ប្រទេសកម្ពុជាបានត្រៀមខ្លួនជាស្រេចក្នុងការចូលរួមជាមួយដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធទាំងទ្វេភាគីនិងពហុភាគីក្នុងការចូលរួមចំណែកក្នុងការខិតខំស្តារឡើងវិញនូវស្ថានភាពសេដ្ឋកិច្ច សង្គម និងលើកកម្ពស់វិបុលភាពសម្រាប់ប្រជាពលរដ្ឋគ្រប់រូបក្រោយករណីនៃវីរុសកូវីដ១៩បញ្ចប់ទៅ។
នេះបើតាមការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន ក្នុងសុន្ទរកថាក្នុងកិច្ចប្រជុំប្រមុខរដ្ឋាភិបាលស្ដីពី «ហិរញ្ញប្បទានរបៀបវារៈ ការអភិវឌ្ឍដោយចីរភាព ឆ្នាំ២០៣០ ក្នុងកាលៈទេសៈកូវីដ-១៩ និងពេលខាងមុខ» នាពេលកន្លងទៅ។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព!
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា កិច្ចខិតខំប្រឹងប្រែងដើម្បីសម្រេចបាននូវរបៀបវារៈឆ្នាំ ២០៣០ សម្រាប់ពហុភាគីនីយកម្មសាកលភាវូបនីយកម្ម និងក្របខ័ណ្ឌផ្សេងទៀតនៃកិច្ចសហប្រតិបត្តិការអន្តរជាតិកំពុងតែត្រូវបានបំផ្លិចបំផ្លាញ។
សម្តេចតេជោបន្តថា៖ «ជាការពិតណាស់ គឺទាមទារការវាយតម្លៃឡើងវិញលើគ្រប់ទិដ្ឋភាពរួមទាំងពេលវេលា ទិសដៅយុទ្ធសាស្ត្រ ផែនការសកម្មភាព និងធនធានសម្រាប់សម្រេចរបៀបវារៈរបស់យើងនៅក្រោយករណីឆ្លងរីករាលដាលនៃវីរុសកូវីដ១៩បញ្ចប់ទៅ»។
សម្តេចបន្ថែមថា ក្នុងបរិបទនេះ ប្រទេសនីមួយៗត្រូវប្រែក្លាយការគម្រាមកំហែងដែលកើតឡើងដោយសារតែករណីឆ្លងរីករាលដាលនៃវីរុសកូវីដ១៩ ទៅជាកាលានុវត្តភាពសម្រាប់កំណែទម្រង់ក្នុងស្រុកដើម្បីពង្រឹងការប្រកួតប្រជែងសេដ្ឋកិច្ច បង្កើតបរិយាកាសធុរកិច្ចអំណោយផលនិងពង្រឹងការប្រមូលចំណូលរបស់រដ្ឋាភិបាល។
សម្តេចបន្ថែមទៀតថា ប្រទេសនីមួយៗចាំបាច់ត្រូវផ្តល់អាទិភាពដោយផ្ទាល់ដល់ការចំណាយសាធារណៈដល់វិស័យដែលទាក់ទងនានាជាមួយគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ ២០៣០ រួមមានការអប់រំ សុខភាព ការគាំពារសង្គម កសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធ។
ADB ព្យាករណ៍ថា គ្រួសារ និងក្រុមហ៊ុនឯកជននានានឹងបន្តជួបវិបត្តិ ឬសម្ពាធផ្នែកសេដ្ឋកិច្ច បើទោះបីសេដ្ឋកិច្ចជាតិអាចងើបឡើងវិញក្នុងឆ្នាំ២០២១ នេះក៏ដោយ។
សេចក្ដីប្រកាសព័ត៌មានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ដែលចេញផ្សាយកាលពីថ្ងៃទី២៨ ខែមេសា អោយដឹងថា បើតាមការព្យាករណ៍ សេដ្ឋកិច្ចកម្ពុជាអាចនឹងកើនឡើងវិញចំនួន ៤% ក្នុងឆ្នាំ២០២១ និងជាង ៥% ក្នុងឆ្នាំ២០២២៕