍរមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ចំនួន​២​កន្លែងបន្ថែមទៀត ទីមួយគឺមានទីតាំងឆ្នេរខ្សាច់កម្សាន្តស្ថិតនៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប និងទី២ កែលម្អឆ្នេរខ្យាច់ធម្មជាតិអង្កោល ស្ថិតនៅភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ដែលទីតាំងទាំងពីរនេះនឹង ប្រែក្លាយ​ជាតំបន់ទេសចរណ៍ដ៏ទាក់ទាញមានសួនច្បារ ដងផ្លូវធំៗ និងមានគន្លងផ្លូវសម្រាប់ជិះកង់ និងថ្មើរជើងទៀតផង ៕