ធនាគារអភិវឌ្ឍន៍អាស៊ី រំពឹងថា ការងើបឡើងវិញនៃសេដ្ឋកិច្ចនៅក្នុងដៃគូពាណិជ្ជកម្មរបស់ប្រទេសកម្ពុជានឹងជំរុញកំណើនមួយចំនួន ខណៈការស្ទុះងើបឡើងវិញនៅក្នុងផលិតកម្មឧស្សាហកម្ម ផលិតកម្ម និងកសិកម្មនឹងចូលរួមចំណែកបន្ថែមទៀត។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព!
តាមការព្យាករណ៍របស់ធនាគារ ADB ក្នុងឆ្នាំ២០២១ ផលិតកម្មឧស្សាហកម្មអាចនឹងកើនឡើងជាង ៧% ក្នុងឆ្នាំ២០២១ និងឆ្នាំ២០២២ ដោយសារការងើបឡើងវិញនៃវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងទំនិញសម្រាប់ការធ្វើដំណើរ ព្រមទាំងកំណើននៃឧស្សាហកម្មធនស្រាលផ្សេងទៀត ដូចជាផលិតផលអេឡិចត្រូនិច និងកង់។
វិស័យកសិកម្មអាចនឹងកើនឡើងជាង១% ដោយសារមានកំណើនផលិតផលកសិកម្ម វារីវប្បកម្ម និងការនាំផលិតផលទៅប្រទេសចិន។ រីឯវិស័យសេវាកម្មនឹងងើបឡើងក្នុងល្បឿនយឺតប្រមាណ៣% នៅឆ្នាំ២០២១ និងជាង៦%ក្នុងឆ្នាំ២០២២។
សម្រាប់លោកស្រី Sunniya Durrani-Jamal បានលើកឡើងថា វិស័យទេសចរណ៍ទំនងជានឹងងើបឡើងវិញទោះបីជាមិនដល់កម្រិតមុនពេលមានករណីជម្ងឺរាតត្បាតចាប់ផ្តើមក៏ដោយ ដែលអាចចំណាយពេលពី ៣ ទៅ ៤ ឆ្នាំ។
លោកស្រីបានយល់ស្របថាការដកការរឹតត្បិតការធ្វើដំណើរនឹងក្លាយជាកត្តាកំណត់ចុងក្រោយក្នុងការកំណត់ពេលវេលាស្តារវិស័យទេសចរណ៍ឡើងវិញ។
បើតាមលោកស្រី ទេសចរណ៍ធុរកិច្ចអាចនឹងទទួលបានមុនពេលទេសចរណ៍កម្សាន្តដោយសារតែទិដ្ឋាការពិសេសដែលអាចអនុញ្ញាតបាន។ អត្រាចាក់វ៉ាក់សាំងសកលក៏នឹងដើរតួនាទីក្នុងការងើបឡើងវិញនៃវិស័យទេសចរណ៍និងសេដ្ឋកិច្ចផងដែរ។
ជាមួយគ្នានេះវិស័យអចលនទ្រព្យអាចនឹងងើបឡើងវិញដែរ ដោយមាននិន្នាការស្រដៀងគ្នានឹងវិស័យឧស្សាហកម្មសំណង់។
សេចក្ដីប្រកាសព័ត៌មានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ដែលចេញផ្សាយកាលពីថ្ងៃទី២៨ ខែមេសា អោយដឹងថា បើតាមការព្យាករណ៍ សេដ្ឋកិច្ចកម្ពុជាអាចនឹងកើនឡើងវិញចំនួន ៤% ក្នុងឆ្នាំ២០២១ និងជាង ៥% ក្នុងឆ្នាំ២០២២៕